ទី​សត្តឃាត​សម្លាប់​គោ​អូស្ត្រាលី​រួចរាល់​សម្រាប់​ប្រតិបត្តិការ​ផលិត

ទី​សត្តឃាត​សម្លាប់​គោ​អូស្ត្រាលី​រួចរាល់​សម្រាប់​ប្រតិបត្តិការ​ផលិត

ភ្នំពេញៈ បន្ទាប់ពី​ពន្យារពេល​ និង​ផ្អាក​ដំណើរការ​ផ្នែក​បច្ចេកទេស​ជាច្រើន​ដង​មក​ទីសត្តឃាត​ឧស្សាហកម្ម​ ដំបូង​​របស់​កម្ពុជា​​បាន​ត្រៀម​រួច​រាល់​ហើយ​ក្នុង​​ការ​ចាប់ផ្ដើម​​ ប្រតិបត្តិការ​។ នេះ​​បើ​យោង​តាម​​ក្រុមហ៊ុន​ដែល​​វិនិយោគ​លើ​គម្រោង​នេះ​ឲ្យ​ដឹង​កាលពី​ ម្សិលមិញ​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​ដំណើរការ​ផលិត​នឹង​ចាប់ផ្ដើម​​នៅ​​​ពេល​ការ​ នាំ​ចូល​គោ​រស់​អូស្រ្តាលី ២ ០០០ ក្បាល​លើក​ដំបូង​​​​នៅ​ចុង​ខែ​ឧសភា។

ក្រុមហ៊ុន​ចែកចាយ​សាច់​គោ​ក្នុង​ស្រុក​ SLN Meat Supply Pty Ltd ដែល​​ចាប់ផ្ដើម​ការ​សាងសង់​រោងចក្រ​លើ​ផ្ទៃដី​ ១១ ០០០​ ម៉ែត្រការ៉េ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​ ២០១៣ ​ដើម​​ឡើយ​​សង្ឃឹម​ថា​ទីសត្តឃាត​នេះ​នឹង​​​មាន​​ប្រតិបត្តិការ​ពេញលេញ​ត្រឹម ​ខែ​ឧសភា​ឆ្នាំ​ ២០១៥​។ ប៉ុន្តែ​គម្រោង​នេះ​បាន​ប្រឈម​នឹង​​ការ​ជម្នះ​បញ្ហា​រយៈពេល​វែង និង​​ការ​ពន្យារពេល​ជាច្រើន​ដង​។

លោក ហោ ស៊ីមលាង នាយក​គ្រប់គ្រង​ក្រុមហ៊ុន SLN ថ្លែង​ថា​៖ «​​មាន​បញ្ហា​បច្ចេកទេស​ច្រើន​ដែល​យើង​ត្រូវតែ​ជម្នះ​ឲ្យ​បាន​»​។ លោក​បន្ត​ថា​ក្រុមហ៊ុន​ដំបូង​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​ការ​ សាងសង់​រោងចក្រ​នេះ​​បាន​អូសបន្លាយ​​រហូត​ដល់​ ៦ ខែ​។ គម្រោង​​នេះ​ក៏​បាន​ជាប់​គាំង​នៅក្នុង​ការិយាធិបតេយ្យ​ដែល​រួម​​មាន​​ការ​ ពន្យារពេល​គួរ​ឲ្យ​ធុញទ្រាន់​​ក្នុង​​ឯកសារ​បញ្ជាក់​ពី​ប្រភព​ផលិតផល​ទំនិញ​ នៃ​ឧបករណ៍​ដែល​បាន​នាំ​ចូល​​​របស់​រោងចក្រ​នេះ​ជាពិសេស​​មាន​ប្រភព​មកពី​ ប្រទេស​អូស្ដ្រាលី​ និង​អាល្លឺម៉ង់​។

បន្ថែម​លើ​​នេះ​ក្រុមហ៊ុន​ SLN ត្រូវ​​តែ​ពិចារណា​ពី​លក្ខណ​ពិសេស​របស់​រោងចក្រ​ក្លាសេ្ស​របស់​ខ្លួន​ដើម្បី ​បង្កើន​ចំនួន​ទិសដៅ​ផលិត​ដែល​​បាន​កែតម្រូវ​។ លោក​​ លាង ថ្លែង​ថា​៖ «​សម្រាប់​ផ្នែក​ម៉ាស៊ីន​ក្លាស្សេ​យើង​ដឹង​ថា​យើង​​មិន​មាន​សមត្ថភាព​ អគ្គិសនី​ល្អ​នោះ​ទេ​។​ ពី​មុន​យើង​​បាន​​គ្រោង​ម៉ាស៊ីន​ក្លាសេ្ស​ថាមពល​ ១,៣ ​មេហ្កាវ៉ាត់​ប៉ុន្តែ​ត្រូវ​តែ​បង្កើន​វា​ដល់​ ១,៧៥ ​មេហ្កាវ៉ាត់​»​។

ជា​រួម​ក្រុមហ៊ុន SLN បាន​វិនិយោគ​ទឹកប្រាក់​ ២២ ​លាន​ដុល្លារ​​អាមេរិក​​ក្នុង​ការ​សាងសង់​ និង​ការ​បំពាក់​ឧបករណ៍​សម្លាប់​សត្វ​បែប​ទំនើប​។​ លោក​បាន​​បន្ត​ថា៖ «ហើយ​យើង​​នឹង​ចំណាយ​ទឹកប្រាក់​ ១០ ​លាន​ដុល្លារ​ផ្សេង​ទៀត​ត្រឹម​ដំណាច់​​ឆ្នាំ​​នេះ​ដើម្បី​ទិញ​ម៉ាស៊ីន​ថ្មី​ ដោយសារ​​តែ​​សមត្ថភាព​របស់​យើង​​កើនឡើង​»​។

ពេល​នេះ​ទីសត្តឃាត​រង់ចាំ​តែ​ការ​នាំ​ចូល​សត្វ​គោ​រស់​។ គោ Brahman ប្រហែល ២០០០ ​​ក្បាល​បាន​បញ្ជា​ទិញ​រួច​រាល់​ហើយ​ពី​ប្រទេស​អូស្ដ្រាលី​ហើយ​​គ្រោង​មក​ ដល់​នៅ​ចុង​ខែ​ឧសភា​។ ​ការ​សម្លាប់​សត្វ​គោ​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​បន្ទាប់​ជាមួយ​នឹង​ទិសដៅ​ ដំបូង​ចំនួន​សត្វ​​គោ​ពី​ ២០០ ​​ក្បាល់​​ដល់​ ៥០០ ក្បាល​ក្នុង​មួយ​ថ្ងៃ​ដែល​នឹង​ត្រូវ​​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ក្នុង​ស្រុក​។

លោក លាង បញ្ជាក់​ថា​ដំបូង​ទីសត្តឃាត​នេះ​នឹង​ទទួល​គោ​ប្រហែល​​ ២០០០ ​ក្បាល​ជា​រៀងរាល់​ពីរ​សប្ដាហ៍​។ លោក​បន្ថែម​ថា​​កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​រួច​រាល់​ហើយ​ក្នុង​ការ​បង្កើន ​ការ​នាំ​ចូល​សត្វ​គោដ​ល់​ ៤ ០០០ ​ក្បាល​​ក្នុង​​មួយ​សប្ដាហ៍​ក្នុង​ប្រតិបត្តិការ​រយៈពេល​​ពីរ​ខែ​។ លោក​បាន​ថ្លែង​ថា​៖ «​នៅ​ពេល​កម្មករ​របស់​ខ្ញុំ​​មាន​បទពិសោធ​កាន់តែ​ច្រើន​យើង​នឹង​​អាច​នាំ​យក ​សត្វ​គោ​កាន់​តែ​ច្រើន​​»​។ ​លោក​បន្ថែម​ថា​ដំបូង​នឹង​មាន​​​អ្នក​បច្ចេកទេស​របស់​ប្រទេស​អូស្ដ្រាលី​ ៤ ​រូប​ដើម្បី​បណ្ដុះ​បណ្ដាល​បុគ្គលិក​ពេល​ដឹក​ជញ្ជូន​គោ​មក​ប្រទេស​កម្ពុជា​។

ខណៈ​ក្រុមហ៊ុន​​បាន​ប្រកាស​ថា​​​គ្រោង​នឹង​​នាំ​ចេញ​​ការ​ផលិត​របស់​ ខ្លួន​​ជាង​ពាក់​កណ្ដាល​លោក លាង ​បាន​ថ្លែង​ថា​ការ​ផលិត​លើក​ដំបូង​​នឹង​ផ្ដាច់​មុខ​សម្រាប់​តែ​ទីផ្សារ​ ក្នុង​ស្រុក​។ លោក​បន្ត​ថា​ក្រុមហ៊ុន​នេះ​​បាន​ចុះ​ហត្ថលេខា​រួច​​ហើយ​​លើ​អនុស្សរណៈ​នៃ​ ការ​យោគយល់​គ្នា​ដើម្បី​ផ្គត់ផ្គង់​ដល់​​ក្រុមហ៊ុន​កសិកម្ម​ឈាន​មុខ​គេ​របស់ ​ថៃ CP Group ​ហើយ​​នឹង​ស្វែងរក​ការ​ធានា​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ជាមួយ​ក្រុមហ៊ុន​ ជាច្រើន​នៅ​ចិន​ និង​​វៀតណាម​។

លោក Ross Ainsworth អតីត​​ប្រធាន​ប្រតិបត្តិ​របស់​សមាគម​ក្រុមហ៊ុន​នាំ​ចេញ​បសុសត្វ​ដែន​ដី​ភាគ​ ខាង​ជើង​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​ SLN ក្នុង​ការ​នាំ​ចូល​សត្វ​គោ​ Brahman គឺជា​គំនិត​ដ៏​វៃឆ្លាត​មួយ​ដោយសារ​តែ​សត្វ​គោ​ពូជ​នេះ​ និង​ការ​បង្កាត់​ពូជ​របស់​វា​គឺ​សមរម្យ​បំផុត​​សម្រាប់​អាកាសធាតុ​ត្រូពិក​ របស់​​កម្ពុជា​។ សត្វ​គោ​រស់​នេះ​​នឹង​ត្រូវ​បាន​រក្សា​នៅ​លើ​កសិដ្ឋាន​ទំហំ​​ ៧៦ ​ហិកតា​របស់​ក្រុមហ៊ុន​​ពីរ​សប្ដាហ៍​មុន​ពេល​​សម្លាប់​ខណៈ​ក្រុមហ៊ុន​ SLN កំពុង​​ពិចារណា​​ការ​បង្កាត់​ពូជ​សត្វ​​គោ​នេះ​ដែល​ចាប់ផ្ដើម​​ក្នុង​ឆ្នាំ​ ​ ២០១៧ ​​ផង​ដែរ​​។ លោក Ainsworth ​ថ្លែង​ថា​វា​ត្រឹមត្រូវ​ផង​ដែរ​សម្រាប់​​ក្រុមហ៊ុន SLN ក្នុង​ការ​ចាប់ផ្ដើម​ជា​​ក្រុមហ៊ុន​ផលិត​​ក្នុង​ស្រុក​ខណៈ​ «​ស្ដង់ដារ​មិន​ចាំបាច់​មាន​ខ្ពស់​ពេក​នោះ​ទេ​ដោយសារ​​ការ​ផលិត​គឺ​លក់ និង​បរិភោគ​គឺ​ភ្លាមៗ​»​។

លោក​បន្ត​ថា​៖ «​គោលបំណង​សម្រាប់​ការ​នាំ​ចេញ​ «​ប្រហែល​ជា​មិន​កើតឡើង​នោះ​ទេ​រហូត​ដល់​​រោងចក្រ​ថ្មី​នេះ​​មាន​ដំណើរការ​ ល្អ​ឥតខ្ចោះ​»​។

ទីសត្តឃាត​​នេះ​នឹង​អាច​ចាប់​យក​តម្រូវការ​ដែល​​កំពុង​កើនឡើង​យ៉ាង​រហ័ស​ របស់​កម្ពុជា​សម្រាប់​សាច់​គោ​ដែល​​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​ កើនឡើង​ប្រមាណ​​ ៦០ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៥។

លោក ម៉ុង ឫទ្ធី វិនិយោគិន​ផ្នែក​​កសិកម្ម​ដ៏ធំ​បំផុត​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ការ​បើក​ ដំណើរការ​ទីសត្តឃាត​នេះ​អាច​​ផ្ដល់​អត្ថប្រយោជន៍​ដល់​ទីផ្សារ​កម្ពុជា​ តាមរយៈ​ការ​កាត់​​បន្ថយ​​តម្លៃ​​សាច់គោ​ក្នុង​ស្រុក​បាន​ច្រើន​។

លោក​ថ្លែង​ថា​៖ «​វា​សំខាន់​ណាស់​ក្នុង​​ការ​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​​ក្នុង​ស្រុក​ជា​ជាង​ ការ​ស្វែងរក​ទីផ្សារ​អន្តរជាតិ​»​។ លោក​បន្ថែម​ថា​សាច់គោ​ដែល​នាំ​ចូល​​​ថ្លៃ​ជាង​ប្រហែល​ពីរ​ទៅ​បី​ដង​​ក្នុង​ មួយ​គីឡូក្រាម​។ ក្រុមហ៊ុន SLN នឹង​លក់​សាច់​គោ​របស់​​ខ្លួន​ក្នុង​តម្លៃ ១០,៥០ ​ដុល្លារ​​ក្នុង​មួយ​គីឡូក្រាម។

ខណៈ​ដែល​លោក ឫទ្ធី បាន​ថ្លែង​​ថា​ទីសត្តឃាត​​នេះ​ទំនង​ជា​នឹង​ប្រឈម​​ការ​ពិបាក​​នៅ​ពេល​វា​ ចាប់​ផ្ដើម​ការ​ចិញ្ចឹម​សត្វ​គោ​​លោក​នៅ​តែ​មាន​សុទិដិ្ឋនិយម​អំពី​ ចក្ខុវិស័យ​ និង​តម្លៃ​​ពាណិជ្ជកម្ម​របស់​ការ​វិនិយោគ​រួម​នេះ​។ លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​ពាណិជ្ជកម្ម​នេះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដោយសារ​តែ​ក្រៅ​ ពី​ការ​លក់​សាច់​គោ​ពួកគេ​អាច​លក់​ឆ្អឹង​គោ គ្រឿង​ក្នុង​ ព្រម​ទាំង​ស្បែក​គោ​នៅ​ក្នុង​ប្រទេស​​យើង​ផង​ដែរ»​៕

ថ្ងៃទី២០ខែមេសាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment