សៀវភៅ​មគ្គុទេ្ទសក៍​នឹង​ដាក់​ចេញ​ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ផល​នេសាទ

ភ្នំពេញៈ សៀវភៅ​មគ្គុទ្ទេសក៍​​ សម្រួល​ការ​នាំ​ចេញ​ដែល​គេ​រំពឹង​ថា​នឹង ដាក់​ចេញ​នៅ​ខែ ​មេសា ឆ្នាំ​នេះ​នឹង​ជំរុញ​ដល់​ការ​នាំ​ចេញ​ផល​នេសាទ​របស់​កម្ពុជា។

កាល​ពី​ថ្ងៃ​ម្សិលមិញ​ កិច្ច​ប្រជុំ​ពិនិត្យ​ពិភាក្សា​លើ «​សេចក្ដី​ព្រាង​សៀវភៅ​មគ្គុទ្ទេសក៍​សម្រួល​ការ​នាំ​ចេញ​» ត្រូវ​បាន​រៀបចំ​ឡើង​ស្ថិត​ក្រោម​គម្រោង​ជលផល​សមុទ្រ កម្មវិធី​ពិពិធ​កម្ម និង​ការពង្រីក​ការ​នាំ​ចេញ​កម្ពុជា (CEDEPII) អនុវត្ត​រួម​គ្នា​ដោយ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម (UNIDO) សហការ​ជាមួយ​រដ្ឋបាល​ជលផល​។ គោល​បំណង ​គឺ​ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​ការ​នាំ​ចេញ​ផលិតផល​ នេសាទ​កម្ពុជា​។

លោក អ៊ឹង ទ្រី អគ្គនាយករង​រដ្ឋបាល​ជលផល​ថ្លែង​ថា កិច្ច​ប្រជុំ​ពិនិត្យ​ពិភាក្សា​សៀវភៅ​មគ្គុទ្ទេសក៍​សម្រួល​ការ​នាំ​ចេញ​នេះ​ ត្រូវ​បាន​ចូលរួម​ដោយ​ក្រុម​ស្ថាប័ន​ជំនាញ​ជាង​ ១០​ ពី​ក្រសួង និង​វិស័យ​ឯកជន​ដើម្បី​ចែក​រំលែក​ជំនាញ​របស់​ពួក​គេ​។

សៀវភៅ​មគ្គុទ្ទេសក៍​សម្រួល​ការ​នាំ​ចេញ​នេះ​ត្រូវ​បាន​រំពឹងថា នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​មេសា​ឆ្នាំ​២០១៦ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដល់​ក្រុមហ៊ុន​កែច្នៃ​និង​ ក្រុមហ៊ុន​នាំ​ចេញ​ជាច្រើន​។

លោក​បាន​បន្ថែម​ថា សៀវភៅ​មគ្គុទ្ទេសក៍​សម្រួល​ការ​នាំ​ចេញ​នេះ បង្ហាញ​ជា​ពិសេស​នីតិវិធី​នាំ​ចេញ ឯកសារ​នាំចេញ ឯកសារ​បញ្ជាក់​ត្រួត​ពិនិត្យ​គយ និង​តម្រូវការ​នាំចូល​របស់​ប្រទេស​នានា​។

លោក​ថ្លែង​ថា​៖ «​វា​ជា​ការ​ឆ្លើយតប​សម​ហេតុផល និង​ទាន់​ពេល​វេលា ដែល​រួមចំណែក​ដល់​ការកែលម្អ​ការ​នាំ​ចេញ​ផលិតផល​ត្រី និង​ផលិតផល​ជលផល ដែល​ប្រជាជន​ប្រហែល​ជា​៦០​ភាគរយ​ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​វិស័យ​ ជលផល​នេះ​»​។ លោក​បន្ត​ថា​៖ «​សៀវភៅ​នេះ​មាន​តួនាទី​ដ៏​សំខាន់ បន្ទាប់​ពី​យើង​បាន​ចូលរួម​ជាមួយ AEC វា​នឹង​ជួយ​សម្រួល​ដល់​វិនិយោគិន​ដែល​គ្រោង​នឹង​វិនិយោគ​នៅ​ក្នុង​វិស័យ​ ជលផល​»។

លោក Shetty Seetharama Thombathu ប្រធាន​ប្រឹក្សា​ផ្នែក​បច្ចេកទេស​គម្រោង​នេះ​បាន​ឲ្យ​ដឹង​ថា សៀវភៅ​មគ្គុទ្ទេសក៍​សម្រួល​ការ​នាំ​ចេញ​នេះ នឹង​ជួយ​បំពេញ​គម្លាត​ចំណេះ​ដឹង និង​ជួយ​សម្រួល​ដល់​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​នាំចេញ​របស់​វិស័យ​ ជលផល​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​រក​ឃើញ​ថា អ្នក​កែច្នៃ​ភាគ​ច្រើន​បាន​ជួញ​ដូរ​ត្រី​ក្រៅ​ផ្លូវ​ការ​ទៅ​ប្រទេស​ជិត​ខាង​ ដោយ​មិន​មាន​កំណត់ត្រា ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ការ​នាំ​ចេញ​ផ្លូវ​ការ ដូច្នេះ​សៀវភៅ​មគ្គុទ្ទេសក៍​សម្រួលការ​នាំ​ចេញ​នេះ​នឹង​ចែក​រំលែក​គំនិត​ដល់ ​ពួកគេ​អំពី​នីតិវិធី​នាំចេញ​តាមរយៈ​ការ​ជួញ​ដូរ​ផ្លូវការ​»៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment