ធនាគារ​ថៃ​ ទិញ​ហត្ថា​កសិករ​ជាង ​$១៤០​ លាន

ធនាគារ​ថៃ​ ទិញ​ហត្ថា​កសិករ​ជាង ​$១៤០​ លាន

ភ្នំពេញៈ ធនាគារ Ayudhya ថៃ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ បាងកក​ បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ទិញ​ភាគហ៊ុន​​​ ១០០ ​ភាគរយ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ហត្ថា​កសិករ ដែល​រំពឹង​ថា នឹង​មាន​តម្លៃ​រហូត​ដល់​ជាង​ ១៤០​ លាន​ដុល្លារ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ធនាគារ​ មួយ​នេះ​បាន​បញ្ជាក់​ពី​ការ​ទិញ​ភាគហ៊ុន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ឈាន​មុខ​គេ​ទី៤​របស់​កម្ពុជា ដែល​នឹង​បើក​ផ្លូវ​សម្រាប់​ការ ចូល​ទៅ​ក្នុង​វិស័យ​ផ្ដល់​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ និង​មាន​ច្រើន​នៅ​កម្ពុជា​។

លោក ហួត អៀងតុង ប្រធាន និង​ជា​អគ្គនាយក ហត្ថា​កសិករ បាន​ឲ្យ​ដឹង​ថា ការ​ចរចា​កំពុង​ដំណើរ​ការ​នៅ​ឡើយ ប៉ុន្តែ​វា​នឹង​មាន​តម្លៃ​ជាង ​១៤០ ​លាន​ដុល្លារ​អាមេរិក ដែល​ជា​ការ​ទិញ​ភាគហ៊ុន​ធំ​ជាង​គេ​នៅ​ក្នុង​វិស័យ​នេះ​។

លោក​ថ្លែង​ថា​៖ «​យើង​ចាំបាច់​ត្រូវ​ប្រតិបត្តិ​ផែនការ​ពង្រីក​របស់​យើង ហើយ​កំពុង​សម្លឹង​មើល​ដៃគូ​ថ្មី​ដើម្បី​ធ្វើ​រឿង​នេះ​»​។

លោក​បន្ត​ថា ការ​កាន់​កាប់​ហត្ថា​កសិករ របស់​ធនាគារ Ayudhya ដែល​អាស្រ័យ​លើ​ការ​យល់​ព្រម​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​អាច​ត្រូវ​ការ​ពេលវេលា​៦​ខែ​ដើម្បី​បញ្ចប់ និង​មិន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​នោះ​ទេ​។

លោក​បន្ត​ថា ដៃ​គូ​ថ្មី​នេះ​តាម​ពិត​នឹង​ជួយ​បង្កើន​ល្បឿន​ផែន​ការ​ពង្រីក​របស់​ ក្រុមហ៊ុន​។ លោក​បញ្ជាក់​ថា​៖ «​ផែនការ​នេះ​ត្រូវ​ជ្រើស​រើស​បុគ្គលិក​បន្ថែម​ទៀត ដោយ​សារ​តែ​យើង​ត្រូវ​តែ​ពង្រីក​ច្រើន​នៅ​ឆ្នាំ​នេះ​»​។

លោក​បន្ត​ថា​៖ «​ផែនការ​ដើម​របស់​យើង​នឹង​បន្ថែម​សាខា​៦​បន្ថែម​ទៀត ប៉ុន្តែ​ជា​មួយ​នឹង​ដៃគូ​ថ្មី​នេះ យើង​អាច​ទទួល​បាន​ឱកាស​ក្នុងការ​ពង្រីក​លើស​ពី​៦​សាខា​»​។

នេះ​មិន​មែន​ជា​កិច្ច​ព្រម​ព្រៀង​ដំបូង​នោះ​ទេ​សម្រាប់ MFI​។ ធនាគារ Woori Bank មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទិញ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ វត្ថុ ម្លិះ​ហ្វៃ​ណាន់​ក្នុង​តម្លៃ​ ៤,៩​ លាន​ដុល្លារ​អាមេរិក​ កាលពី​ឆ្នាំ​ ២០១៤ និង ស្ថាបនា បាន​ប្រកាស​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ភាគ​ទុនិក​សំខាន់ៗ​របស់​ខ្លួន គឺ​ធនាគារ​ជប៉ុន Maruhan Japan Bank ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រែ​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​នៅ​ឆ្នាំ​២០១៦។

MFI មាន​ប្រហែល​៤៧ ដែល​បាន​ផ្ដល់​ការងារ​ដល់​បុគ្គលិក​ជាង​ ១៩ ០០០ នាក់​កាល​ពី​ឆ្នាំ ​២០១៤ ខណៈ​ដែល​វិស័យ​នេះ​មាន​ផលប​ត្រ​កម្ចី​រួម​គ្នា ២,០២​ ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៤ ក្នុង​នោះ​ហត្ថា​កសិករ តែ​មួយ​បាន​ផ្តល់​កម្ចី ៣៦៤ ​លាន​ដុល្លារ និង​មាន​ប្រាក់​បញ្ញើ​២៣៨​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ​២០១៥។

លោក Noriaki Goto ប្រធាន និង​ជា​អគ្គនាយក​ធនាគារ Ayudhya បាន​ឲ្យ​ដឹងថា​ពួកគេ​នឹង​ពង្រីក​ជំនាញ​បច្ចេកទេស​ផ្ទាល់​ខ្លួន​ក្នុង​ការ​ ទាញ​យក​ប្រយោជន៍​ពី​ទីតាំង​របស់​ហត្ថា​កសិករ​នៅ​ក្នុង​ទីផ្សារ​នេះ​។

លោក​ថ្លែង​ថា​៖ «​ការ​ទិញ​ភាគ​ហ៊ុន​ហត្ថា​កសិករ នឹង​ជំរុញ​ឲ្យ​ធនាគារ​នេះ​ចាប់​យក​ឱកាស​កំណើន​ដែល​កំពុង​កើន​ឡើង​ពី​ការ​ អភិវឌ្ឍ​យ៉ាង​រហ័ស​នៅ​ក្នុង​ក្រុម​ប្រទេស CLMV»​។​

លោក ប៊ុន មុនី ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ស្ថាបនា​ថ្លែង​ថា កិច្ច​ព្រម​ព្រៀង​នេះ​គួរ​តែ​ជា​ព័ត៌មាន​ស្វាគមន៍​ដល់​វិស័យ​នេះ ដោយ​សារ​តែ​វា​ផ្ដល់​សញ្ញា​ការ​ប្រកួត​ប្រជែង​ដែល​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ ដល់​អតិថិជន​។

លោក​បញ្ជាក់​ថា​៖ «​ជា​មូលដ្ឋាន គោល​បំណង​របស់​កិច្ច​ព្រម​ព្រៀង​ដូច​នេះ​នឹង​បង្កើន​សេវា​កាន់​តែ​ច្រើន ហើយ​យើង​ជឿជាក់​ថា ភាគ​ទុនិក​ថ្មី​នេះ​នឹង​ល្អ​សម្រាប់​វិស័យ​នេះ​»​។

លោក​បន្ថែម​ថា​៖ «​យើង​អាច​មើល​ឃើញ​ធនាគារ​កាន់​តែ​ច្រើន​នឹង​ចូល​មក​ទីនេះ ប្រសិន​បើ​កម្ពុជា​បើក​ចំហ​សម្រាប់​ពួក​គេ​»។

បច្ចុប្បន្ន​ហត្ថា​កសិករ មាន​ដៃគូ​ជាមួយ​ធនាគារ ANZ Royal Bank ដែល​អនុញ្ញាត​ឲ្យ​អតីត​អតិថិជន​ប្រើ​ប្រាស់​គណនី​ធនាគារ ANZ តាម​រយៈ​បណ្ដាញ​សាខា​ដ៏​ទូលំ​ទូលាយ​របស់​ហត្ថា​កសិករ​។

លោក Grant Knuckey អគ្គនាយក​ធនាគារ ANZ Royal បាន​ថ្លែង​ថា ធនាគារ​នេះ​បាន​ដឹង​ពី​ការ​ស្វែងរក​ការ​ភ្ជាប់​ទំនាក់​ទំនង​ភាគហ៊ុន​របស់​ ហត្ថា​កសិករ​។

លោក​បន្ត​ថា​៖ «​ពួក​គេ​គឺជា​គ្រឹះ​ស្ថាន​ដែល​មាន​ដំណើរ​ការ​ល្អ ដូច្នេះ​យើង​ពិត​ជា​ជឿជាក់​ថា​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​សម្រេច​បាន​»៕

 

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment