កំណើន​លក់​រថយន្ត​នៅ ​កម្ពុជា ​កំពុង​ដាក់​សម្ពាធ​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់

ភ្នំពេញៈ​ អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​បាន​ឲ្យ​ដឹង​ថា ​ការ​កើន​ឡើង​ប្រាក់​ចំណូល​កំពុង​ជំរុញ​ដល់​កំណើន​លក់​រថយន្ត​ថ្មី​ និង​រថយន្ត​ប្រើប្រាស់​រួច​នៅ​កម្ពុជា​ ដែល​បាន​ដាក់​សម្ពាធ​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ដែល​នៅ​មាន​ កម្រិត​នៅ​ឡើយ​របស់​កម្ពុជា​។

លោក Peter Brongers ប្រធាន​សហព័ន្ធ​ឧស្សាហ​កម្ម​រថយន្ត​កម្ពុជា​​( CAIF)​ បាន​ឲ្យ​ដឹង​ថា​ការ​នាំ​ចូល​រថយន្ត​ថ្មី​ និង​រថ​យន្ត​ប្រើ​ប្រាស់​រួច​បាន​កើន​ឡើង​ជាង​ ១០ ​ភាគរយ​កាល​ពី​ឆ្នាំ​មុន​ដល់​ ៥៥ ០០០ ​គ្រឿង ហើយ​រំពឹង​ថា​អាច​នឹង​កើន​ឡើង​ ១០ ​ភាគរយ​ទៀត​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​។

លោក​ថ្លែង​ថា​​៖ «​ដំបូង​ប្រជាជន​កម្ពុជា​កំពុង​ទទួល​បាន​ជីវភាព​ធូរធារ កាន់​តែ​ច្រើន​ឡើង​ៗ​ដែល​អាច​ទិញ​រថយន្ត​បាន​»​។

លោក​បន្ត​ថា​៖ «មាន​ការ​បារម្ភ​ផង​ដែរ​ថា​ ប្រសិន​បើ​ពួក​គេ​រង់ចាំ​រយៈ​ពេល​យូរ​តម្លៃ​នឹង​កើន​ឡើង​»​។

លោក ​Brongers ​បញ្ជាក់​ថា​ ​កំណើន​យ៉ាង​រហ័ស​នៃ​ការ​កាន់​កាប់​រថយន្ត​កំពុង​ដាក់​សម្ពាធ​លើ​បណ្ដាញ​ ផ្លូវ​ថ្នល់​របស់​ប្រទេស​នេះ​ ដែល​រដ្ឋាភិបាល​កំពុង​ដំណើរ​ការ​យ៉ាង​រហ័ស​ក្នុង​ការ​បង្កើន​មូលនិធិ​ដើម្បី ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ ទិសដៅ​ងាយ​ស្រួល​បំផុត​គឺ​រថយន្ត​ថ្មី​លក់​នៅ​​ក្នុង​ក្រុម​ហ៊ុន ដែល​មាន​អាជ្ញា​ប័ណ្ណ​ស្ថិត​នៅ​ក្រោម​តម្លៃ​ពន្ធ​ខ្ពស់​រួច​ហើយ​។ នេះ​បាន​បង្កើត​អត្ថ​ប្រយោជន៍​មិន​យុត្តិធម៌​សម្រាប់​ក្រុម​ហ៊ុន​ចែក​ចាយ​ រថយន្ត​ប្រើ​ប្រាស់​រួច​ ដែល​បន្ត​គ្រប​ដណ្ដប់​​លើ​ការ​​លក់​រថយន្ត​ ខណៈ​​ការ​បង់​ពន្ធ​តែ​មួយ​ផ្នែក​នៃ​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​ថ្មី​ ប៉ុណ្ណោះ​។

លោក​ថ្លែងថា ​ភាព​ខុស​គ្នា​បន្ត​កើន​ឡើង​ ជា​មួយ​នឹង​ពន្ធ​ដែល​មាន​ស្រាប់​​នឹង​កើន​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​។ ​លោក​បន្ត​ថា​៖ «​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​សម្លឹង​មើល​ក្នុង​ការ​បង្កើន​ពន្ធ​រថយន្ត​ ពិសេស​ចាប់​ពី ​៥០ ​ភាគរយ​ដល់​ ៦០​ ភាគរយ»។

ការ​បង្កើន​ពន្ធ​ ដែល​បាន​គ្រោង​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​មេសា​ នឹង​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ការ​ពិបាក​សម្រាប់​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​ ដែល​មាន​ច្បាប់​អនុញ្ញាត​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ក្រុម​ហ៊ុន​ចែក​ ចាយ​រថយន្ត​ក្នុង​ទីផ្សារ​ក្រៅ​ផ្លូវ​ការ​។

លោក Brongers ​បាន​ថ្លែង​ថា​៖ «​រដ្ឋា​ភិបាល​ចាំបាច់​ត្រូវ​ចាត់​វិធាន​ការ​ និង​បន្ទាប​តម្លៃ​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​ និង​ជំនួស​មក​វិញ​នឹង​ពន្ធ​ផ្លូវ ដូច​ដែល​ [គេ​បាន​អនុវត្ត​] នៅ​ក្នុង​ប្រទេស​វៀតណាម​»​។

បើ​ទោះ​បី​ជា​មាន​វិសម​ភាព​នេះ​ក៏​ដោយ ​ក៏​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​ដែល​មាន​ច្បាប់​អនុញ្ញាត​បាន​ទទួល​ជោគ​ជ័យ​ នៅ​ក្នុង​ការ​បង្កើន​អាជីវកម្ម​របស់​ពួក​គេ​។ លោក​ Brongers ​បាន​ប៉ាន់​ប្រមាណ​ថា ការ​លក់​រថយន្ត​ថ្មី​បាន​កើន​ឡើង​៧​ភាគរយ​កាល​ពី​ឆ្នាំ​មុន​រហូត​ដល់​ចំនួន​ សរុប​ប្រហែល ៤ ០០០​គ្រឿង​។

RMA Cambodia ដែល​ជា​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត Ford បាន​កើន​ឡើង​ខ្លាំង​កាល​ពី​ឆ្នាំ ​២០១៥។ ​នេះ​បើ​យោង​តាម​​លោក ប៉ាវ រតនា ប្រធាន​​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុម​ហ៊ុន។

លោក​បាន​ថ្លែងថា ​ការ​លក់​រថយន្ត​បាន​​កើន​ឡើង​ ៣០​ ភាគ​រយ​​ កាល​ពី​ឆ្នាំ​មុន បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤​ ដែល​លោក​បាន​សន្មត​ពី​ភាព​ខុស​គ្នា​របស់​យីហោ​ ភាព​ត្រូវ​គ្នា​ជាមួយ​នឹង​ស្ថានភាព​ផ្លូវ​ថ្នល់​ និង​ភាព​ប្រែ​ប្រួល​របស់​កម្ពុជា​។

លោក​បន្ត​ថា​៖ «​យើង​បាន​បង្កើត​វត្តមាន​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ​​ហើយ​​ការ​លក់​របស់​យើង​កំពុង​​កើន​ឡើង​​នៅ​អត្រា​​ប្រចាំ​ឆ្នាំ​គួរ​​​ឲ្យ ​ពេញ​ចិត្ត​»​។ ​

លោក​​បាន​​បន្ត​ថា​៖ «​ជា​មួយ​គ្នា​នេះ​ដែរ​ យើង​កំពុង​ពង្រីក​ទៅ​កន្លែង​ផ្សេង​ទៀត​នៅ​កម្ពុជា​ ដោយ​បន្ថែម​វត្ត​មាន​របស់​យើង​នៅ​ទី​ក្រុង​ភ្នំពេញ​ និង​សៀមរាប​​ ដើម្បី​ផ្ដល់​សេវា​ថែទាំង​ដល់​អតិថិជន​របស់​យើង»។

លោក​បាន​ប៉ាន់​ប្រមាណ​ថា ​ការ​លក់​នឹង​កើន​ឡើង​យ៉ាង​ហោច​ណាស់​​៣០​ភាគ​រយ​​បន្ថែម​​ទៀត​​នៅ​ឆ្នាំ​នេះ តាម​រយៈ​បណ្ដាញ​ដែល​បាន​ពង្រីក​របស់​ក្រុម​ហ៊ុន​។

ទន្ទឹម​នឹង​នេះ​ដែរ លោក Pily Wong អគ្គ​នាយក​ក្រុម​ហ៊ុន​ Hung Hiep ​ដែល​ជា​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​របស់​ក្រុម​ហ៊ុន​ Volkswagen បាន​សន្មត​ថា ការ​​លក់​ដែល​កំពុង​កើន​ឡើង​ក្នុង​​ក្រុម​ហ៊ុន​របស់​លោក ​គឺ​រថយន្ត​ថ្មី​ដោយ​សារ​តែ​ជម្រើស​នៃ​ការ​ទូទាត់​កាន់​តែ​មាន​ភាព​ងាយ​ ស្រួល​។

លោក​បាន​បន្ត​ថា​៖ «​ទី​ផ្សារ​របស់​យើង​បាន​រួម​ចំណែក​ដល់​ការ​លក់។ យើង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​​កម្ចី​​មិន​យក​ការ​ប្រាក់​ថ្មី​ ហើយ​កម្ម​វិធី​នេះ​បាន​ទទួល​ជោគ​ជ័យ​ខ្លាំង ដោយ​សារ​តែ​ខ្ញុំ​មើល​ឃើញ​របៀប​ដែល​ប្រជាជន​ជាច្រើន​ទិញ​រថយន្ត​ដោយ​ប្រើ​ ប្រាស់​កម្ម​វិធី​កម្ចី​មិន​យក​ការ​ប្រាក់​របស់​យើង​»។

ខណៈ​ដែល​លោក Wong ​បាន​បដិសេធ​ផ្ដល់​តួ​លេខ​លក់ លោក​បាន​ព្យាករ​ថា​ កា​រលក់​រថយន្ត​នឹង​បន្ត​កើន​ឡើង​នៅ​ឆ្នាំ​​ ២០១៦ ​ប្រសិន​បើ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​​ក្នុង​ការ​គាំទ្រ​ដល់​ឧស្សាហកម្ម​ នេះ​។​

​​លោក​បាន​ថ្លែង​ថា​៖ «​យើង​​បាន​លើក​ឡើង​​បញ្ហា​ជា​ច្រើន​ជា​មួយ​រដ្ឋាភិបាល​អំពី​ការ​ប្រកួត​ ប្រជែង​ដោយ​យុត្តិធម៌​ សុវត្ថិភាព​ផ្លូវ​ថ្នល់ បរិស្ថាន​ និង​ប្រភេទ​នៃ​ការ​​បារម្ភ​ទាំង​នេះ​។ យើង​បាន​ស្នើ​ដំណោះ​ស្រាយ​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​[ផង​ដែរ​]​»​៕

ថ្ងៃទី២០ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment