ចិន-អុីរ៉ង់​ នឹង​បង្កើន​ពាណិជ្ជកម្ម​ដល់ ​$៦០០ ​ពាន់​លាន

ចិន-អុីរ៉ង់​ នឹង​បង្កើន​ពាណិជ្ជកម្ម​ដល់ ​$៦០០ ​ពាន់​លាន

ក្រុង​តេអេរ៉ង់ៈ ប្រទេស​ចិន និង​អុីរ៉ង បាន​រៀប​ចំ​ផែន​ការ​រយៈ​ពេល​២៥​ឆ្នាំ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ និង​ពង្រីក​ពាណិជ្ជកម្ម​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​មេ​ ដឹក​នាំ​ចិន ​ទៅ​កាន់​សាធារណរដ្ឋ​អ៊ិស្លាម​មួយ​នេះ​ក្នុង​រយៈ​ពេល​ ១៤ ​ឆ្នាំ។

លោក​ប្រធានាធិបតី​ ស៊ី ជីនភីង បាន​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​របស់​លោក​គឺ​លោក​ប្រធានាធិបតី​អុីរ៉ង់ Hassan Rouhani កាល​ពី​ថ្ងៃ​សៅរ៍ ពោល​គឺ​មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​លុប​ចោល​ទណ្ឌកម្ម​អន្តរ​ជាតិ​ប្រឆាំង​ ប្រទេស​អុីរ៉ង់​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ មេ​ដឹក​នាំ​ចិន​រូប​នេះ​គឺ​ជា​មេ​ដឹក​នាំ​ដំបូង​ក្នុង​ចំណោម​ប្រទេស​ចំនួន ៦​នេះ​ក្នុង​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្រ្ត​ ដែល​មក​ទស្សនា​ប្រទេស​អុីរ៉ង់។

ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​អ៊ិស្លាម​មួយ​នេះ បាន​រាយការណ៍​ថា លោក Rouhani ​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​ពេលវេលា​ដ៏​សំខាន់​នៃ​ទំនាក់​ ទំនង​រវាង​ប្រទេស​អុីរ៉ង់ និង​ចិន។

ទីភ្នាក់​ងារ​ព័ត៌មាន​អុីរ៉ង់​មួយ​នេះ បាន​រាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​ប្រធានា​ ធិបតី​ចិន​ក្នុង​រយៈ​ពេល​១៤​ឆ្នាំ។

លោក Rouhani បាន​ឲ្យ​ដឹង​ថា៖ «​ថ្ងៃ​នេះ​យើង​បាន​ពិភាក្សា​គ្នា​ពី​ទំនាក់​ទំនង​យុទ្ធសាស្រ្ត​រវាង​ប្រទេស ​ទាំង​ពីរ ដោយ​បង្កើត​ផែនការ​ធំ​រយៈ​ពេល​២៥​ឆ្នាំ​មួយ ហើយ​ក៏​កំពុង​លើក​កម្ពស់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រហូត​ដល់​ ៦០០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ»។

សារ​ព័ត៌មាន IRNA ​រាយការណ៍​ថា ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ និង​លិខិត​ចំនួន​១៧ រួម​ទាំង ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​វិនិយោគ និង​ពាណិជ្ជកម្ម​។

លោក Rouhani​ បន្ត​ថា កិច្ច​សន្យា​រយៈ​ពេល​វែង​ក្នុង​វិស័យ​ថាម​ពល និង​រុក​រក​រ៉ែ ក៏​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ។ ​អុីរ៉ង់ កំពុង​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ប្រចាំ​ឆ្នាំ​ចំនួន ៥០​ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ ៤០០​ពាន់​លាន​ដុល្លារ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​នេះ។

ប្រទេស​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​អុីរ៉ង់ ដោយ​បាន​ទិញ​ប្រេង​ពី​ប្រទេស​នេះ ខណៈ​ទណ្ឌកម្ម​ដោយ​សារ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ បាន​ទប់​ស្កាត់​គូ​ប្រជែង​របស់​ចិន​ ពោល​គឺ​អាមេរិក និង​អឺរ៉ុប​មិន​ឲ្យ​ចូល​ទីផ្សារ​អុីរ៉ង់។ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ មាន​ទំហំ​ស្មើ​នឹង ៥២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤ ហើយ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៤២​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​។

សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រទេស​នៅ​តំបន់​អឺរ៉ុប បាន​លុប​ចោល​ទណ្ឌកម្ម​ប្រេង និង​ហិរញ្ញវត្ថុ និង​បាន​បញ្ចេញ​ទ្រព្យ​សម្បត្តិ​ចំនួន​រាប់​ពាន់​លាន​ដុល្លារ​ បន្ទាប់​ពី​ក្រុម​អ្នក​អធិការកិច្ច​អន្តរ​ជាតិ បាន​សន្និដ្ឋាន​ថា ប្រទេស​អុីរ៉ង់ បាន​គោរព​តាម​កិច្ច​ព្រម​ព្រៀង​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។​

លោក ស៊ី​ បាន​មក​ដល់​ទីក្រុង​តេអេរ៉ង់​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​នៅ​ក្នុង​ដំណើរ​ ទស្សនកិច្ច​មក​កាន់​តំបន់​មជ្ឈិម​បូព៌ា​របស់​លោក។ លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អារ៉ាប៊ី សាអូ៊ឌីត​រួច​មក​ហើយ ដែល​ជា​គូ​ប្រជែង​ប្រចាំ​តំបន់​របស់​ប្រទេស​អុីរ៉ង់ និង​ជា​អ្នក​រិះ​គន់​យ៉ាង​ចាស់​ដៃ​ចំពោះ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ លោក ស៊ី បាន​ព្រម​ព្រៀង​លោក Rouhani ដើម្បី​ជួយ​សាង​សង់​ប្រព័ន្ធ​ផ្លូវ​ដែក​ល្បឿន​លឿន​របស់​អីុរ៉ង់ ដោយ​ចាត់​ទុកជា​ផ្នែក​មួយ​នៃ​កិច្ច​ផ្តួច​ផ្តើម «​ខ្សែ​មួយ និង​ផ្លូវ​មួយ» ដើម្បី​កសាង​ផ្លូវ​សូត​សម័យ​ទំនើប។

លោក​ ស៊ី​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​លោក Rouhani ថា ប្រទេស​ចិន​នឹង​សហការ​កសាង​ប្រព័ន្ធ​ផ្លូវ​ដែក​ល្បឿន​លឿន​រវាង​ទីក្រុង​ តេអេរ៉ង់​និង​ទីក្រុង Mashhad ព្រម​ទាំង​ផ្តល់​ហិរញ្ញប្បទាន​ចាំ​បាច់​សម្រាប់​គម្រោង​មួយ​ចំនួន​៕

ថ្ងៃទី២១៥ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment