រដ្ឋាភិបាល​កំពុង​តែ​ជម្នះ​ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សូត្រ​រស់​ឡើង​វិញ

រដ្ឋាភិបាល​កំពុង​តែ​ជម្នះ​ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សូត្រ​រស់​ឡើង​វិញ

ភ្នំពេញៈ ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​រហ័ស​នៃ​ឧស្សាហកម្ម​សូត្រ​របស់​ប្រទេស​ កម្ពុជា​រដ្ឋាភិបាល​កំពុង​ស្វែងរក​ការ​ធ្វើឲ្យ​រស់​ឡើង​វិញ​របស់​វិស័យ​នេះ​ ជាមួយ​នឹង​​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ថ្មី​​ក្នុង​គោលបំណង​ធ្វើ​​ឲ្យ​​ការ​ ចិញ្ចឹម​ដង្កូវ​នាង​ក្នុង​ស្រុក​កាន់តែ​ទំនើប មាន​ស្ថិរភាព និង​រួម​គ្នា​​។ នេះ​បើ​​​តាម​មន្ដ្រី​ថ្លែង​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ឧស្សាហកម្ម​ថ្មី​នេះ ​​។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ និង​ជា​ប្រធាន​​គណៈកម្មការ​អភិវឌ្ឍន៍​ និង​​​លើក​កម្ពស់​វិស័យ​សូត្រ​កម្ពុជា​ថ្លែង​ថា​គំនិត​ផ្តួចផ្ដើម​​ដែល​បាន​ ដឹកនាំ​ដោយ​រដ្ឋាភិបាល​នឹង​​ស្វែងរក​ការ​គាំទ្រ​​ពី​ម្ចាស់​​ជំនួយ​ អន្តរជាតិ​ និង​វិនិយោគិន​ដើម្បី​សា្ដរ​ឧស្សាហកម្ម​សូត្រ​​ដែល​​កាន់​តែ​ចុះ​ខ្សោយ​របស់ ​ប្រទេស​នេះ​។ យុទ្ធសាស្ដ្រ​នេះ​មាន​បំណង​​ឆ្ពោះ​ទៅ​រក​ការ​ផលិត​ផលិតផល​សូត្រ​ដែល​មាន​​ តម្លៃ​ខ្ពស់​ដើម្បី​បង្កើត​ការងារ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​​​ក្នុង​សហគមន៍​ជនបទ​ជាពិសេស​​​ក្នុង​ចំណោម​ ស្រី្ដ​។​ ​

លោក​​ថ្លែង​ថា​៖ «​យើង​ចង់​ស្វែងរក​ដៃគូ​វិនិយោគ​ដោយសារ​តែ​នៅ​ពេល​នេះ​សូត្រ​គឺជា​អាជីវកម្ម ​ដែល​មាន​ទ្រង់ទ្រាយ​លក្ខណៈ​គ្រួសារ​ និង​​ការ​នាំ​ចេញ​គឺ [តិច​បំផុត​] ដោយសារ​តែ​គុណភាព​អន់​»​។

គណៈកម្មការ​នេះ​បាន​ធ្វើ​សេចក្តី​ព្រាង​យុទ្ធសាស្ដ្រ​ជាមួយ​នឹង​ការ​ គាំទ្រ​របស់​ក្រសួង​ពាណិជ្ជកម្ម​ និង​ជំនួយ​បច្ចេកទេស​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ ​(ITC)​ ដែល​ជា​ផ្នែក​​មួយ​របស់​ក្រុម​ធនាគារ​ពិភពលោក​។ ​គ្មាន​ថវិកា ឬ​របៀបវារៈ​ត្រូវ​បាន​ប្រកាស​នោះ​ទេ​។

ប៉ុន្តែ ITC ដែល​​បាន​ធ្វើ​ការងារ​យ៉ាង​ដិតដល់​ជាមួយ​ឧស្សាហកម្ម​សូត្រ​របស់​កម្ពុជា​ ចាប់​តាំងពី​ឆ្នាំ​ ២០០៣ និង​បាន​ជួយ​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​ឲ្យ​ចូល​ដល់​ទីផ្សារ​អន្តរជាតិ​ អះអាង​ថា​វា​នឹង​ជា​ម្ចាស់​ជំនួយ​មួយ​សម្រាប់​គំនិត​ផ្ដួចផ្ដើម​នេះ​។

លោក​ Xuejun ​Jiang ប្រធាន​ការិយាល័យ​ ITC ​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ថ្លែង​ថា​អង្គការ​របស់​លោក​បាន​​ ផ្ដល់​អាទិភាព​ដល់​វិស័យ​​សូត្រ​របស់​កម្ពុជា​ដោយសារ​តែ​ភាគច្រើន​អ្នក​ តម្បាញ​ ២០ ០០០ ​នាក់​របស់​ប្រទេស​នេះ​គឺជា​ស្ដ្រី​។

លោក​បញ្ជាក់​ថា​៖ «​មូលហេតុ​ផ្សេង​ទៀត​គឺ​ដោយសារ​ដោយ​ផ្អែក​​លើ​ការ​សិក្សា​ជាច្រើន​យើង​បាន​ សន្និដ្ឋាន​ថា​សូត្រ​គឺជា​ផលិតផល​ដែល​​មាន​សក្ដានុពល​ល្អ​សម្រាប់​ការ​នាំ​ ចេញ​»​។

លោក​បន្ត​ថា​៖ «​យើង​​បាន​និង​កំពុង​ធ្វើ​ការងារ​យ៉ាង​ដិតដល់​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ នៅក្នុង​វិស័យ​សូត្រ​ប៉ុន្តែ​មាន​តែ​វិស័យ​​ឯកជន​ប៉ុណ្ណោះ​អាច​ធ្វើ​​ ពាណិជ្ជកម្ម​បាន​ពិត​ហើយ​នេះ​​នឹង​ទាមទារ​​ឲ្យ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​»​។

ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ព្រម​ទាំង​ការ​ប្ដេជ្ញាចិត្ត​​របស់​ម្ចាស់​​ ​ជំនួយ​អន្តរជាតិ​មាន​សារៈសំខាន់​​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​របស់​ហាង​ សិប្បករ​អង្គរ​​ (Artisans Angkor) ដែល​ប្រតិបត្តិការ​កសិដ្ឋាន​សូត្រ​​ និង​រោងជាង​នៅ​ខេត្ត​សៀមរាប​ និង​ជា​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​សូត្រ​​​ឈាន​មុខ​គេ​ជាច្រើន​របស់​ ប្រទេស​នេះ។

គម្រោង​មុនៗ​សំដៅ​កែលម្អ​បច្ចេកទេស​បង្កាត់​សូត្រ​កម្មវិធី​បណ្ដុះបណ្ដាល ​ការឌីហ្សាញ ការ​ជំរុញ​​ឲ្យ​មាន​ការ​ដាំដុះ​ដើមមន​ក្នុង​ស្រុក​ដែល​ជា​ប្រភព​អាហារ​របស់​ ដង្កូវ​នាង​ និង​​ការ​លើក​កម្ពស់​ការ​ជួញដូរ​។

លោក​អគ្គលេខាធិការ​របស់​ហាង​សិប្បករ​អង្គរ (Artisans Angkor) ​បាន​ថ្លែង​ថា​៖ «​​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ក្នុង​ចំណោម​កិច្ចខិតខំ​ប្រឹង​ជាច្រើន​ ចុងក្រោយ​​នឹង​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​​ពូជ​ដង្កូវ​នាង​សមរម្យ​បំផុត​​ សម្រាប់​ដី​ និង​លក្ខខណ្ឌ​អាកាសធាតុ​របស់​​កម្ពុជា​»​។

លោក​ថ្លែង​ថា​អនាគត​ឧស្សាហកម្ម​សូត្រ​របស់​កម្ពុជា​ពឹង​លើ​ការ​ដាំដុះ​ ដើមមន​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ផ្ដល់​ចំណី​ដល់​ដង្កូវ​នាង​​ដែល​​ផលិត​ សូត្រ​មាន​គុណភាព​ខ្ពស់​ និង​សម្រាប់​ក្រុមហ៊ុន​ផលិត​សូត្រ​ដើម្បី​អភិវឌ្ឍ​គំនិត​ច្នៃប្រឌិត​ការ​ បង្កើត​ឡើង​ដែល​ទាក់ទាញ​អតិថិជន​ក្នុង​ និង​ក្រៅ​ស្រុក​។

លោក​បន្ថែម​ថា​៖ «​កំណើន​អនាគត​របស់​ឧស្សាហកម្ម​សូត្រ​នឹង​​ពឹង​មួយ​ផ្នែក​​​លើ​ស្ថិរភាព​នៃ​ សមាសភាព​ផ្សំ​នីមួយៗ​របស់​ចង្វាក់​តម្លៃ​​»​។

លោក​បញ្ជាក់​ថា​៖ «​ភាព​​ជោគជ័យ​នៃ​ការ​ស្រាវជ្រាវ​ក្នុង​ការ​បង្កាត់​ពូជ​ដង្កូវ​នាង​​ ត្រឹមត្រូវ​ដែល​នឹង​ផលិត​ទិន្នផល​ខ្ពស់​របស់​សរសៃ​សូត្រ និង​ការ​អាច​រក​បាន​ពង​​ដង្កូវ​នាង​របស់​អ្នក​បង្កាត់​ពូជ​មាន​សារៈសំខាន់​ ក្នុង​ការ​ធានា​ឲ្យ​ប្រាកដ​ពី​ភាព​អាច​រក​បាន​សរសៃ​សូត្រ​​កម្ពុជា​មាន​ គុណភាព​​នៅក្នុង​តម្លៃ​ប្រកួត​ប្រជែង​ចំពោះ​ក្រុមហ៊ុន​ផលិត​​»​។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​នាំ​ចូល​សូត្រ​​ ៣០០ ​តោន​ប្រចាំ​ឆ្នាំ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ដែល​​ចំនួន​នេះ​ ត្រូវ​បាន​លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​អះអាង​ថា ​គេ​អាច​​ផលិត​បាន​ក្នុង​ស្រុក​។

លោក​លើក​ឡើង​ថា​៖ «​វា​អាច​ធ្វើ​បាន​ [​ការ​ផលិត​សូត្រ​] នៅ​កម្ពុជា​ហើយ​វា​​មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ដូច្នេះ​ហើយ​ផ្ដល់​ អត្ថប្រយោជន៍​ដល់​ស្ដ្រី​»​។

ដោយ​គ្មាន​តួលេខ​ផ្លូវការ​លោក​បាន​ប៉ាន់​ប្រមាណ​​ការ​​ផលិត​ក្នុង​ស្រុក​ ​​មាន​ប្រហែល​ពី​ ៣​ ឬ​ ៤ ​តោន​ក្នុង​មួយ​​ឆ្នាំ​។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​ហាក់​ដូចជា​មិន​ទទួល​​ស្គាល់​តម្លៃ​របស់​ ឧស្សាហកម្ម​នេះ​ទេ​៕

ថ្ងៃទី២៨ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment