ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​មក​ កម្ពុជា​ នឹង​កើន​នៅ​ឆ្នាំ​ ២០១៦

ភ្នំពេញៈ ចរាចរណ៍​អ្នក​ដំណើរ​តាម​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទាំង​ ៣ ​របស់​កម្ពុជា ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​នៅ​ឆ្នាំ​នេះ ទោះបីជា​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​ នឹង​ជំរុញ​ឲ្យ​ទេសចរ​ចិន​នឹង​រឹតត្បិត​ការ​ចំណាយ​របស់​ពួក​គេ​ក៏​ដោយ។

លោក ខែក នរិនដា នាយក​ទំនាក់​ទំនង​នៅ​ក្រុមហ៊ុន​កម្ពុជា អ៊ែរផត ជា​ការ​វិនិយោគ​រួម​រវាង​វិនិយោគិន​បារាំង និង​ម៉ាឡេស៊ី​ដែល​បាន​ប្រតិបត្តិការ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ទាំង ៣​ របស់​កម្ពុជា បាន​ថ្លែង​ថា ក្រុមហ៊ុន​ព្យាករ​កំណើន​រួម​គ្នា​លើ​ចរាចរ​របស់​អ្នក​ដំណើរ​នៅ​ក្នុង​អាកាស​ យាន​ដ្ឋាន​ទាំង ​៣​ ដែល​នឹង​កើន​ឡើង​ដល់​ ៧​ ភាគរយ​នៅ​ឆ្នាំ​ ២០១៦។

លោក​ថ្លែង​ថា៖ «កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការ​កើន​ឡើង​នេះ​ គឺ​ដោយ​សារ​កំណើន​ពីរ​ខ្ទង់​នៅ​ក្នុង​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ និង​ក្រុង ​ព្រះសីហនុ»។

លោក​បន្ត​ថា៖ «ចរាចរណ៍​នៅ​ព្រលាន​យន្ត​ហោះ​សៀមរាប​អាច​ធ្លាក់​ចុះ​ដោយ​សារ​ការ​ធ្លាក់​ចុះ ​នៅ​ពេល​ថ្មីៗ​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ»។

ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​បាន​អ្នក​ដំណើរ​ ៣ ​លាន​នាក់​កាល​ពី​ឆ្នាំ​មុន កើន​ឡើង​ឆ្នាំ​ ២០១៤ ចំនួន ១៥,៥​ ភាគរយ។ នេះ​បើ​យោង​តាម​លោក ពេជ្រ សុប៉ុន​តារា​ប្រធាន​ពង្រីក​ការ​ហោះ​ហើរ​នៅ​ក្រុមហ៊ុន​កម្ពុជា អ៊ែរផត។

លោក​បន្តថា អ្នក​ដំណើរ​ជាង​ ៣,២ ​លាន​នាក់​បាន​ឆ្លង​កាត់​ព្រលាន​យន្ត​ហោះ​សៀមរាប កាល​ពី​ឆ្នាំ​មុន។ ផ្ទុយ​ទៅ​វិញ ព្រលាន​យន្ត​ហោះ​ខេត្ត​ព្រះសីហនុ បាន​មើល​ឃើញ​ការ​កើន​ឡើង​ ១១៨​ ភាគរយ។ ព្រលាន​យន្ត​ហោះ​នេះ​បាន​ទទួល​ជើង​ហោះ​ហើរ​ជាច្រើន​កាលពី​ឆ្នាំ​២០១៥ ដែល​ចំនួន​អ្នក​ដំណើរ​កើន​ឡើង​ពី​ ៥១ ០០០​ នាក់​កាល​ពី​ឆ្នាំ​ ២០១៤ ដល់ ​៩៤ ០០០ ​នាក់។

លោក​បន្ថែម​ថា ចំនួន​អ្នក​ដំណើរ​ច្រើន​ជាង​គេ​គឺ​មក​ពី​ចិន។ ជនជាតិ​ចិន​ប្រមាណ​ ៤៨០ ០០០​ នាក់​បាន​ទស្សនា​កម្ពុជា​កាល​ពី​ឆ្នាំ ​២០១៥ កើន​ឡើង​ ២៧​ ភាគរយ​បើ​ធៀប​ពី​ឆ្នាំ​មុន។

កំណើន​ភ្ញៀវទេសចរ​ចិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​កាលពី​ឆ្នាំ​ ២០១៥ ដោយ​សារ​តែ​ទំនាក់​ទំនង​ល្អ​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ភ្នំពេញ។ នេះ​បើ​យោង​តាម​លោក ហូ វណ្ឌី ទីប្រឹក្សា​សភា​ពាណិជ្ជកម្ម​កម្ពុជា។

ចំនួន​ទេសចរ​ចិន​ទៅ​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ​ទៅ​មាន​ជាង​ ១០៩ ​លាន​នាក់ ដែល​ចំណាយ​ប្រាក់​សរុប​ចំនួន ​២២៩​ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ការ​អង្កេត​របស់ GfK ដែល​ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​មុន។

លោក ហូ វណ្ឌី លើក​ឡើង​ថា៖ «ភ្ញៀវ​ទេសចរ​ចិន​មាន​សក្ដានុពល​នាំ​មុខ​ទេសចរ​វៀតណាម​ជា​ទេសចរ​បរទេស​លេខ ១ ដែល​មក​កម្ពុជា​នៅ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ក្រោយ»។ លោក​ប៉ាន់​ប្រមាណ​ថា ជនជាតិ​វៀត​ណាម​ជាង ៩០០ ០០០​ នាក់​បាន​ទស្សនា​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥។

លោក​បន្ត​ថា​បញ្ហា​សេដ្ឋកិច្ច​ចិន​នឹង​មិន​ប៉ះពាល់​ដល់​ការ​មក​ទស្សនា​របស់​ជន​ជាតិ​ចិន​មក​កម្ពុជា​ទេ។

លោក​ថ្លែង​ថា៖ «ទោះ​បី​ជា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុង​ធ្លាក់​ចុះ​បន្តិច​ក៏​ដោយ វា​នឹង​មិន​ប៉ះពាល់​ដល់​ផែនការ​ធ្វើ​ដំណើរ​របស់​ជនជាតិ​ចិន ឬ​ទំហំ​នៃ​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន​នៅ​ក្នុង​កម្ពុជា​នោះ​ទេ​»។

លោក​បន្ថែម​ថា៖ «បើ​យើង​ប្រៀបធៀប​ទំហំ​វិនិយោគ​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា នឹង​ការ​វិនិយោគ​របស់​ជន​ជាតិ​ចិន​នៅ​ប្រទេស​ចិន វា​គ្រាន់​តែ​ចំនួន​តូច​ប៉ុណ្ណោះ»។

ខណៈ​ចរាចរណ៍​របស់​អ្នក​ដំណើរ​បន្ត​កើន​ឡើង ក្រុមហ៊ុន​អាកាស​ចរណ៍​កំពុង​ពង្រីក​ការ​តភ្ជាប់​របស់​ពួក​គេ​មក​ប្រទេស​កម្ពុជា។

ព្រលាន​យន្ត​ហោះ​អន្តរជាតិ​៣​របស់​កម្ពុជា​បាន​កត់ត្រា​ការ​ចរាចរណ៍​ជើង​ ហោះ​ហើរ​ជាង ៧០ ០០០ ​ជើង​ កាលពី​ឆ្នាំ​ទៅ កើន​ឡើង ​៩,១​ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៤៕

ថ្ងៃទី២០ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment