រដ្ឋាភិបាល​ជំរុញ​ឯកជន

ភ្នំពេញៈ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ចែកចាយ​ឯកជន​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​រួច​ហើយ​ ត្រូវ​បង្កើន​នីតិវិធី​របស់​ខ្លួន​នៃ​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក្នុង​ការ​ចែកចាយ​អគ្គិសនី​ដល់​ទីតាំង​ដែល​បាន​កំណត់​ទិសដៅ​ពី​អគ្គិសនី​មេ ខណៈ​រដ្ឋាភិបាល​គ្រោង​នឹង​ចែក​ចាយ​អគ្គិសនី​ដល់​គ្រប់​ភូមិ​ទាំង​អស់​ត្រឹម​ ឆ្នាំ​ ២០២០។

លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ចែក​ចាយ ​៣៣៧ ដល់​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​សាងសង់​បណ្ដាញ​ចែក​ចាយ​បន្ត​នៅ​ទូទាំង​ ប្រទេស។

អាជ្ញា​ប័ណ្ណ​នេះ​ត្រូវ​បាន​សន្មត​ថា​ អាច​គ្រប​ដណ្ដប់ ​៩៥,៧​ ភាគរយ​ ក្នុង​ចំណោម​ភូមិ​ទាំង​អស់​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​អ្នក​កាន់​កាប់​អាជ្ញាប័ណ្ណ​ទើប​តែ​បាន​សាងសង់​បាន​ប្រមាណ ៦៦,៥ ​ភាគរយ​តែ​ប៉ុណ្ណោះ​នៃ​ភូមិ​ទាំង​អស់​ដែល​បាន​កំណត់​រហូត​មក​ដល់​ពេល​នេះ ហើយ​អាជ្ញាធរ​និង​បន្ត​ជំរុញ​ក្រុមហ៊ុន​ឲ្យ​បន្ត​សាងសង់​បណ្ដាញ​ដែល​នៅ​សល់​ ឲ្យ​ហើយ​ត្រឹម​ឆ្នាំ​ ២០២០ បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​ប្រឈម​នឹង​ការ​បាត់បង់​អាជ្ញា​ប័ណ្ណ។

លោក​បាន​លើក​ឡើង​ថា៖ «ក្រុមហ៊ុន​មួយ​ចំនួន​មិន​ទាន់​បាន​សាងសង់​ឲ្យ​គ្រប់​តាម​ផែន​ការ​នៅ​ឡើយ​ ទេ។ យើង​នឹង​ជំរុញ​បន្ថែម​ទៀត​ដើម្បី​សម្រេច​គោល​ដៅ​ក្នុង​ឆ្នាំ​ ២០២០»។

លោក​បាន​បន្ត​ទៀត​ថា៖«ដើម្បី​សម្រេច បាន​ការ​សាងសង់​បណ្ដាញ​ចែកចាយ​ទូទាំង​ប្រទេស​នេះ​អាជ្ញាធរ​ត្រូវ​ការ​ទឹក​ ប្រាក់​ប្រហែល​១​ពាន់​លាន​ដុល្លារ អាមេរិក​ក្នុង​ការ​វិនិយោគ ដូច្នេះ​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ទេ យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​នឹង​វិស័យ​ឯកជន​លើ​បញ្ហា​នេះ»។

លោក​បន្ត​ទៀត​ថា៖ «តម្រូវ​ការ​ថវិកា​នឹង​កើន​ឡើង​ថែម​ទៀត​នៅ​ពេល​ប្រជាជន​កើន​ឡើង ហើយ​រដ្ឋ​កំពុង​ស្វែងរក​ប្រាក់​កម្ចី​នានា​ពី​បរទេស​ផង​ដែរ»។

ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​កាលពី​ម្សិលមិញ លោក ស៊ុយ សែម រដ្ឋ​មន្ដ្រី​ក្រសួង​រ៉ែ​និង​ថាមពល​លើក​ឡើង​ថា ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​ទីក្រុង​និង​តំបន់​ជន​បទ រដ្ឋាភិបាល​បាន​ផ្ដល់​អនុសាសន៍​ថា ក្រុមហ៊ុន​ចែក​ចាយ​ឯកជន​ត្រូវ​បង្កើន​បណ្ដាញ​ចែកចាយ​ទៅ​ដល់​ទីតាំង​ដែល​បាន​ កំណត់​ទិសដៅ​ទាំង​អស់​របស់​ខ្លួន​ដូច​ផែន​ការ​ដែល​មាន​ចែង​ក្នុង​ អាជ្ញាប័ណ្ណ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​បាន​ស្នើ​សុំ​ដល់​អ្នក​កាន់​កាប់​អាជ្ញាប័ណ្ណ​ត្រូវ​បំពេញ​ កាតព្វកិច្ច​វិនិយោគ​របស់​ខ្លួន​នៃ​បណ្ដាញ​ចែកចាយ​ទៅ​ដល់​ទីតាំង​ដែល​នៅ​សល់ ​ដែល​ស្ថិត​ក្រោម​អាជ្ញាប័ណ្ណ​របស់​ខ្លួន​ឲ្យ​លឿន​បំផុត នៅ​ក្នុង​ករណី​ដែល​អ្នក​កាន់​កាប់​អាជ្ញាប័ណ្ណ​នឹង​មិន​បំពេញ​កាតព្វកិច្ច​ របស់​ខ្លួន ក្រសួង​នឹង​អាជ្ញាធរ​នឹង​ស្វែងរក​វិនិយោគិន​ផ្សេង​ទៀត​ដាក់​ជំនួស»។

លោក​បន្ត​ថា៖ «យើង​មិន​អាច​ពន្យារ​ពេល​ការអនុវត្ត​របស់​រដ្ឋាភិបាល​បាន​ទេ ព្រោះ​តាម​លក្ខខណ្ឌ​របស់​អាជ្ញា​ប័ណ្ណ អ្នក​កាន់​កាប់​ត្រូវ​តែ​មាន​ដើម​ទុន​គ្រប់គ្រាន់​សម្រាប់​ការ​វិនិយោគ​ នេះ»។

យោង​តាម​លោក ស៊ុយ សែម រដ្ឋាភិបាល​គ្រោង​នឹង​កាត់​បន្ថយ​តម្លៃ​បន្ថែម​ទៀត​មក​នៅ​ត្រឹម​៦ ១០​ រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ដល់​អ្នក​ដែល​ប្រើប្រាស់​តិច​ជាង ​៥០ ​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ខែ។ ការ​អនុវត្ត​នេះ​នឹង​មាន​ប្រសិទ្ធភាព​ចាប់​ពី​ខែ​មេសា ​ឆ្នាំ​ ២០១៧ ហើយ​សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​តិច​ជាង​១០​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ខែ​ នឹង​ត្រូវ​បាន​គិត​តម្លៃ​តែ​ ៤៨០ ​រៀល ប៉ុណ្ណោះ ហើយ​ការ​អនុវត្ត​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ខែ ​មីនា​ ឆ្នាំ​ ២០១៦។

លោក​លើក​ឡើង​ថា រដ្ឋាភិបាល​តាម​រយៈ​មូលនិធិ​អគ្គិសនី​ភាវូបនីយកម្ម​ជន​បទ​របស់​អគ្គិសនី​ កម្ពុជា នឹង​ប៉ះប៉ូវ​ភាព​ខុស​គ្នា​រវាង​ថ្លៃ​ពិត​ប្រាកដ និង​ថ្លៃ​ដែល​កំណត់​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បើ​ក្រុមហ៊ុន​ចែក​ចាយ​ឯកជន​មិន​រក​បាន​ប្រាក់​ចំណេញ។

លោក​បន្ថែម​ថា៖ «ពិត​មែន​ហើយ​អ្នក​ធ្វើ​អាជីវកម្ម​អគ្គិសនី​មុខ​ជា​សួរ​រដ្ឋាភិបាល​ថា បើ​ចុះ​ថ្លៃ​រហូត​តើ​ធ្វើ​ម៉េច​អាច​ធ្វើ​អាជីវ​កម្ម​បាន? ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​តំណាង​ឲ្យ​រដ្ឋាភិបាល ការ​ចុះ​តម្លៃ​នេះ​ គឺ​ត្រូវ​បាន​គណនា​រួច​ហើយ​ដែល​ចំនួន​នេះ​អាច​ឲ្យ​អាជីវកម្ម​ចំណេញ​សម​ស្រប​ ប្រហែល​១០​ភាគរយ​ក្នុង​មួយ​ឆ្នាំ​លើ​ទុន​វិនិយោគ​ដែល​អ្នក​ធ្វើ​អាជីកម្ម​ អគ្គិសនី​បាន​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​មធ្យោបាយ​ចែកចាយ»។

លោក​បន្ត​ថា៖ «យើង​មិន​ឲ្យ​អ្នក​ធ្វើ​អាជីវកម្ម​ខាត​បង់​ទេ តែ​កម្រិត​ឲ្យ​ចំណេញ​ត្រឹម​តែ​ចំនួន​សម​ស្រប ​១០ ​ភាគរយ​ប៉ុណ្ណោះ»។

នៅ​ឆ្នាំ​២០១៥ កម្ពុជា​បាន​ប្រើប្រាស់​ថាមពល​អគ្គិសនី ១ ៩៨៥,៦​ មេហ្គាវ៉ាត់ ក្នុង​ចំនួន​នោះ ១ ៥៦៩ ​មេហ្គាវ៉ាត់ ​ផលិត​ក្នុង​ស្រុក ដែល​មាន​ចំនួន​ ៧៤,២​ ភាគរយ​នៃ​ថាមពល​អគ្គិសនី​ដែល​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​នេះ ខណៈ​ ២៥,៧​ ភាគរយ​ផ្សេង​ទៀត​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ដែល​រួម​មាន​ ១៣៥,៥​ មេហ្គាវ៉ាត់​ មក​ពី​ប្រទេស​ ថៃ ២៧៧ ​មេហ្គាវ៉ាត់ មក​ពី​ប្រទេស​វៀតណាម និង​៤​មេហ្គាវ៉ាត់​មក​ពី​ឡាវ៕

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment