បណ្តា​ប្រទេស CLMV ពង្រឹង​

រាជធានី​ភ្នំពេញ ៖ ការ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស (CLMV) មាន កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម គឺជា​បញ្ហា​អាទិភាព​មួយ​របស់​អាស៊ាន ។ វិធី​ដោះស្រាយ​បញ្ហា​កង្វះ​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ នានា​នៅ​បណ្តា​ប្រទេស CLMV ជា​កត្តារួម​ផ្សំ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ការងារ​ធ្វើ កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាជន​នៃ​ប្រទេស CLMV​។ នេះ​ជា​ការ​លើក​ឡើង​របស់​វាគ្មិន​នៃ​ប្រទេស CLMV ដែល​បាន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣ ស្តី​ពី​ធុរកិច្ច​របស់​ប្រទេស CLMV-​ឥណ្ឌា ផ្តោត​លើ​ប្រធាន​បទ « ការ​បង្កើន​ការ​វិនិយោគ និង​ការ​ផលិត​នៅ​ក្នុង​តំបន់ CLMV » ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង Chennai ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១២ មក​រា កន្លង​ទៅ​នេះ ។

បន្ថែម​ពីលើ​នេះ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ឡើង​ពី​អត្ថប្រយោជន៍​ជា​ច្រើន​ក្នុង​ ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា ។ កម្ពុជា ជា​ប្រទេស​តូច​មួយ​ដែល​អនុវត្ត​សេដ្ឋកិច្ច​បើកចំហ​, មាន​ទីតាំង​ភូមិសាស្ត្រ​ជា​យុទ្ធសាស្ត្រ​, មាន​កម្លាំង​ពលកម្ម​វ័យក្មេង​ប្រកបដោយ​ភាព​ស្វាហាប់​, វិស័យ​ហិរញ្ញវត្ថុ​មាន​ភាព​ច្បាស់លាស់ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឥត​ឈប់​ឈរ ។

លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​វិនិយោគិន​ដែល​មាន​សក្តានុពល​នានា​មក​បំពេញ​ទស្សនកិច្ច​ស្វែង ​យល់ និង​វាយតម្លៃ​អំពី​កាលានុវត្តភាព​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដ៏​ទូលំទូលាយ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ។ លោក​ទេស​រដ្ឋមន្ត្រី លើក​ឡើង​ថា ៖ « សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ប្រមាណ​៧,៧% គិត​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ » ។

បើ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ថា កម្ពុជា គឺជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៦ ហើយ​ជា​សេដ្ឋកិច្ច​ដែល​មានការ​រីក​ចម្រើន​បំផុត​នៅ​ក្នុង​ពិភពលោក ជាមួយនឹង​របប​គ្រប់គ្រង​ការ​វិនិយោគ​បើកចំហ​បំផុត​នៅ​ក្នុង​តំបន់ ។ ច្បាប់​វិនិយោគ​ផ្តល់​ការ​លើកទឹកចិត្ត​ជា​ច្រើន​ដល់​វិនិយោគិន​ដូច​ជា ៖ ពន្ធ​លើ​ប្រាក់​ចំណូល​ក្រុមហ៊ុន​មាន​កម្រិត​ទាប​ប្រមាណ​ជា​២០%, ការ​ផ្តល់​ជូន​ការ​អនុគ្រោះ​លើ​ការ​រួច​ពន្ធ​រយៈពេល​ដល់​៩​ឆ្នាំ​, គ្មាន​ការ​ដាក់​កម្រិត​លើ​ម្ចាស់​កម្មសិទ្ធិ​ក្រុមហ៊ុន​នៅ​គ្រប់​ វិស័យសេដ្ឋកិច្ច​ទាំង​អស់​, គ្មាន​ការ​គ្រប់គ្រង​លើ​រូបិយប័ណ្ណ​, គ្មាន​ការ​ធ្វើ​ជាតូបនីយកម្ម និង​គ្រប់គ្រង​ថ្លៃ ។

លើស​ពី​នេះ​ទៀត ប្រទេស​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម (GSP) ពី​បណ្តា​ប្រទេស​ជា​ច្រើន និង​គម្រោង​អ្វី​ៗ​គ្រប់យ៉ាង​លើកលែង​អាវុធ (EBA) ពី​សហភាព​អឺរ៉ុប ដែល​អនុញ្ញាត​ឲ្យ​នាំ​ផលិតផល​ចេញ​ទៅ​សហភាព​អឺរ៉ុប​ដោយ​មិន​ជាប់ពន្ធ ព្រមទាំង​មិន​កម្រិត​កូតា​លើ​ផលិតផល​ដែល​ផលិត​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ ស្ទើរតែ​ទាំងអស់ ។

លោក​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​អំពី​កំណែទម្រង់​សំខាន់​ៗ​ដែល​សម្រេច​បាន និង​កំពុង​អនុវត្ត​បន្ត​នៅ​ក្រសួងពាណិជ្ជកម្ម ដោយ​បាន​បញ្ជាក់​ពីសារ​សំខាន់​នៃ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ថ្មី សម្រាប់​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ និង​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ ​ទី​៤ មក​រា ឆ្នាំ​២០១៦ ព្រមទាំង​សារសំខាន់​នៃ​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ដែល​ទើបត្រូវ​បាន​អនុម័ត​នា​ពេល​ថ្មី​ៗ​នេះ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត៕

ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០១៦

ប្រភពៈ កោះសន្តិភាព


Leave a Comment