រោងចក្រ​ស្ករស​ធំ​ជាង​គេ​នៅ​អាស៊ី​ នឹង​ដំណើរការ​ខែ​ក្រោយ​ក្នុង​ខេត្ត​ព្រះវិហារ

រោងចក្រ​ស្ករស​ធំ​ជាង​គេ​នៅ​អាស៊ី​ នឹង​ដំណើរការ​ខែ​ក្រោយ​ក្នុង​ខេត្ត​ព្រះវិហារ

ភ្នំពេញៈ គម្រោង​ដែល​មាន​តម្លៃ​​ ១,៥ ​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​កសិកម្ម​ដ៏ធំ​មួយ​​​របស់​ចិន​នឹង​បើក​ ដំណើរការ​រោងចក្រ​ស្ករស​តម្លៃ​​ ៣៦០ លាន​ដុល្លារ​ធំ​ជាង​​គេ​នៅ​អាស៊ី​នៅ​ភាគ​ខាង​ជើង​កម្ពុជា​​នៅ​ថ្ងៃ​ទី​ ១៥ មីនា​ ឆ្នាំ ២០១៦​។

Rui Feng (Cambodia) International Co. Ltd ដែល​ជា​​ផ្នែក​មួយ​នៃ​​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​របស់​​ក្រុមហ៊ុន​ចិន​ ជាច្រើន​​ដែល​ទទួល​​ដីសម្បទាន​សេដ្ឋកិច្ច​ (ELC​) ​នៅ​ខេត្ត​ព្រះវិហារ​កំពុង​បញ្ចប់​ដំណើរការ​រោងចក្រ​ស្ករស​ដែល​ទើប​នឹង​ សាងសង់​រួច​ដែល​​មាន​សមត្ថភាព​ផលិត​ ២០ ០០០​តោន​ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​​តាម​​តំណាង​​ក្រុមហ៊ុន​។

លោក គុយ យឿន ជំនួយការ​រដ្ឋបាល​ក្រុមហ៊ុន​ថ្លែង​ថា​ខ្សែ​ចង្វាក់​តែ​មួយ​គត់​របស់​រោងចក្រ ​​នេះ​អាច​កែច្នៃ​ស្ករ​អំពៅ​បាន ២០ ០០០ ​តោន​ប្រចាំ​ថ្ងៃ​ក្នុង​​ការ​​ផលិត​ស្ករស​ចម្រាញ់​ ២ ០០០ ​តោន​។ ខ្សែ​​ចង្វាក់​ផលិត​ទី​ពីរ​នឹង​ត្រូវ​បន្ថែម​​នៅពេល​អនាគត។​

លោក​ថ្លែង​ថា​៖ «​ស្ករស​ជា​​តម្រូវការ​ប្រចាំ​ថ្ងៃ​ហើយ​មាន​ទីផ្សារ​ធំ​ជាពិសេស​នៅ​អឺរ៉ុប​ និង​អាស៊ី​»​។ ​លោក​បន្ត​ថា​ដំបូង​ក្រុមហ៊ុន​ជួល​កម្មករ ១ ០០០ នាក់​ដែល​ចំនួន​នេះ​អាច​​កើន​ឡើង​ ៤ ដង​នៅ​ពេល​​ក្រុមហ៊ុន​នេះ​​បង្កើន​ការ​ផលិត​។

លោក​ថ្លែង​ថា​បច្ចុប្បន្ន​រោងចក្រ​នេះ​កំពុង​សាកល្បង​ចង្វាក់​ផលិតកម្ម​ របស់​ខ្លួន​​មុន​ពេល​​ការ​បើក​ដំណើរការ​តាម​ការ​គ្រោង​ទុក​​នៅ​ថ្ងៃ​ទី​ ១៥ ខែ​មីនា​។

លោក អ៊ុំ សុថា អ្នក​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ថ្លែង​ថា​រោងចក្រ​ស្ករស​នេះ​គឺជា​​ផ្នែក​មួយ​នៃ​​គម្រោង​ ដ៏ធំ​តម្លៃ​​ ១,៥ ​ពាន់​លាន​​ដុល្លារ​អាមេរិក​ជាមួយ​នឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន ​ដែល​នឹង​រួមមាន​រោងចក្រ​ថាមពល​រោងចក្រ​ផលិត​ជី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​ដូចជា​មន្ទីរពេទ្យ​ និង​សាលារៀន​។

លោក​ថ្លែង​ថា​៖ «​វា​ជា​គម្រោង​ដ៏ធំ និង​មាន​ច្រើន​​មិន​គ្រាន់តែ​រោងចក្រ​ស្ករស​នេះ​ទេ​។ រោងចក្រ​ដែល​​ក្រុមហ៊ុន​នេះ​កំពុង​​បង្កើត​​​ឡើង​​នៅ​ទីនេះ​នឹង​ផលិត​ សម្រាប់​ទីផ្សារ​ពិភពលោក​ប៉ុន្តែ​ភាគច្រើន​សម្រាប់​ការ​នាំ​ចេញ​ទៅ​សហភាព​​ អឺរ៉ុប​»​។

យោង​តាម​​លោក ពឹង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​ក្រុមហ៊ុន Rui Feng បាន​វិនិយោគ​ទឹក​ប្រាក់​ ៣៦០ ​​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ការ​សាងសង់​រោងចក្រ​ស្ករស និង​រោងចក្រ​ចម្រាញ់​​នៅ​លើ​ផ្ទៃដី​ ២១៤ ​ហិកតា​ហើយ​រំពឹង​ថា​នឹង​បញ្ចប់​​ផ្នែក​ដែល​នៅ​សល់​របស់​គម្រោង​នេះ​នៅក្នុង ​រយៈពេល​ ៣ ​ឆ្នាំ​ក្រោយ។

រដ្ឋាភិបាល​បាន​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ Rui Feng ៨ ៨៤១ ​ហិកតា​កាលពី​ឆ្នាំ ២០១១ សម្រាប់​​ការ​ដាំដុះ​អំពៅ​ កៅស៊ូ និង​ដើម​អាកាស្យា​។ ផ្ទៃដី​សរុប​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្តបន្ទាប់​​ប្រហែល​ ១ ០០០ ​​ហិកតា​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ជាមួយ​អ្នក​​ដែល​កំពុង​រស់នៅ​លើ​ដី​នេះ​ ។​ ក្រុមហ៊ុន​​បាន​ប្រឈម​​នឹង​ការ​តវ៉ា​ប្រឆាំង​​​​ពី​អ្នកភូមិ​ និង​កុលសម្ព័ន្ធ​ភ្នំ​ជនជាតិ​ភាគតិច​ដែល​ចោទ​ប្រកាន់​ក្រុមហ៊ុន​នេះ​ថា​បាន​ រំលោភ​យក​ដី​របស់​ពួកគេ។

ដីសម្បទាន​​សេដ្ឋកិច្ច​នៅ​ជាប់​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ បុត្រសម្ព័ន្ធ​ជាច្រើន​របស់​​ Rui Feng ដូចជា​ក្រុមហ៊ុន​ Lan Feng ក្រុមហ៊ុន Heng You ​ក្រុមហ៊ុន​ Heng Rui និង​ក្រុមហ៊ុន Heng Nong។ ជា​រួម​​ក្រុមហ៊ុន​​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ជនជាតិ​ចិន​​កាន់កាប់​ អាជ្ញាប័ណ្ណ​ដីសម្បទាន​ដាច់​ដោយ​ឡែក​ពី​គ្នា​ ៥ ដែល​គ្រប​ដណ្ដប់​លើ​​ផ្ទៃដី​សរុប​ទំហំ​​ ៤០០០០ ហិកតា​។

រោងចក្រ​ស្ករស​​ និង​រោងចក្រ​ចម្រាញ់​​ថ្មី​នេះ​នឹង​កែច្នៃ​ស្ករ​អំពៅ​ដែល​បាន​ប្រមូល​​ពី​ ដីសម្បទាន​សេដ្ឋកិច្ច​​ចំនួន ៥ ដោយ​នាំ​ចេញ​ស្ករ​​មិន​ទាន់​កែច្នៃ​ និង​ស្ករ​ចម្រាញ់​​ទៅ​សហភាព​អឺរ៉ុប ចិន និង​​ឥណ្ឌា​។

លោក ទ្រីដា បាន​ថ្លែង​ថា​រោងចក្រ​ស្ករស​ថ្មី​នេះ​គឺជា​ការ​វិនិយោគ​វិជ្ជមាន​មួយ​ សម្រាប់​ខេត្ត​ដាច់​ស្រយាល​ហើយ​នឹង​​បង្កើត​​ការងារ​ថ្មី​រាប់ពាន់​ដែល​ជា​ ការ​កែលម្អ​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន​។

លោក​បន្ត​ថា​៖ «​នេះ​គឺជា​គម្រោង​ដ៏ល្អ​ដោយសារ​​វា​នាំ​យក​ការ​វិនិយោគ​ និង​ការ​អភិវឌ្ឍ​ និង​ធានា​រក​ទីផ្សារ​សម្រាប់​កសិករ​។ កសិករ​នឹង​លែង​មាន​ការ​បារម្ភ​រយៈពេល​យូរ​អំពី​​ការ​ស្វែងរក​ទីផ្សារ​ សម្រាប់​ដំណាំ​កសិកម្ម​របស់​ពួកគេ​ហើយ​នឹង​រក​បាន​ប្រាក់​ចំណូល​​ប្រហែល​ ច្រើន​ជាង​​ពីរ​ដង​»​។

យោង​តាម​​លោក ទ្រីដា ក្រុមហ៊ុន​នេះ​​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​លើ​កិច្ចព្រមព្រៀង​​ផ្គត់ផ្គង់​ គ្រួសារ​កសិករ​មូលដ្ឋាន​ ១០០ ​គ្រួសារ​ហើយ​​បាន​យល់​ព្រម​​ក្នុង​ការ​ទិញ​អំពៅ​​ក្នុង​តម្លៃ​ចន្លោះ​​ពី​​ ៣៨ ដុល្លារ​ដល់​ ៤០ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​​តោន​។ ដី​មួយ​ហិកតា​ជាធម្មតា​​បាន​ទិន្នផល​អំពៅ​ចន្លោះ​ពី​ ៦០ ​ដល់​ ១០០ ​តោន។

កាក​សំណល់​ដែល​បាន​បង្កើត​ឡើង​ដោយ​រោងចក្រ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ការ​ផលិត​ជី​ ឬ​ក្នុង​ការ​បង្កើត​ថាមពល​អគ្គិសនី​។

លោក អ៊ុន ចិន្តា អភិបាល​រង​ខេត្ត​ព្រះវិហារ​បាន​ថ្លែង​ថា​ក្រុមហ៊ុន​ Rui Feng​ និង​​ដៃគូ​របស់​ខ្លួន​​កំពុង​ពង្រីក​តំបន់​ដាំដុះ​​របស់​ពួកគេ​ហើយ​​ដំណាំ​ អំពៅ​របស់​ពួកគេ​មួយ​ចំនួន​​នឹង​អាច​ប្រមូល​ផល​នៅ​ពេល​រោងចក្រ​នេះ​ ចាប់ផ្ដើម​ប្រតិបត្តិការ​។ លោក​ថ្លែង​ថា​៖ «​នេះ​គឺជា​រោងចក្រ​ដ៏ទំនើប​ធំ​ជាង​រោងចក្រ​នៅ​​ក្នុង​ប្រទេស​ចិន​ ៣ ដង​»​។

តាម​របាយការណ៍​រោងចក្រ​ស្ករស​នេះ​ស្ថិត​ក្នុង​ចំណោម​រោងចក្រ​ធំ​ជាង​គេ​ នៅ​តំបន់​អាស៊ី។ ថៃ​ដែល​ជា​ប្រទេស​ផលិត​​ស្ករស​ឈាន​មុខ​ទី​ ៤ ​​របស់​ពិភពលោក​ផលិត​ស្ករ​អំពៅ​ខ្ពស់​បំផុត​ ១០៦ ​លាន​​តោន​​ក្នុង​​ឆ្នាំ​ ២០១៤-២០១៥ ជាមួយ​នឹង​ទិន្នផល​ស្ករស​ ១១,៣ លាន​តោន​៕

 

ថ្ងៃទី០៤ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment