ធនាគារ ECB ​អាច​ពិចារណា​

ក្រុងហ្វ្រេងហ្វឺតៈ ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ធនាគារ​កណ្តាល​អឺរ៉ុប (ECB) ​អាច​ពិចារណា​បន្ត​បន្ធូរ​បន្ថយ​គោល​នយោបាយ​នៅ​កិច្ច​ប្រជុំ​គោល​នយោបាយ​ របស់​ខ្លួន​ក្នុង​សប្តាហ៍​នេះ បន្ទាប់​ពី​វិធានការ​មួយ​ចំនួន​ដែល​ត្រូវ​បាន​អនុវត្ត​កាល​ពី​ខែ​ធ្នូ​ ដើម្បី​ជំរុញ​ឲ្យ​អតិផរណា​នៅ​តំបន់​អឺរ៉ុប​មាន​កម្រិត​កាន់​តែ​ខ្ពស់​នោះ បាន​ធ្វើ​ឲ្យ​ក្រុម​វិនិយោគិន​ខក​ចិត្ត។

លោក Jennifer McKeown សេដ្ឋ​វិទូ​នៅ​ប្រចាំ​ក្រុមហ៊ុន Capital Economics បាន​ឲ្យ​ដឹង​ថា៖ «​បន្ទាប់​ពីបាន​​ធ្វើ​ឲ្យ​ទីផ្សារ​ខក​ចិត្ត​កាល​ពី​ខែ​ធ្នូ​មក​ យើង​រំពឹង​ថា​ ធនាគារ​កណ្តាល​អឺរ៉ុប​នឹង​បង្ហាញ​ក្នុង​កិច្ច​ប្រជុំ​នាពេល​ខាង​មុខ​នេះ​ របស់​ខ្លួន​ថា ទ្វារ​នឹង​នៅ​តែ​បន្ត​បើក​ដើម្បី​ផ្តល់​ការ​គាំទ្រ​គោលនយោបាយ​កាន់​តែ​ ខ្លាំង​»។

លោក McKeown ថ្លែង​ថា៖ «ECB ​ទំនង​មិន​ផ្លាស់​ប្តូរ​គោល​នយោបាយ​នៅ​ពេល​នេះ​ទេ ដោយ​សារ​ទិន្នន័យ​​អង្កេត​រឹង​មាំ​មួយ​ចំនួន​ថ្មីៗ​នេះ និង​ការ​ខូច​ខាត ដែល​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​នេះ អាច​ប៉ះ​ពាល់​ដល់​ភាព​ជឿជាក់​របស់​ខ្លួន​»។

លោក​បន្ត​ថា៖ «​យ៉ាង​នេះ​ក្តី បើ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ ហើយ​ការ​រំពឹង​ទុក​ពី​អតិផរណា​មាន​កម្រិត​ទាប​ដូច​ដែល​យើង​រំពឹង​ទុក​នោះ វា​មិន​យូរ​ទេ ECB នឹង​ត្រូវ​ចាត់​វិធាន​ការ​ថែម​ទៀត​»។

បន្ទាប់​ពី​កិច្ច​ប្រជុំ​កាល​ពី​ខែ​ធ្នូ ECB ​បាន​រង​ការ​ស្តី​បន្ទោស​ចំពោះ​ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​ការ​ងារ​ដូច​ ការ​សម្រេច​ចិត្ត​ដែល​ត្រូវ​បាន​រំពឹង​ទុក ដើម្បី​ជំរុញ​អតិផរណា ដោយ​អ្នក​ក្នុង​ទីផ្សារ សង្ស័យ​ពី​ផ្នែក​មួយ​​ចំនួន​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​របស់​ធនាគារ​ នេះ ដែល​បាន​បញ្ឈប់​ធនាគារ​នេះ មិន​ឲ្យ​ចាត់​វិធានការ​ជំរុញ​អតិផរណា​បន្ថែម​ទៀត​។

អតិផរណា​នៅ​ទូទាំង​វិស័យ​មាន​កម្រិត​ត្រឹម​តែ ០,២​ ភាគរយ​នៅ​ខែ​ធ្នូ ពោល​គឺ​ខុស​ពី​ទិសដៅ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ច្រើន ដែល​មាន​កម្រិត​ជិត ២​ភាគ​រយ៕

 

18 January 2016

From: Postkhmer


Leave a Comment