វិបត្តិ​ផ្សារ​ហ៊ុន​ធ្វើ​ឲ្យ​ទ្រព្យ​មហា​សេដ្ឋី​ធ្លាក់​ចុះ ​$៣០៥ ​ពាន់​លាន

អាមេរិកៈ ការ​ធ្លាក់​ចុះ​ផ្សារ​ហ៊ុន​កំពុង​ធ្វើ​ជោគ​វាសនា​នៃ​ទ្រព្យ​សម្បត្តិ​មហាសេ​ដ្ឋី​ពិភពលោក​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ។

ទ្រព្យ​សម្បត្តិ​របស់​ពួក​មហា​សេដ្ឋី​ពិភពលោក​ចំនួន ​៤០០ ​នាក់​បាន​ខាត​ សរុប​ ៣០៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ខែ​នេះ ​ដោយ​សារ​តែ​តម្លៃ​ភាគ​ហ៊ុន​ពិភពលោក​បាន​ធ្លាក់​ចុះ​ដ៏​អាក្រក់​ក្នុង​រយៈ​ ពេល​ ១ ​ឆ្នាំ ដោយ​សារ​ការ​កើន​ឡើង​ការ​បារម្ភ​ថា កំណើន​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​នឹង​មាន​សន្ទុះ​យឺត។

មហា​សេដ្ឋី​ទាំង​នេះ​ខាត​ប្រាក់​ជាង ​១១៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​សប្ដាហ៍​នេះ ជា​មួយ​នឹង​មហា​សេដ្ឋី​ ៧៦ ​រូប ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ហោច​ណាស់​ ១ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ខែ​មករា។ នេះ​បើ​យោង​តាម សន្ទស្សន៍​មហា​សេដ្ឋី Bloomberg Billionaires Index។

គ្រាន់​តែ​ថ្ងៃ​សុក្រ​មួយ​ថ្ងៃ មហា​សេដ្ឋី​ ៧​ រូប​បាន​ខាត​ប្រាក់​ជាង ​១ ​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​តម្លៃ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន Dow Jones Industrial Average បាន​ធ្លាក់​ចុះ​ ៣៩១ ចំណុច តម្លៃ​ភាគ​ហ៊ុន​អឺរ៉ុប​ បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ទីផ្សារ​ធ្លាក់​តម្លៃ និង​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន Shanghai Composite Index ធ្លាក់​ចុះ​ជាថ្មី​ពី​យុទ្ធនាការ​សង្គ្រោះ​រដ្ឋ​ដែល​មិន​ធ្លាប់​មាន​ពី​មុន។

លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon.com Inc បាន​នាំ​មុខ​គេ​ការ​ធ្លាក់​ចុះ​នៅ​លើ​សន្ទស្សន៍ Bloomberg ដែល​ខាត​ប្រាក់​ ៨,៩ ​ពាន់​លាន​ដុល្លារ​អាមេរិក​ចាប់​តាំង​ពី​ថ្ងៃទី​ ១​ ខែ​មករា និង ​១,៩ ​ពាន់​លាន​ដុល្លារ​អាមេរិក​ កាលពី​ថ្ងៃ​ សុក្រ នៅ​ពេល​ក្រុមហ៊ុន​លក់​រាយ​តាម​អ៊ីនធឺណិត​បាន​ធ្លាក់​ចុះ​៣,៨៥​ភាគរយ។

លោក Bill Gates ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​របស់​ពិភព​លោក បាន​ខាត​ប្រាក់ ៦,៨ ​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​នេះ និង​លោក Wang Jianlin ដែល​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​បំផុត​របស់​ប្រទេស​ចិន​ខាត​ប្រាក់​៦,៤​ពាន់​ លាន​ដុល្លារ​អាមេរិក។

មាន​តែ​មហា​សេដ្ឋី​ចំនួន​៩​រូប​ក្នុង​ចំណោម​ ៤០០​ រូប​ប៉ុណ្ណោះ​ដែល​បាន​បង្កើន​ទ្រព្យ​សុទ្ធ​របស់​ពួក​គេ​ក្នុង​ឆ្នាំ​ ២០១៦ ដែល​បាន​នាំ​មុខ​ដោយ​លោក Mukesh Ambani មហា​សេដ្ឋី​ប្រេង​របស់​ប្រទេស​ ឥណ្ឌា ដែល​ជា​ប្រធាន​ក្រុមហ៊ុន Reliance Industries Ltd មាន​មូលដ្ឋាន​នៅ​ទីក្រុង Mumbai ដែល​បាន​បន្ថែម​ប្រាក់​ ៦២០​ លាន​ដុល្លារ​អាមេរិក។

តម្លៃ​ទ្រព្យ​សុទ្ធ​រួម​គ្នា​របស់​មហា​សេដ្ឋី​ទាំង ​៤០០ ​រូប​មាន​ចំនួន ​៣,៦ ​ពាន់​ពាន់​លាន​ដុល្លារ​ដែល​ធ្លាក់​ចុះ​ ១៦​ ភាគរយ​ធៀប​នឹង​ការ​កើន​ឡើង​ ៤,៣ ​ពាន់​លាន​ដុល្លារ​ពី​ថ្ងៃ​ទី ​១៨ ​ខែ ​ឧសភា ​ឆ្នាំ ​២០១៥៕

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment