កម្ពុជា ហុងគ្រី ​ចុះ​ក

ភ្នំពេញៈ ​ប្រទេស​កម្ពុជា និង​ហុងគ្រី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ មួយ​ដើម្បី​ជំរុញ​ការ​វិនិយោគ​ ខណៈ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​មាន​កម្រិត​ទាប​បំផុត។

កិច្ច​ព្រម​ព្រៀង​នេះ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ​សុខ ​ចិន្តា​សោភា​ អគ្គ​លេខាធិការ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក Peter Szijjarto រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ហុងគ្រី​នៅ​ទីស្តី​ការ​ក្រសួង​ការ​បរទេស។

លោក សុខ​ ចិន្តាសោភា ​ថ្លែង​ថា ​ទំនាក់​​ទំនង​ពាណិជ្ជ​កម្ម ​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ទំហំ​តិច​តួច​នៅ​ឡើយ​ទេ ហេតុ​ដូច្នេះ​ហើយ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​បន្ថែម​ទៀត​សម្រាប់​ប្រទេស​ទាំង​ពីរ។

លោក​បាន​ថ្លែង​ថា​៖ «​យើង​នៅ​មាន​ទំនាក់​ទំនង​មិន​ទាន់​ច្រើន​ទេ។ ការ​ធ្វើ​ដំណើរ​នេះ ​[ទស្សន​​កិច្ច] ​បើក​ផ្លូវ​ឲ្យ​កាន់​តែ​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ​និង​វិនិយោគ​»។

លោក​ Peter​ Szijjarto លើក​ឡើង​ថា ​កំណើន​សេដ្ឋ​កិច្ច​ដ៏​រឹង​មាំ​របស់​កម្ពុជា​ប្រមាណ​៧​ភាគរយ​ក្នុង​រយៈ​ពេល​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​ហុង​គ្រី​មាន​ចំណាប់​អារម្មណ៍​ ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ជា​មួយ​កម្ពុជា។

លោក​ថ្លែង​ថា​៖ «យើង​នឹង​ធ្វើ​ការ​ងារ​រួម​គ្នា​ឲ្យ​បាន​ខ្លាំង​ក្លា​ដើម្បី​ពង្រឹង​កិច្ច​ សហ​ប្រតិបត្តិការ​នេះ។ ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​គឺជា​មូល​ដ្ឋាន​គ្រឹះ​មួយ​»។

បើ​តាម​លោក Peter Szijjarto​ ហុងគ្រីង​​បាន​បើក​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​មួយ​នៅ​កម្ពុជា​កាល​ពី​ ម្សិល​មិញ ​ដើម្បី​ជួយ​សម្រួល​ និង​ជំរុញ​ដល់​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ប្រទេស​ទាំង​ពីរ​។

លោក​បាន​​បន្ត​​ថា ​ធនាគារ​នីហរ័ណ​អាហរ័ណ​ហុងគ្រី ត្រៀម​ផ្តល់​ឥណទាន​ ២៧ ​លាន​ដុល្លារ​ ដើម្បី​សម្រប​សម្រួល​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ពាណិជ្ជកម្ម​រវាង​ ក្រុមហ៊ុន​កម្ពុជា ​និង​ហុងគ្រី​។ ​លោក​បាន​បន្ថែម​ថា ប្រទេស​ហុងគ្រី​បាន​កំណត់​វិស័យ​​កសិកម្ម ​ឧស្សាហកម្ម​ម្ហូប​អាហារ ​ឱសថ ​ព័ត៌មាន​វិទ្យា និង​វិទ្យាសាស្រ្ត​វិស្វកម្ម​សម្រាប់​ការ​វិនិយោគ។

លោក​ ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ថា ​ហុង​គ្រី​អាច​ជា​ទីផ្សារ​នាំ​ចេញ​សម្រាប់​ទំនិញ​មួយ​ចំនួន​របស់​កម្ពុជា​ ដូច​ជា​ សម្លៀក​បំពាក់​ ស្បែក​ជើង ពិសេស​អង្ករ ​និង​ផ្លែ​ឈើ​ ហើយ​វិស័យ​ទេស​ចរណ៍​កម្ពុជា​ក៏​មាន​សក្តានុពល​ទាក់​ទាញ​ភ្ញៀវ​ពី​ហុង​គ្រី​ ផង​ដែរ៕

 

14 January 2016

From: Postkhmer


Leave a Comment