ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ថា​ខ្លួន​ទទួល​បាន​ការ​យល់​ព្រម​ពី​អភិបាល​ខេត្ត​ចាស់

ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ថា​ខ្លួន​ទទួល​បាន​ការ​យល់​ព្រម​ពី​អភិបាល​ខេត្ត​ចាស់

ភ្នំពេញៈ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់​លោក គិត ម៉េង កាល​ពី​សប្តាហ៍​មុន​អះអាង​ថា ​ខ្លួន​ទទួល​បាន​ការ​យល់​ព្រម​ជា​មូលដ្ឋាន​ពី​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ​ ក្នុង​ការ​សាងសង់​ផែ​នៅ​តាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ដើម្បី​ជួយ​សម្រួល​ដល់​ សកម្មភាព​អភិវឌ្ឍ​របស់​ពួក​គេ​នៅ​លើ​កោះរ៉ុង​។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​។

សេចក្ដី​ថ្លែង​ការណ៍​ដែល​អមដោយ​លិខិត​យល់​ព្រម​ពីរ​បញ្ជាក់​ថា ការ​សាងសង់​ផែ​នេះ​គឺ​ស្រប​ច្បាប់ និង​មិន​មាន​ផល​ប៉ះពាល់​ណា​មួយ​ដល់ «​ផល​ប្រយោជន៍​ជាតិ ឬ​ប្រជាជន​នោះ​ទេ​»​។

លិខិត​មួយ​ក្នុង​ចំណោម​លិខិត​ទាំង​ពីរ​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី​ ២៤​ ខែ ​កក្កដា ឆ្នាំ​ ២០១៤ និង​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ឈិត សុខុន អតីត​អភិបាល​ខេត្ត បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​នេះ​ដំណើរការ​សាងសង់​ផែ​នេះ ប៉ុន្តែ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​ឲ្យ​ធ្វើ​ការ​សិក្សា​លើ​ផល​ប៉ះពាល់​បរិស្ថាន​ជាមួយ​ក្រសួង​ ជាប់​ពាក់ព័ន្ធ​ផង​ដែរ​។

ខណៈ​លិខិត​មិន​បាន​បញ្ជាក់​ពី​ទីតាំង​ផែ​ដែល​បាន​ស្នើ​ឡើង​នេះ លោក ឃិន រ៉េមី ជំនួយ​ការ​របស់​លោក​គិត ម៉េង បាន​ថ្លែង​ថា ពួក​គេ​កំពុង​អនុវត្ត​តាម​នីតិវិធី​ក្នុង​ការ​សាងសង់​ផែ​នេះ និង​ថា ការ​សាងសង់​ដំណើរការ​អស់​រយៈ​ពេល​យូរ​មក​ហើយ​។ លោក​ថ្លែង​ថា​៖ «​ការ​សាង​សង់​ត្រូវ​បាន​យល់​ព្រម​នៅ​តាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ ហើយ​បាន​ដំណើរ​ការ​ចាប់​តាំង​ពី​ការ​កាន់​តំណែង​របស់​លោក​អតីត​អភិបាល​ខេត្ត ​»​។

ប៉ុន្តែ លោក រ៉េមី មិន​បាន​អត្ថាធិប្បាយ​ថា​តើ​ក្រុមហ៊ុន​នឹង​ធ្វើ​អ្វី​ទៀត​ដើម្បី​ឆ្លើយ​តប​ នឹង​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​នោះ​ទេ លោក​គ្រាន់​តែ​បន្ថែម​ថា វា​ហាក់​ដូច​ជា​ការ​យល់​ច្រឡំ​ជាមួយ​លោក​អភិបាល​ថ្មី និង​គណៈកម្មាធិការ​ជាតិ​។

ការ​ឆ្លើយ​តប​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុមហ៊ុន​ក្នុង​ការ​ សាងសង់​ផែ​នេះ​។

លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ​បាន​ថ្លែង​ថា អតីត​អភិបាល​ខេត្ត បាន​យល់​ព្រម​ជា​គោល​ការណ៍​ដើម្បី​ធ្វើ​ការ​សិក្សា​ប៉ុណ្ណោះ មិន​មែន​សាងសង់​ផែ​នេះ​ទេ​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​ដឹង​ថា អតីត​អភិបាល​បាន​យល់​ព្រម​សម្រាប់​ការ​សិក្សា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មែន សម្រាប់​ការ​សាងសង់​ផែ​នេះ​ទេ​»​។ លោក​បន្ថែម​ថា ឆ្នេរ​អូរត្រេះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឆ្នេរ​គំរូ​ក្នុង​ការ​លើក​ កម្ពស់ និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា និង​ថា​មិន​មាន​ការ​សាង​សង់​នឹង​ត្រូវ​បាន​អនុញ្ញាត​នៅ​លើ​ឆ្នេរ​នេះ​ទេ​។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​យល់​ព្រម​ដែល​បាន​ផ្ដល់​ដោយ​អ្នក​គ្រប់​គ្រង​មុន​៕


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment