សហរដ្ឋ​អាមេរិក​សង​បំណ

ក្រុង​វ៉ាស៊ីនតោនៈ លោក John Kerry រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេរិក​នឹង​សង​បំណុល​ចំនួន​៤០០​លាន​ដុល្លារ​ និង​ការ​ប្រាក់​​ចំនួន ១,៣​ពាន់​លាន​ដុល្លារ​ឲ្យ​ប្រទេស​អុីរ៉ង់ ដែល​ជំពាក់​ចាប់​ពី​ពេល​មាន​បដិវត្តន៍​អ៊ិស្លាម​។

ការ​សង​បំណុល​នេះ​ដែល​ជា​ដំណោះស្រាយ​បណ្តឹង​មួយ​ក្រោម​ក្រប​ខ័ណ្ឌ​ តុលាការ​អន្តរ​ជាតិ ជា​ទឹក​ប្រាក់​ដាច់​ដោយ​ឡែក​មួយ​ពី​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ក្នុង ​គណនី​បរទេស​ដែល​ត្រូវ​បាន​បង្កក ដែល​អុីរ៉ង់ អាច​យក​មក​ប្រើ​ប្រាស់​បាន​វិញ​នៅ​ពេល​នេះ​ បន្ទាប់​ពី​ការ​បញ្ចប់​ទណ្ឌកម្ម​នុយក្លេអ៊ែរ។

ប៉ុន្តែ នៅ​ពេល​ប្រកាស​នេះ ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នឹង​ ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បង្ហាញ​ពី​ការ​បញ្ចប់​បញ្ហា​រវាង​គូ​បដិបក្ខ​ចាស់ ​ៗ​ទាំង​ពីរ។

លោក Barack Obama ប្រធានាធិបតី​អាមេរិក បាន​ធានា​ការ​សង​បំណុល​នេះ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​តាម​ទូរទស្សន៍​មួយ ​ពី​សេតវិមាន ដោយ​លើក​ឡើង​ថា វា​មាន​ចំនួន​តិច​ជាង​ចំនួន​ដែល​អុីរ៉ង់​បាន​ទាមទារ​ច្រើន​។

លោក​ថ្លែង​ថា៖ «​ពុំ​មាន​ផល​ប្រយោជន៍​អ្វី​ចំពោះ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​អូស​បន្លាយ​ពេល​សង​ប្រាក់​នេះ​ទេ»។

លោក Kerry បាន​ឲ្យ​ដឹង​ថា ការ​ទាមទារ​មាន​ចំនួន​៤០០​លាន​ដុល្លារ ដែល​ប្រទេស​អុីរ៉ង់​ប្រើ​ប្រាស់​ដើម្បី​ទិញ​សម្ភារ​យោធា​ពី​អាមេរិក មុន​ពេល​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ រួម​ទាំង​អត្រា​ការ​ប្រាក់​ចំនួន​១,៣​ពាន់​លាន​ដុល្លារ។

ទំនាក់​ទំនង​ការ​ទូត​រវាង​អុីរ៉ង់ និង​អាមេរិក​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ឆ្នាំ​១៩៧៩ បន្ទាប់​ពី​ការ​ធ្វើ​បដិវត្តន៍​ ដោយ​អុីរ៉ង់​ខឹង​អាមេរិក​ចំពោះ​ការ​គាំទ្រ​របប​រាជា​និយម​ដែល​ត្រូវ​បាន​ ទម្លាក់​ចេញ​នៅ​ប្រទេស​អុីរ៉ង់។

នៅ​ក្នុង​ឆ្នាំ​១៩៨១ តុលាការ​ដោះ​ស្រាយ​បណ្តឹង​រវាង​អុីរ៉ង់ និង​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទីក្រុង​ឡាអេ​ដើម្បី​ដោះ​ស្រាយ​បំណុល​ ដែល​នៅ​សេស​សល់​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ប្រទេស​អុីរ៉ង់​បាន​ដាក់​បណ្តឹង​ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​ប្រាក់​ទិញ​ អាវុធ​នោះ​មក​វិញ៕

 

ថ្ងៃទី១២ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment