ប្រមុខ​រាជរដ្ឋាភិបាល​ផ្ដល់​អា​នុ​សាសន៍​7​ចំណុច​ក្នុង​វិស័យ​ស្រូវ​អង្ករ

ប្រមុខ​រាជរដ្ឋាភិបាល​ផ្ដល់​អា​នុ​សាសន៍​7​ចំណុច​ក្នុង​វិស័យ​ស្រូវ​អង្ករ

រាជធានី​ភ្នំពេញ ៖ តាម​ការ​ព្យាករ​របស់​របស់​អង្គការសហប្រជាជាតិ ប្រជាជន​នៅ​លើ​ពិភពលោក​នឹង​កើនឡើង​ដល់​៩​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៤០ ដែល​នឹង​ធ្វើ​ឲ្យ​សំពាធ​នៃ​សុវត្ថិភាព​ស្បៀងអាហារ និង​អាកាសធាតុ កាន់តែ​មាន​ទម្ងន់​មក​លើ​ពិភពលោក​ទាំងមូល ។ កម្ពុជា​ជា​ប្រទេស​ដែល​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ផ្នែក​កសិកម្ម ជា​ពិសេស​វិស័យ​ស្រូវ​អង្ករ​ដើម្បី​ជួយ​ការពារ​សុវត្ថិភាព​ស្បៀងអាហារ​ទាំង​ ក្នុង​និង​ក្រៅប្រទេស ដូច្នេះ​កម្ពុជា​ត្រូវ​តែ​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ​ជា​ចាំបាច់ ។ កម្ពុជា មាន​សក្ដានុពល​ខ្ពស់​ណាស់​ក្នុង​វិស័យ​កសិកម្ម​ដោយ​មាន​ផ្ទៃដី​រាបស្មើ មាន​ជីជាតិ​ល្អ និង​មាន​ប្រភព​ទឹកធំ ដូច្នេះ​កម្ពុជា​មាន​ប្រៀប​ច្រើន​បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត ប៉ុន្តែ​ក៏​ត្រូវការ​រៀបចំ និង​វិនិយោគ​ថែម​មួយ​កម្រិត​ទៀត​ផង​ដែរ ។

យោង​តាម​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នៅ​ឆ្នាំ​២០១០ មាន​គោលដៅ​ធំ​ៗ២ គឺ ១-​ជំរុញ​ការ​ផលិត​ស្រូវ​លើស​ឱ្យ​បាន​ច្រើន​ជាង​៤​លាន​តោន ក្នុង​នោះ​បរិមាណ​អង្ករ​សម្រាប់​នាំ​ចេញ​ត្រូវ​សម្រេច​ឱ្យ​បាន​យ៉ាងតិច​១​ លាន​តោន និង​២-​បើក​ឈ្មោះ​អង្ករ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ។
ទាក់ទង​ នឹង​បញ្ហា​ខាងលើ​នេះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥ នា​ព្រឹក​ថ្ងៃ​ទី​២៥ មក​រា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សហការ​ជាមួយ​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម ថា ៖ « ជា​រួម យើង​សម្រេច​បាន​នូវ​គោលដៅ​ទី ២ យ៉ាង​ត្រចះ​ត្រចង់ ដោយ​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​កាន់​ទីផ្សារ​នានា​នៅ​លើ​ពិភពលោក​ជាង​៦០​ ប្រទេស ។ ជាមួយ​គ្នា​នេះ​ដែរ អង្ករ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ជា​អង្ករ​ឆ្ងាញ់​បំផុត​នៅ​លើ​ពិភពលោក​ ជា​បន្តបន្ទាប់ ។ ចំណែក​គោលដៅ​ទី​១ យើង​សម្រេច​បាន​១ និង​១​ភាគ​២ ពោល​គឺ​បរិមាណ​ស្រូវ​ដែល​លើស​តម្រូវការ​ក្នុងស្រុក​បាន​កើនឡើង​ពី​៣​លាន ៥​សែន​តោន​នៅ​ឆ្នាំ​២០០៩ ដល់​៤​លាន ៧​សែន​តោន​នៅ​ឆ្នាំ​២០១៥ ។ ចំណែក​គោលដៅ​នៃ​ការ​នាំ​ចេញ គឺ​យើង​សម្រេច​បាន​ពាក់កណ្តាល ដោយ​នាំ​ចេញ​អង្ករ​បាន​ប្រមាណ​៥៣​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៥ នៃ​គោលដៅ​១​លាន​តោន ។ ដូច្នេះ សម្រេច​បាន​៨៧,៥% និង​គោលដៅ​ដែល​បាន​ដាក់​ចេញ​អាច​ចាត់​ទុក​បាន​ថា ជា​លទ្ធផល​ល្អ​ប្រសើរ​គួរ​ជាទី​មោ​ទ​នៈ » ។

សម្រាប់​វិស័យ​ស្រូវ អង្ករ​នេះ សម្តេច​តេ​ជោ​យល់​ឃើញ​ថា នៅ​តែ​ជា​វិស័យ​ដ៏​មាន​សក្តានុពល​នៅ​ថ្ងៃ​អនាគត ពីព្រោះ​តម្រូវការ​អង្ករ​ដែល​ជា​ស្បៀង​នេះ នឹង​ចេះ​តែ​កើនឡើង​ជាមួយនឹង​កំណើន​ចំនួន​ប្រជាជន​ក្នុង​ពិភពលោក ទោះបីជា​នៅ​ពេល​ប្រទេស​កាន់តែ​មាន​ចំណូល​ខ្ពស់ ការ​បរិភោគ​អង្ករ​កាន់តែ​តិច​ក្តី ។ ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ជំរុញ​ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​កិច្ចសហការ​ជាមួយ​ភាគី​ ពាក់ព័ន្ធ​ទាំងអស់​ក្នុង​គោលដៅ​ពង្រឹង​នូវ​សមត្ថភាព​ប្រកួតប្រជែង និង​ការ​សម្រួល​ដល់​ធុរជន​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​កម្ពុជា ។

ទាក់ទិន​នឹង​ការ​ជំរុញ​វិស័យ​នេះ សម្តេច​តេ​ជោ បាន​ទាញ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ចំណុច​គន្លឹះ​មួយ​ចំនួន​ដូច​ជា ៖
១-​ប្រព័ន្ធ​ធារាសាស្ត្រ គឺជា​ធាតុ​ចូល​ដ៏​ចាំបាច់​ក្នុង​ការ​ធ្វើ​កសិកម្ម  ៖
ប្រព័ន្ធ ​ធារាសាស្ត្រ​របស់​យើង​នៅ​មិន​ទាន់​គ្របដណ្តប់​លើ​ផ្ទៃដី​ដាំ​ស្រូវ​បាន​ធំ​ ទូលាយ​នៅឡើយ ដូច្នេះ​ក្រសួង​ធនធានទឹក និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​គ្នា​ក្នុង​ការ​បន្ត​ស្តារ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ និង​ស្វែងរក​យន្តការ​ក្នុង​ការ​គ្រប់គ្រង​ទឹក​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ផ្តល់​លទ្ធភាព​ដល់​កសិករក្នុង​ការ​ធ្វើស្រែ​បាន​ច្រើន​ដង ចាប់ពី​១​ដង​ទៅ​២​ដង ឬ​ពី​២​ដង​ទៅ​៣​ដង​ក្នុង​មួយ​ឆ្នាំ ។

២-​ការ​លើក​ស្ទួយ​ម៉ាក​អង្ករ​កម្ពុជា និង​ការ​ស្វែងរក​ទីផ្សារ​ជា​ការ​ចាំបាច់ ៖
កន្លង ​មក អង្ករ​ផ្ការំដួល​របស់​កម្ពុជា​យើង បាន​ជាប់​ចំណាត់ថ្នាក់​ជា​អង្ករ​មានគុណ​ភាពល្អ​បំផុត​នៅ​លើ​ពិភពលោក​៣​ឆ្នាំ ​ជាប់​គ្នា គឺ​ឆ្នាំ​២០១២, ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ។ នេះ​គឺជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​នូវ​ កិត្យានុភាព​អង្ករ​របស់​យើង​នៅ​ក្រៅប្រទេស ។

ក្នុង​ន័យ​នេះ សម្តេច​សូម​ឱ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​ម៉ាក​រួម​របស់​អង្ករ​ កម្ពុជា ហើយ​ត្រូវ​ចុះបញ្ជី​ឱ្យ​បាន​ច្បាស់លាស់ ។ ទន្ទឹម​នឹង​នេះ ត្រូវ​មាន​យន្តការ​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​លើ​ការ​ប្រើប្រាស់​ម៉ាក និង​ការ​ក្លែងបន្លំ​ដោយ​ប្រការ​ណាមួយ ។

៣-​ការ​ផលិត​ពូជស្រូវ​ឱ្យ​ស្រប​តាម​តម្រូវការ​របស់​ទីផ្សារ ៖
ចំណុច ​នេះ​ត្រូវ​មាន​ភាព​ស៊ីសង្វាក់​គ្នា​រវាង​អ្នក​ផលិត និង​អ្នក​កែ​ច្នៃ​នាំ​ចេញ ទាំង​បរិមាណ ទាំង​ទំហំ និង​ប្រភេទ​ស្រូវ ។ ភាព​មិន​ស៊ីសង្វាក់​គ្នា​នៅ​ក្នុង​ចង្វាក់​ផលិតកម្ម​នេះ គឺជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​យើង​មាន​ស្រូវ​លើស បុ​៉​ន្តែ​ការ​នាំ​ចេញ​របស់​យើង​នៅ​មាន​កម្រិត​នៅឡើយ ។ ចំពោះ​បញ្ហា​នេះ កសិករ​ដាំ​ស្រូវ​ជលសារ​, នាងខុន ។​ល​។ រីឯ​អ្នក​នាំ​ចេញ គឺ​នាំ​ចេញ​អង្ករ​ផ្ការំដួល ដែល​ធ្វើ​ឱ្យ​អ្នក​ផលិត​ស្រូវ​ហើយ​គ្មាន​ទីផ្សារ​លក់ ឬ​មាន​ទីផ្សារ​ហើយ ខ្វះ​ស្រូវ​កិន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រូវការ ។

៤-​ការ​ផ្តោត​លើ​ពូជស្រូវ​ផ្ការំដួល ដែល​ជា​ពូជ​មានគុណ​ភាព​ខ្ពស់ និង​មាន​ទីផ្សារ ៖
គួរ ​ជំរុញ​កសិករ​ក្នុង​ការ​ដាំ​ដុះ​ពូជ​ទៅ​តាម​ប្រភេទ​ដី​ដែល​អំណោយផល ។ ប៉ុន្តែ​ស្រូវ​ផ្ការំដួល​ជា​ស្រូវ​ប្រកាន់​រដូវ ដែល​ផលិត​បាន​តែ​ក្នុង​រដូវវស្សា​មួយ​ដង​ក្នុង​មួយ​ឆ្នាំ ។ ទន្ទឹម​នឹង​នេះ ក៏​ត្រូវ​បង្កើន​ការ​ផលិត​ពូជស្រូវ​ផ្សេង​ទៀត​ដែល​មិន​ប្រកាន់​រដូវ ផលិត​បាន​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ និង​មាន​តម្លៃ​ខ្ពស់​ជាង​អង្ក​រស ។

យើង​មានពូជ​ស្រូវ​ខ្លះ​ជា​ស្រូវ​ក្រអូប ជា​ពូជ​មិន​ប្រកាន់​រដូវ ហើយ​លក់​បាន​តម្លៃ​ថ្លៃ​ជាង​អង្ក​រស​ធម្មតា ។ គួរ​ជំរុញ​ការ​ដាំ​ពូជ​ដែល​មាន​លក្ខណៈ​ប្រភេទ​នេះ ដើម្បី​បង្កើន​នូវ​អង្ករ​សម្រាប់​ការ​នាំ​ចេញ ។ ជាមួយ​គ្នា​នេះ​ដែរ ក៏​ជួយ​ដល់​ការ​ធានា​និរន្តរភាព​ផ្គត់ផ្គង់ និង​ដំណើរការ​នៃ​ការ​កែ​ច្នៃ​របស់​រោង​ម៉ាស៊ីន​ឱ្យ​ដំណើរការ​បាន​ក្នុង​ គំនិត​អតិបរមា​នៃ​សមត្ថភាព​របស់​ខ្លួន ។

៥-​ការ​ផលិត​ពូជ​សុទ្ធ​ឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការ​ដាំ​ដុះ ៖
ពូជ ​គ្រឹះ​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) គួរ​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​ផលិត​ពូជ​បន្ត​ពី​ពូជ​គ្រឹះ​នេះ ដោយ​ជ្រើសរើស​គ្រាប់ពូជ​សុទ្ធ​ល្អ​ដើម្បី​ផ្គត់ផ្គង់​ពូជ​នេះ​ទៅ​ឱ្យ​កសិករ ។ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​សិក្សា​លើ​យន្តការ​វាយតម្លៃ​គុណភាព​ពូជ​ឱ្យ​បាន​ ត្រឹមត្រូវ មុន​នឹង​ផ្គត់ផ្គង់ ចៀសវាង​ការ​ក្លែងបន្លំ​គុណភាព ដែល​ប៉ះពាល់​ដល់​ទំនុកចិត្ត​ក្នុង​ការ​ប្រើប្រាស់​ពូជ ក៏​ដូច​ជា​ផលិតផល​ស្រូវ​ដែល​ត្រូវ​រំពឹង​ទុក ។

៦-​ការ​កាត់​បន្ថយ​ថ្លៃដើម ជា​កត្តា​មួយ​សំខាន់​ក្នុង​ការ​បង្កើន​ការ​ប្រកួតប្រជែង​សម្រាប់​វិស័យ​ស្រូវ អង្ករ​ជាមួយ​ប្រទេស​ដទៃ​ទៀត ៖
កន្លង ​មក រាជរដ្ឋាភិបាល​បាន​ខិតខំ​ក្នុង​ការ​ជួយ​សម្រួល​ដល់​វិស័យ​ស្រូវ អង្ករ តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​, ការ​សម្រួល​កម្រៃ​មួយ​ចំនួន​នៅ​កំពង់​ផែ​, ការ​អនុគ្រោះ​ពន្ធ​លើ​តម្លៃបន្ថែម​លើ​ការ​នាំ​ចូល​គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម​ដែល​បម្រើ​ឱ្យ​វិស័យ​ស្រូវ​អង្ករ​, ការ​សម្រួល​ដល់​ការ​នាំ​ចេញ​តាម​រយៈ​ការ​សុំ​វិញ្ញាបនបត្រ​សម្គាល់​ប្រភព​ ដើម​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ និង​បញ្ចុះតម្លៃ​អគ្គិសនី ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ក្នុង​ពេល​ខាង​មុខ ជាដើម ។ លើស​ពី​នេះ​ទៀត ក៏​ត្រូវ​យកចិត្តទុកដាក់​ផង​ដែរ​ក្នុង​ការ​ស្តារ និង​អភិវឌ្ឍន៍​ផ្លូវដែក ផ្លូវទឹក ដើម្បី​បន្ថយ​ថ្លៃដើម និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​នៃ​ទំនិញ​របស់​យើង​នៅ​ក្នុង​ទីផ្សារ​ អន្តរជាតិ ។

៧-​ឃ្លាំង និង​ម៉ាស៊ីន​ស​ម្ងួ​ត ជា​កត្តា​ចម្បង​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​របស់​រោង​ម៉ាស៊ីន​កម្ពុជា ៖
ដូច្នេះ ត្រូវ​ជំរុញ​ការ​វិនិយោគ​បន្ថែម​នូវ​ម៉ាស៊ីន​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក ដើម្បី​ឱ្យ​ការ​ប្រមូល​ទិញ​ស្រូវ​ស្តុក​បាន​បរិមាណ​ច្រើន​សម្រាប់​ការ​នាំ​ ចេញ ។ ករណី​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​និង​កំពុង​ពិភាក្សា​ជាមួយ​ភាគី​ចិន​ក្នុង​ការ ​សាងសង់​ឃ្លាំង​មួយ​ចំនួន​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ឃ្លាំង និង​ម៉ាស៊ីន​ស​ម្ងួ​ត​នេះ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បន្ត​ថា ៖ « ការ​ពិត កំណើន​ល្អ​ក្នុង​វិស័យ​កសិកម្ម នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​ភាគច្រើន​លើសលប់​ដែល​ប្រកប​របរ​កសិកម្ម ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​កំណើន​នេះ ហើយ​ជីវភាព​របស់​ពួក​គាត់ ក៏​នឹង​ត្រូវ​បាន​លើកតម្កើង​បន្ថែម​មួយ​កម្រិត​ទៀត ។ ពិត​ណាស់ ជោគជ័យ​នៃ​វិធានការ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​មកនេះ និង​ចំណុច​លើ​ការ​អនុវត្ត​ជាក់ស្តែង ហើយ​កិច្ចការ​នេះ​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​សម្របសម្រួល និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ជា​ពិសេស ត្រូវ​មាន​ជំហរ​ដឹកនាំ និង​សកម្ម​គ្រប់គ្រង​ពី​សំណាក់​ក្រសួង ស្ថាប័ន និង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ » ។

ក្នុង​ឱកាស​នោះ​ដែរ លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​សំណូមពរ​រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែល​មាន​ សមាសភាព​ពី​ក្រសួង​ពាក់ព័ន្ធ​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួង​ធនធានទឹក និង​ឧត្តុនិយម ដែល​មាន​តួនាទី​ជួយ​សម្រួល​រាល់​សកម្មភាព និង​ផែនការ​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ស្រូវ​អង្ករ ព្រោះថា​ប៉ុន្មាន​ឆ្នាំ​កន្លង​មក វិស័យ​ស្រូវ​អង្ករ​មាន​ស្ថានភាព​ពិបាក ថ្វី​ត្បិត​តែ​ការ​នាំ​ចេញ​អង្ករ​មាន​កំណើន​ក៏​ដោយ តែ​តម្លៃ​ស្រូវ​អង្ក​រលើ​ទីផ្សារ​បាន​ធ្លាក់​ចុះ​ដែល​ធ្វើ​ចំណូល​ពី​ការ​នាំ ​ចេញ​អង្ករ​ធ្លាក់​ចុះ បង្កើត​សំពាធ​យ៉ាង​ខ្លាំង​ដល់​ម៉ា​ស៊ី​កិនស្រូវ ក៏​ដូច​ជា​កសិករ​ផង​ដែរ ៕

ថ្ងៃទី២៦ខែមករាឆ្នាំ២០១៦

ប្រភពៈ ​កោះសន្តិភាព


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment