នៅ​ដើម​ឆ្នាំ​នេះ ក្រុម​មហា​សេដ្ឋី​ពិភព​លោក​ខាត​បង់​ជាង​ $៣០០​ពាន់​លាន

ក្រុង​វ៉ាស៊ីនតោនៈ ការ​ធ្លាក់​ចុះ​ផ្សារ​ហ៊ុន កំពុង​ជះ​ឥទ្ធិពល​លើ​ក្រុម​មហា​សេដ្ឋកិច្ច​ក្នុង​ពិភព​លោក។

អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ ៤០០ ​នាក់​​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ចំនួន ៣០៥​​ ពាន់​លាន​ដុល្លារ​ពីទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួនក្នុង​ខែ​នេះ ដោយ​សារ​ភាគហ៊ុន​ពិភព​លោក បាន​ធ្លាក់​ចុះ​ខ្លាំង​បំផុត​នៅ​ដើម​ឆ្នាំ​ ដោយ​សារ​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​ថា​ កំណើន​សេដ្ឋកិច្ច​សកល​កំពុង​ធ្លាក់​ចុះ។

ក្រុម​មហា​សេដ្ឋី​ទាំង​នេះ​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ជាង​ ១១៥​ ពាន់​លាន​ដុល្លារ​នៅ​សប្តាហ៍​មុន ដោយ​​មហា​សេដ្ឋី​ចំនួន ៧៦​នាក់ ខាត​បង់​ប្រាក់​យ៉ាង​ហោច​ណាស់​ចំនួន ១​ពាន់​លាន​ដុល្លារ​នៅ​ខែ​មករា នេះ​បើយោង​តាម​សន្ទស្សន៍​មហា​សេដ្ឋី​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Bloomberg។

មហា​សេដ្ឋី​ចំនួន ​៧ ​នាក់ បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ច្រើនជាង​ ១ ​ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃ​សុក្រ ខណៈ​សន្ទស្សន៍​ហ៊ុន​ Dow Jones Industrial Average បាន​ធ្លាក់​ចុះ​ ៣៩១​ ពិន្ទុ ផ្សារ​ហ៊ុន​អឺរ៉ុប បាន​ធ្លាក់​ចូល​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន​ធ្លាក់​ថ្លៃ ហើយ​សន្ទស្សន៍​ហ៊ុន Shanghai Composite បាន​បញ្ចប់​ការ​កើន​ឡើង​ដែល​កើត​មាន​ឡើង​ដោយ​សារ​​យុទ្ធនាការ​សង្គ្រោះ​របស់ ​រដ្ឋ​ចិន ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន​ Amazon.com Inc បាន​នាំ​មុខ​គេ​ក្នុង​ចំណោម​អ្នក​ខាត​បង់​ទ្រព្យ​សម្បត្តិ​នេះ​នៅ​លើ​ សន្ទស្សន៍​ Bloomberg ដោយ​លោក​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ចំនួន ៨,៩​ ពាន់​លាន​ដុល្លារ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា​មក និង​ចំនួន ១,៩​ ពាន់​លាន​ដុល្លារ​កាល​ពី​ថ្ងៃសុក្រ នៅ​ពេល​ដែល​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​លក់​រាយ​តាម​ប្រព័ន្ធ​អុីនធឺណិត​មួយ​ នេះ​បាន​ធ្លាក់​ចុះ ៣,៨៥​ ភាគ​រយ​។

លោក Bill Gates ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​ចំនួន ៦,៨​ ពាន់​លាន​ដុល្លារ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​ក្នុង​ឆ្នាំ​នេះ ហើយ​លោក​ Wang Jianlin ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​នៅ​ប្រទេស​ ចិន ​បាន​បាត់​បង់ទ្រព្យ​សម្បត្តិ​ចំនួន ៦,៤​ ពាន់​លាន​ដុល្លារ។

មានតែ​មហា​សេដ្ឋី​៩​នាក់​ប៉ុណ្ណោះក្នុង​ចំណោម​ ៤០០​ នាក់ ដែល​បាន​កើន​ទ្រព្យ​សម្បត្តិ​សរុប​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០១៦​ នេះ នាំ​មុខ​ដោយ​លោក Mukesh Ambani មហាសេដ្ឋី​ប្រេង​ ឥណ្ឌា និង​ជា​ប្រធាន​ក្រុមហ៊ុន Reliance Industries Ltd មាន​មូលដ្ឋាន​នៅ​ទីក្រុង Mumbai ដែល​ទ្រព្យ​សម្បត្តិ​របស់​លោក បាន​កើន​ឡើង ៦២០​ លាន​ដុល្លារ​។

ទ្រព្យ​សម្បត្តិ​សរុប​របស់​មហា​សេដ្ឋី​ចំនួន​ ៤០០​ នាក់​នេះ​មាន ​៣,៦​ពាន់​ពាន់​​លាន​ដុល្លារ បាន​ធ្លាក់​ចុះ​១៦​ភាគ​រយ ធៀប​នឹង​ទ្រព្យ​សម្បត្តិ​សរុប​ច្រើន​បំផុត​ចំនួន ៤,៣​ ពាន់​ពាន់​លាន​ដុល្លារ នៅ​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា ឆ្នាំ​២០១៥៕

18 January 2016

From: Postkhmer


Leave a Comment