ក្រុមហ៊ុន​​ ឥណ្ឌា ​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​សួនកម្សាន្ត​នៅ​កម្ពុជា

ក្រុមហ៊ុន​​ ឥណ្ឌា ​បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​សួនកម្សាន្ត​នៅ​កម្ពុជា

ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ​ក្រុមហ៊ុន​ Pan India Paryatan Pvt. Ltd (PIPPL) ដែល​គ្រប់គ្រង​សួនកម្សាន្ត​ EsselWorld ​ឈាន​មុខ​គេ​របស់​ប្រទេស​ឥណ្ឌា​បាន​បង្ហាញ​ចំណាប់​​អារម្មណ៍​របស់​ខ្លួន​​ នៅក្នុង​ការ​វិនិយោគ​​សួនកម្សាន្ត​នៅ​កម្ពុជា។

ការ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​នេះ​ធ្វើ​ឡើង​​ក្នុង​អំឡុង​កិច្ចប្រជុំ​ រវាង​តំណាង​ក្រុមហ៊ុន​ជាមួយ​លោក​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​កាលពី​ សប្ដាហ៍​មុន​។

លោក ថោង ខុន ថ្លែង​ថា​ក្រុមហ៊ុន​ឥណ្ឌា​​មក​ដើម្បី​ស្រាវជ្រាវ​ពាណិជ្ជកម្ម​របស់​ពួកគេ​ ព្រម​ទាំង​ស្នើសុំ​យោបល់​ពី​ក្រសួង​​ស្ដីពី​ទីតាំង​ស្ថិរភាព​សម្រាប់​ ពាណិជ្ជកម្ម​ដូច​នោះ​។

លោក​ថ្លែង​ថា​ក្រសួង​​​ស្វាគមន៍​ដល់​ក្រុមហ៊ុន​នេះ​ និង​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​កម្សាន្ត​ដោយសារ​តែ ​កម្ពុជា​ពិត​ជា​ខ្វះ​សួន​កម្សាន្ត​ដូច​នោះ​។

លោក​បាន​​បន្ត​ថា​៖ «​រហូត​​មក​ដល់​ពេល​នេះ​យើង​បាន​ផ្ដល់​អនុសាសន៍​ដល់​ពួកគេ​​ឲ្យ​ពិនិត្យ​ លទ្ធភាព​ការ​វិនិយោគ​នៅ​ទីក្រុង​ភ្នំពេញ សៀមរាប​ និង​ក្រុង​ព្រះសីហនុ​។ យើង​មិន​មាន​សួនកម្សាន្ត​ធំ​នៅក្នុង​ប្រទេស​របស់​យើង​ទេ​។ យើង​ត្រូវការ​ការ​អភិវឌ្ឍ​​ផលិតផល​។ ក្រៅពី​ប្រាសាទ​យើង​​មិន​មាន​អ្វី​ផ្សេង​ទៀត​ទេ​»​។

លោក​បន្ត​ថា​ក្រុមហ៊ុន​នេះ​មិន​​បាន​បង្ហាញ​ទឹកប្រាក់​ចំនួន​ប៉ុន្មាន​ ដែល​ពួកគេ​ចង់​វិនិយោគ​ និង​ទីតាំង​នៅ​ឡើយ​ទេ​ដោយសារ​តែ​ពួកគេ​ត្រូវ​ការ​ពិចារណា​ និង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ​។

លោក Anand Lamdhade អនុប្រធាន​ក្រុមហ៊ុន PIPPL បាន​ថ្លែង​ក្នុង​អំឡុង​​កិច្ចប្រជុំ​មួយ​ជាមួយ​លោក ថោង ខុន ថា PIPPL ជា​ក្រុមហ៊ុន​ល្បី​ឈ្មោះ​ក្នុង​​ស្រុក​ និង​ក្នុង​តំបន់​មាន​បំណង​ពង្រីក​ពាណិជ្ជកម្ម​នៅ​ក្រៅ​ប្រទេស​ឥណ្ឌា​ហើយ​លោក ​បន្ថែម​ថា​កម្ពុជា​ជា​ឱកាស​មួយ​​ដ៏​មាន​សក្ដានុពល​ជាច្រើន​នៅក្នុង​តំបន់​ អាស៊ាន​ដែល​មិន​គ្រាន់តែ​វប្បធម៌​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​មាន​ទេសចរណ៍​ធម្មជាតិ​ទាក់ទាញ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ AKP៕

ថ្ងៃទី២៨ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment