ទេសចរ​ទូទាំង​ពិភព​លោក​កើន​ឡើង ៤%

ម៉ាឌ្រីដៈ ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​កើន​ឡើង​ ៤,៤​ ភាគ​រយ ​នៅ​ទូទាំង​ពិភព​លោក​នៅ​ឆ្នាំ​ ២០១៥ ​រហូត​ទៅ​ដល់​​ ១,១៨​ ពាន់​លាន​នាក់​ដែល​ជា​ចំនួ​ន​​ខ្ពស់​​បំផុត​ ​បើ​ទោះ​ជា​មាន​ក្តី​បារម្ភ​អំពី​​ការ​​វា​យ​ប្រហារ​របស់​ក្រុម​ជ្រុល​និយម​ ក្តី​។ ​នេះ​បើ​យោង​តាម​អង្គ​ភាព​ទេសច​រណ៍​ពិភពលោក​សហ​ប្រជា​ជាតិ​កាល​ពី​ថ្ងៃ​ចន្ទ ​​។

បារាំង​នៅ​តែ​ជា​ទិសដៅ​ទេសចរណ៍​មាន​ប្រជាប្រិយ​ភាព​ជាង​គេ​របស់​ពិភព​លោក ​បន្ទាប់​មក​​អាមេរិក ​អេស្ប៉ាញ ​និង​ចិន​។ ​នេះ​បើ​យោង​តាម​អង្គ​ភាព​ទេស​ចរណ៍​ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ ម៉ាឌ្រីដ ​ដែល​តាម​ដាន​ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​បាន​ស្នាក់​មួយ​យប់​នៅ​ទិសដៅ​ទេស​ចរណ៍​អន្តរ​ជាតិ​​។

លោក​ Taleb ​Rifai ​ប្រធាន​អង្គភាព​ទេស​ចរណ៍​សហ​ប្រជា​ជាតិ​មួយ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សន្និ​ សីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «​លទ្ធ​ផល​នៅ​ឆ្នាំ ​២០១៥​ បាន​រង​ឥទ្ធិ​ពល​ដោយ​អត្រា​ប្តូរ​ប្រាក់ ​តម្លៃ​ប្រេង ​ព្រម​ទាំង​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​ធម្ម​ជាតិ ​និង​មនុស្ស​នៅ​តាម​តំបន់​ជា​ច្រើន​ក្នុង​ពិភព​លោក​»។

លោក​ថ្លែង​ថា ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង ​បាន​​កាត់​បន្ថយ​ចំណាយ​នៃការ​​ធ្វើ​ដំណើរ ​តែ​ក៏​​បាន​កាត់​បន្ថយ​តម្រូវ​ការ​ធ្វើ​ដំណើរ​នៅ​តាម​ប្រទេស​នាំ​ចេញ​ប្រេង ​ផង​ដែរ ​ខណៈ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់​អឺរ៉ូ ​​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​មក​តំបន់​អឺរ៉ុប​មាន​ភាព​ទាក់​ទាញ​កាន់​តែ​ ខ្លាំង​ចំពោះ​ពលរដ្ឋ​អាមេរិក។

តែ​វិស័យ​ទេសចរណ៍​នេះ ​បាន​រង​ផល​ប៉ះ​ពាល់​ភាគ​ច្រើន​ដោយ​សារ​ការ​គំរាម​កំហែង​របស់​ក្រុម​ជ្រុល​ និយម​ក្នុង​ឆ្នាំ ២០១៥ ​ដោយ​មាន​ការ​វាយ​ប្រហារ​រហូត​ដល់​មាន​មនុស្ស​បាត់​បង់​ជីវិត​នៅ​ប្រទេស​ អេហ្ស៊ីប ​បារាំង​ លីបង់​ ទុយនីស៊ី ​ម៉ាលី ​និង​នៅ​តាម​ប្រទេស​ផ្សេង​ទៀត​។

លោក​ Rifai​ ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ ហ៊្សកដានី ​បាន​ឲ្យ​ដឹង​ថា៖ «​ឥឡូវ​យើង​កំពុង​ប្រឈម​ជាមួយ​នឹង​បញ្ហា​សុវត្ថិ​ភាព​ និង​សន្តិ​សុខ ​ការ​​គំរាម​កំហែង​ពិភព​លោក»​។​

លោក​បាន​ឲ្យ​ដឹង​ទាក់​ទង​នឹង​ប្រទេស​មួយ​ចំនួន ​ដែល​បាន​រង​នូវ​ការ​វាយ​ប្រហារ​កាល​​ពី​ឆ្នាំ​មុន ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ជីហាដ​នៃ​​រដ្ឋ​អ៊ិស្លាម​ថា៖ «​យើង​មិន​អាច​និយាយ​បាន​ទៀត​ទេ​ថា ​នេះ​គឺ​ជា​បញ្ហា​របស់​ប្រទេស​អេហ្ស៊ីប ឬ​បារាំង ឬ​ទុយនីស៊ី ​ឬ​តួកគី​ ឬ​ថៃ ឬ​ឥណ្ឌូនេស៊ី​នោះ​​ទេ​»។​

លោក​បន្ត​ថា៖ «​យើង​ត្រូវ​បន្ត​​ធ្វើ​ដំណើរ​។​ យើង​មិន​ត្រូវ​បណ្តោយ​ឲ្យ​បញ្ហា​សុវត្ថិភាព ​និង​សន្តិ​សុខ ​មក​កាត់​​បន្ថយ ​និង​កែ​ប្រែ​ឥរិយាបថ​របស់​យើង​ចំពោះ​ការ​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​ទូលំ​ ទូលាយ​ថែម​ទៀត​នោះ​ទេ​»។

ចិន​ជា​ប្រទេស​នាំ​មុខ​គេ

អង្គ​ភាព​សហ​ប្រជា​ជាតិ​មួយ​នេះ​បាន​​ឲ្យ​ដឹង​ថា ​​ចិន​បាន​ក្លាយ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ច្រើន​ជាង​គេ​ម្តង​ទៀត​ ដែល​បាន​ផ្តល់​​ផល​ប្រយោជន៍​ដល់​ទិស​ដៅ​ទេសចរណ៍​អាស៊ី ​ដូច​ជា ​ជប៉ុន ​ថៃ​ ក៏​ដូចជា​អាមេរិក ​និង​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ​។ ​ទេសចរ​ចិន ក៏​ជា​អ្នក​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ​ផង​ដែរ​កាល​ពី​ឆ្នាំ​មុន​ ដោយ​ប្រទេស​ចិន​បាន​ប្រកាស​ពី​កំណើន​ពីរ​ខ្ទង់​ក្នុង​ការ​ចំណាយ​លើ​វិស័យ​ ទេស​ចរណ៍​រៀង​រាល់​ឆ្នាំ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៤​ មក។

អង្គ​ភាព​សហ​ប្រជា​ជាតិ​នេះ បាន​ឲ្យ​ដឹង​​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​ថា ​ផ្ទុយ​​ទៅ​វិញ ​ការ​ចំណាយ​របស់​ប្រទេស​រុស្ស៊ី ​និង​ប្រេស៊ីល ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​ កាល​ពី​ឆ្នាំ​មុន ​ដោយ​សារ​ពី​វិបត្តិ​សេដ្ឋ​កិច្ច​នៅ​ប្រទេស​ទាំង​ពីរ និង​ការ​ធ្លាក់​ថ្លៃ​ប្រាក់​រូពៀ​និង​ប្រាក់​រៀល​ធៀប​នឹង​​រូបិយប័ណ្ណ​ផ្សេង ​ទៀត​ទាំង​អស់៕

ថ្ងៃទី២០ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment