ក្រុម​អ្នក​វិភាគ​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន ​គំរាម​កំហែង​ប្រទេស​កំពុង​អភិវឌ្ឍន៍

ក្រុង​ប៉ារីសៈ ក្រុម​អ្នក​វិភាគ​បាន​រំឭក​ថា ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន នាំ​មក​នូវ​ហានិភ័យ​ធំៗ​ជាច្រើន​ចំពោះ​ទីផ្សារ​កំពុង​អភិវឌ្ឍន៍ ហើយ​ការ​ធ្លាក់​ចុះ​ពាណិជ្ជកម្ម​ពិភពលោក អាច​ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​ អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​ផង​ដែរ​។

រយៈពេល​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​អាជ្ញាធរ​ចិន បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា សេដ្ឋកិច្ច​ចិន​សម្រេច​បាន​កំណើន ៦,៩ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៥​ នោះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​រំឭក​ពី​ផល​ប៉ះពាល់​លើ​ប្រទេស​ផ្សេង​ទៀត ដែល​បង្ក​ឡើង​ដោយ​សារ​ការ​ធ្លាក់​ចុះ​ពាណិជ្ជកម្ម​ចិន​ខ្លាំង​ជាង​ការ​រំពឹង ​ទុក ខណៈ​មូលនិធិ​មួយ​នេះ បាន​ទម្លាក់​ការ​ព្យាករ​របស់​ខ្លួន​ស្តីពី​កំណើន​សេដ្ឋកិច្ច​សកល​នៅ​ឆ្នាំ ២០១៦​។

កាល​ពី​ឆ្នាំ​មុន​ប្រទេស​ចិន​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ទាប​បំផុត​ ក្នុង​រយៈពេល​២៥​ឆ្នាំ​។ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវ​ការ តែ​កម្រិត​កំណើន​នេះ មាន​កម្រិត​ខ្ពស់​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​ជាច្រើន​។

កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០១៥ ក៏​ស្ថិត​ក្នុង​ចន្លោះ​ទិសដៅ​កំណើន​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផង​ដែរ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​បំណង​កែ​តម្រូវ​សេដ្ឋកិច្ច​ចិន​ឲ្យ​ងាក​ ទៅ​រក​គំរូ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​កាន់​តែ​ខ្លាំង​។

ការ​ប្រកាស​ពី​កំណើន​សេដ្ឋកិច្ច​នេះ បាន​ជួយ​ធ្វើ​ឲ្យ​ទីផ្សារ​ស្ងប់ស្ងាត់ ដែល​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ដោយ​សារ​ការ​ភ័យខ្លាច​អំពី​សមត្ថភាព​របស់​អាជ្ញាធរ​ចិន ក្នុង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច បន្ទាប់ពី​ការ​ដោះស្រាយ​មិន​បាន​ល្អ​ចំពោះ​បញ្ហា​ផ្សារ​ហ៊ុន​របស់​ខ្លួន​។

លោក Jasper Lawler អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន CMC Markets UK បាន​ឲ្យ​ដឹង​ថា​៖ «​ការ​សម្រេច​បាន​តាម​ទិសដៅ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ ២០១៥ អាច​ជួយ​ប៉ះប៉ូវ​ក្តី​បារម្ភ​មួយ​ចំនួន​ថា ការ​គ្រប់គ្រង​មិន​បាន​ល្អ​របស់​អាជ្ញាធរ​ចិន​ចំពោះ​ផ្សារ​ហ៊ុន នឹង​ជះឥទ្ធិពល​លើ​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ឆ្នាំ ២០១៦»​។ តែ​ជា​ទូទៅ​ចក្ខុ​វិស័យ​ចំពោះ​សេដ្ឋកិច្ច​ចិន គឺជា​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ជា​បន្ត​។

IMF ពុំបាន​ទម្លាក់​ការ​ព្យាករ​របស់ខ្លួន​ស្តីពី​សេដ្ឋកិច្ច​ចិន ដែល​គេ​មើល​ឃើញ​ថា អាច​នឹង​ធ្លាក់​ចុះមក​នៅ ​៦,៣​ ភាគរយ​ក្នុង​ឆ្នាំ ២០១៦ ​នេះ​ទេ​។

​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក និង​ជា​ប្រទេស​ប្រើប្រាស់​ទំនិញ​ច្រើន​ជាង​គេ​មួយ​នេះ​អាច​ធ្វើ​ឲ្យ​តម្លៃ​ វត្ថុ​ធាតុ​ដើម​ធ្លាក់​ចុះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​មួយ​ចំនួន ដែល​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​ផលិតកម្ម និង​នាំ​ចេញ​។

លោក​ស្រី Christine Rifflart អ្នក​និពន្ធ​របាយការណ៍​អង្កេត​មួយ​ស្តីពី​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​នៅ​ ទីភ្នាក់ងារ French Economic Observatory ថ្លែងថា​៖ «​ប្រទេស​ផលិត​វត្ថុ​ធាតុ​ដើម កំពុង​ខាត​បង់​ច្រើន​រួច​ទៅ​ហើយ​ចំពោះ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន និង​ការ​ធ្លាក់​ចុះ​តម្លៃ​ទំនិញ ដែល​បង្កឡើង​ដោយ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន​នេះ​»៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment