កម្ពុជា ​គួរ​ងាក​ទៅ​វិនិយោគ​ថាមពល​កកើត​ឡើង​វិញ

ភ្នំពេញៈ ការ​សិក្សា​មួយ​បង្ហាញ​ថា កម្ពុជា​ដែល​ពឹង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​ទ្រង់ទ្រាយ​ធំ និង​រោងចក្រ​ថាមពល​ធ្យូង​ថ្ម គួរ​តែ​សម្លឹង​មើល​ការ​ធ្វើ​ពិពិធកម្ម​លើ​ថាមពល​កកើត​ឡើង​វិញ​សុវត្ថិភាព និង​មិន​មែន​ជា​ទំនប់​វារី​អគ្គិសនី​ដែល​ផ្ដល់​ការ​បង្ក​ការ​ខូច​ខាត​ដល់​ សង្គម និង​បរិស្ថាន​។

នៅ​ក្នុង​របាយការណ៍​មាន​ចំណង​ជើង​ថា​៖ «​ការ​ផ្លាស់​ប្តូរ​ស្ដីពី​ផ្លូវ​របស់​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​រក​ សុវត្ថិភាព​ថា មពល​ប្រកប​ដោយ​ស្ថិរភាព​» ក្រុមហ៊ុន​វិនិយោគ​ដៃ​គូ​យុទ្ធសាស្ដ្រ​មេគង្គ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​ពឹង​ស្ទើរតែ​ទាំងអស់​លើ​ទំនប់​វារី​អគ្គិសនី​ដែល​មាន​ ស្រាប់​និង​ស្ថានីយ​ថាមពល​ដំណើរ​ការ​ដោយ​ធ្យូង​ថ្ម​ក្នុង​ការ​សម្រេច​បាន​ ទិសដៅ​អគ្គិសនី​ដល់​ភូមិ​តាម​ជនបទ ១០០ ​ភាគរយ​ត្រឹម​ឆ្នាំ​ ២០២០​។

វា​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវ​ពិចារណា​លើ​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​ បច្ចេកវិទ្យា​ថាមពល​កកើត​ឡើង​វិញ​ដែល​មិន​មែន​ជា​ទំនប់​វារី​អគ្គិសនី​ដែល​ នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​ត្រូវ​បន្ត​សុវត្ថិភាព​ថាមពល ខណៈ​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​កំពុង​កើន​ឡើង ភាព​ទុក​ចិត្ត​បាន និង​តម្លៃ​សមរម្យ​។

របាយការណ៍​បន្ត​ថា​៖ «​ការ​ចំណាយ​លើ​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើង​វិញ​ដែល​កំពុង​ធ្លាក់​ចុះ​យ៉ាង ​រហ័ស​មាន​ន័យ​ថា កម្ពុជា​អាច​ពង្រឹង​ការ​ចំណាយ​ប្រកប​ដោយ​សុវត្ថិភាព​នៃ​ថាមពល​អគ្គិសនី​របស់ ​ខ្លួន​តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ដល់​ការ​វិនិយោគ​ទំនប់​វារី​ អគ្គិសនី​ទ្រង់ទ្រាយ​ធំ ការ​បង្កើត​ថាមពល​ហ្វូស៊ីល និង​ការ​បង្កើន​ការ​វិនិយោគ​ខាង​បច្ចេក​វិទ្យា​បន្ទះ​ស្រូប​ពន្លឺ​ព្រះ​ អាទិត្យ និង​បច្ចេក​វិទ្យា​ជីវម៉ាស់​»​។

ជា​រួម​តម្រូវ​ការ​អគ្គិសនី​របស់​កម្ពុជា​បាន​និង​កំពុង​កើន​ឡើង​ប្រហែល​ ២០​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ដោយ​សារ​កំណើន​សេដ្ឋកិច្ច និង​ការ​ពង្រីក​អគ្គិសនី​ជាតិ​ដែល​នឹង​ធ្វើ​ឲ្យ​អាច​ប្រើប្រាស់​បាន​ដល់​ ប្រជាជន​កាន់​តែ​ច្រើន​។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ការ​វិនិយោគ​នៅ​ក្នុង​ថាមពល​កកើត​ឡើង​វិញ​មិន​មែន​ជា​ទំនប់​វារី​អគ្គិសនី​ មាន​តែ​ ៣៥ ​មេហ្គាវ៉ាត់ (MW) តែ​ប៉ុណ្ណោះ​នៃ​សមត្ថភាព​ការ​ផលិត​អគ្គិសនី​ប្រហែល ១ ៦០០ MW របស់​ប្រទេស​នេះ​។

ការ​សិក្សា​ដែល​ធ្វើ​ឡើង ដោយ​ក្រុម​ប្រឹក្សា​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព (NCSD) បាន​រក​ឃើញ​ថា វារី​អគ្គិសនី​ទ្រង់ទ្រាយ​ធំ និង​រោងចក្រ​ផលិត​ថាមពល​ធ្យូង​ថ្ម​បច្ចុប្បន្ន​ផ្ដល់​ថាមពល​អគ្គិសនី​ក្នុង​ តម្លៃ​ចន្លោះ​ពី​ ០,០៨​ ដុល្លារ ដល់​ ០,១១​ ដុល្លារ​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង​។

លោក ទិន ពន្លក អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ស្ថិរភាព បាន​ថ្លែង​ថា កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ក្រៅពី​ប្រភព ​វារី​អគ្គិសនី ខណៈ​តម្លៃ​នៅ​ក្នុង​ការ​ដំឡើង​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​កំពុង​បន្ត​ធ្លាក់​ ចុះ​ដែល​រដ្ឋាភិបាល​អាច​ចាប់​យក​ឱកាស​នេះ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា របាយការណ៍​នេះ​គឺ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​សម្រាប់​ការ​ពិចារណា​របស់​ រដ្ឋាភិបាល​។

លោក​បន្ត​ថា​៖ «​នេះ​គឺ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​សម្រាប់​ការ​វាយ​តម្លៃ ហើយ​ព័ត៌មាន​លម្អិត​នឹង​ពិភាក្សា​នៅ​ពេល​ក្រោយ ដោយ​សារ​តែ​យើង​ចាំបាច់​ត្រូវ​សិក្សា​បន្ថែម​ទៀត​លើ​សេដ្ឋកិច្ច ផល​ប៉ះពាល់​បរិស្ថាន​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​គោល​នយោបាយ​នេះ​»។

លោក គង់ ផារិទ្ធ អគ្គ​នាយក​ក្រុមហ៊ុន L.M.B (Cambodia) group co.,Ltd បាន​ថ្លែង​ថា វិស័យ​ឯកជន​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ពេល​មាន​គោល​នយោបាយ​ដែល​បាន​អនុម័ត​ពី​ រដ្ឋាភិបាល​។

លោក​ថ្លែង​ថា​៖«​សំណួរ​គឺថា​តើ​វា​បើក​ចំហ​សម្រាប់​ឯកជន ឬ​អត់​។ វិនិយោគិន​ជាច្រើន​កំពុង​រង់ចាំ​គោល​នយោបាយ​រដ្ឋាភិបាល​»​។

លោក​បន្ត​ថា​៖ «​ប្រសិន​បើ​យើង​គិត​អំពី​តម្លៃ សូម្បី​តែ​ប្រេង​ទាប​ដូច​នៅ​បច្ចុប្បន្ន ក៏​យើង​ឃើញ​ថាមពល​ស្រូប​ពន្លឺ​ព្រះអាទិត្យ​នៅ​តែ​ទាប ហើយ​ការបង្ក​ការ​ខូច​ខាត​ដល់​បរិស្ថាន​គឺ​កាន់​តែ​ទាប​»​។

លោក​ថ្លែងថា​៖ «​ការ​ដំឡើង​មិន​ថ្លៃ​ទេ មាន​ទីកន្លែង​គ្រប់​គ្រាន់ អ្វី​ដែល​ខ្វះខាត​គឺ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បើក​ចំហ​សម្រាប់ ​វិស័យ​ឯកជន​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ គោល​នយោបាយ​នោះ​ធានា​ឲ្យ​ប្រាកដ​ថា ប្រជាជន​នឹង​ទិញ​ថាមពល​ពី​ក្រុមហ៊ុន​ផលិត​ថាមពល​កកើត​ឡើង​វិញ ដែល​តម្លៃ​គឺ​ដូចគ្នា​នឹង​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​»​។

លោក​បន្ត​ថា​៖ «​យើង​នឹង​ឯកភាព​តម្លៃ​ដូច​គ្នា​នឹង​រដ្ឋាភិបាល ដែល​ទិញ​ពី​ប្រទេស​ថៃ វៀតណាម និង​ថាមពល​វារី​អគ្គិសនី​របស់​ចិន​»។

លោក ខៀវ មុត រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន បាន​លើក​ឡើង​នៅ​អំឡុង​សិក្ខា​សាលា​ថា កម្ពុជា​កំពុង​មាន​កំណើន​តម្រូវការ​អគ្គិសនី​ ២០ ​ភាគរយ ​ក្នុង​មួយ​ឆ្នាំ ​ដើម្បី​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​។

លោក​បន្ត​ថា កម្ពុជា​ ក៏​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ផង​ដែរ​ដើម្បី​ជំរុញ​ថាមពល​កកើត​ឡើង​វិញ ​ដែល​រួម​មាន​ប្រព័ន្ធ​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ ២០ ០០០ ស្ថិត​ក្រោម​មូលនិធិ​អគ្គិសនី​ជនបទ និង​ត្រូវ​គេ​រំពឹងថា​នឹង​សម្រេច​បាន ២ ៥០០ ក្នុង​ឆ្នាំ​ ២០១៨​។

កម្ពុជា​ ផលិត​បាន​ថាមពល​ ១ ៥៦៩​ មេហ្គាវ៉ាត់ ​កាលពី​ឆ្នាំ​ ២០១៥ ​ដែល​មាន​ចំនួន ​៧៤,២ ​ភាគរយ ​នៃ​ថាមពល​ដែល​កំពុង​ប្រើប្រាស់​សរុប ក្នុង​ចំនួន​នោះ ថាមពល ៩២៧ ​មេហ្គាវ៉ាត់​បាន​ពី​ទំនប់​វារី​អគ្គិសនី ថាមពល ​៣៦៨ ​មេហ្គាវ៉ាត់ ​បាន​ពី​ធ្យូង​ថ្ម ថាមពល​ ២១៨ ​មេហ្គាវ៉ាត់​បាន​ពី​ប្រេង​ឥន្ធនៈ ថាមពល​ ១៦ ​មេហ្គាវ៉ាត់​បាន​ពី ​ជីវម៉ាស់ និង​ថាមពល​ដែល​នៅ​សល់​បាន​ពី​អគ្គិសនី​ឯកជន​៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment