រដ្ឋាភិបាល​លុប​ចោល​ប្លុក​ប្រេង​ពីរ​ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី RPL

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​សម្រាប់​ការ​រុករក​ប្រេង​ ក្នុង​ប្លុក​ពីរ​ក្នុង​ឈូង​សមុទ្រ​ថៃ ដោយ​សារ​តែ​ក្រុមហ៊ុន​នេះ​កាន់​កាប់​ប្លុក​ទាំង​នេះ​បាន​ដំណើរការ​តិចតួច ឬ​មិន​មាន​ការ​រីក​ចម្រើន​។ នេះ​បើ​យោង​តាម​មន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល​។

លោក ម៉េង ស័ក្តធារ៉ា អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​ប្រទេស​ម៉ាឡេស៊ី Resourceful Petroleum Limited (RPL) ដែល​គ្រប់គ្រង​ប្លុក​ពីរ គឺ​ប្លុក B និង​ប្លុក F នឹង​ត្រូវ​បាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន ហើយ​នឹង​មិន​មាន​ឱកាស​ក្នុង​ដាក់​ពាក្យ​សុំ​ជា​ថ្មី​សម្រាប់​ការ​គ្រប់គ្រង​ ប្លុក​នេះ​ទេ។

លោក​ថ្លែង​ថា​៖«​ក្រុមហ៊ុន​នេះ​មិន​បាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​។ ​ពួក​គេ​មិន​មាន​ឱកាស​ទទួល​បាន​ប្លុក​នេះ​មក​វិញ​ទេ​»។

គិត​មក​ត្រឹម​ឆ្នាំ​​ ២០១៣ ប្លុក B គឺជា​ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន RPL និង​ក្រុមហ៊ុន PTT Exploration and Production របស់​ថៃ ហើយ​ប្លុក F ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ប្រេង​ឈាន​ មុខ​គេ​របស់​ប្រទេស​ចិន Chinese National Offshore Oil Co បន្ទាប់​ពី​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ ក្រុមហ៊ុន RPL ក្រោយ​មក ។

បច្ចុប្បន្ន​នៅ​មាន​ប្លុក​ប្រេង​ពីរ គឺ​ប្លុក A គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន Kris Energy ដែល​កំពុង​ដំណើរ​ការ​ទៅ​មុខ​ក្នុង​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ចុង​ ក្រោយ​ជាមួយ​រដ្ឋាភិបាល និង​ប្លុក D បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន CPHL Cambodia ដែល​ជា​ក្រុមហ៊ុន​ដៃ​គូ​ក្នុង​ស្រុក​របស់​ក្រុមហ៊ុន Mirach Energy ប្រេង​និង​ឧស្ម័ន​ដែល​បាន​ចុះ​បញ្ជី​នៅ​ប្រទេស​សិង្ហបុរី។

យោង​តាម​លោក ស័ក្តធារ៉ា ប្រេង​សម្រាប់​ប្លុក D ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន CPHL ក៏​មិន​មាន​ភាព​វិជ្ជមាន​ផង​ដែរ​។ លោក​ថ្លែង​ថា​៖ «​យើង​ពិត​ជា​មិន​សប្បាយ​ចិត្ត​ទេ​ជា​មួយ​នឹង​ដំណើរការ​របស់​ពួក​គេ និង​បាន​បញ្ជូន​លិខិត​រួច​ហើយ​ដល់​ក្រុមហ៊ុន​នេះ​ដើម្បី​ជំរុញ​ពួកគេ​។ យើង​នឹង​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​មួយ​ក្នុងការ​ឆ្លើយតប​មុនពេល​ការ​សម្រេច​ ចិត្ត​»​។

លោក ស័ក្តធារ៉ា បាន​សន្មត​ថា ការ​រីក​ចម្រើន​យឺត​នៅ​ប្លុក​ប្រេង​ទាំង​នេះ​អាច​ដោយ​សារ​ការ​ធ្លាក់​ចុះ​ តម្លៃ​ប្រេង​ពិភពលោក​ដែល​កំពុង​បង្អាក់​ទឹក​ចិត្ត​សម្រាប់​ក្រុមហ៊ុន​ទាំង​ នេះ​។ លោក​បន្ថែម​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​មាន​ប្លុក​នៅ​លើ​ដី​គោក​ដ៏​សកម្ម​មួយ​ត្រូវ​បាន​ រុករក​ដោយ​ក្រុមហ៊ុន PetroVietnam នៅ​ប្លុក ១៥ ដែល​អាច​នឹង​ធ្វើ​ការ​ខួង​រុករក​ប្រេង​នៅ​ឆ្នាំ​នេះ​។

លោក Richard Stanger ប្រធាន​សមាគម​កម្ពុជា​សម្រាប់​ក្រុមហ៊ុន​រ៉ែ និង​ការ​រុករក បាន​ថ្លែង​ថា ក្រុមហ៊ុន​រុករក​ប្រេង​ទូទាំង​ពិភព​លោក​កំពុង​កាត់​បន្ថយ​ប្រតិបតិ្តការ​ របស់​ពួក​គេ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​។ លោក​បន្ត​ថា វា​មិនមាន​ការ​ភ្ញាក់​ផ្អើល​ដែល​ក្រុមហ៊ុន​ទាំង​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ ដូច​គ្នា​នោះ​ទេ​។

លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ជា​មួយ​នឹង​ការ​រុករក ដែល​នឹង​ផ្លាស់​ប្តូរ ហើយ​យើង​នឹង​មើល​ឃើញ​សកម្មភាព​កាន់​តែ​ច្រើន​នៅ​ពេល​តម្លៃ​កាន់​តែ​ខ្ពស់​»​ ។ គិត​មក​ត្រឹម​ថ្ងៃ​ម្សិលមិញ តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​២៧​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល​ដែល​ធ្លាក់ ​ចុះ​ពី​ការ​កើន​ឡើង​ខ្ពស់​កាលពី​ឆ្នាំ​មុន​ចំនួន​៦៧,៧៧​ដុល្លារ​អាមេរិក​ ក្នុង​មួយ​បារ៉ែល​៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment