សេដ្ឋកិច្ច​ចិន​កើន​ ៦,៩%​ នៅ​ឆ្នាំ​ ២០១៥

ក្រុងប៉េកាំងៈ ទិន្នន័យ​ផ្លូវ​ការ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ សេដ្ឋកិច្ច​ចិន​សម្រេច​បាន​កំណើន​ ៦,៩​ ភាគ​រយ​នៅ​ឆ្នាំ​ ២០១៥ ​ដែល​ជា​កំណើន​ប្រចាំ​ឆ្នាំ​ទាប​បំផុត​ក្នុង​រយៈ​ពេល ២៥​ ឆ្នាំ។​

ការិយាល័យ​ស្ថិតិ​ជាតិ​​ (NBS​)​​ របស់​ចិន​បាន​ឲ្យ​ដឹង​ថា ​កំណើន​សេដ្ឋកិច្ច​ចិន ​ដែល​ជា​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភព​លោក ​គឺ​ជា​ក្តី​បារម្ភ​ខ្លាំង​មួយ​ចំពោះ​ក្រុម​វិនិយោគិន​សកល ​ហើយ​កំណើន​នៅ​ត្រីមាស​ទីបួន ​ឆ្នាំ​ ២០១៥​ ក៏​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៦,៨​ ភាគ​រយ ​ផង​ដែរ ​ដែល​ជា​កំណើន​ទាប​បំផុត​គិត​ចាប់​តាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​លោក​មក។

តួលេខ​កំណើន​ទាំង​ពីរ​នេះ​ត្រូវ​គ្នា​ទៅ​នឹង​ការ​ព្យាករ​ជា​មធ្យម​របស់​ សេដ្ឋ​វិទូ​ចំនួន​ ១៨ ​នាក់​ស្ថិត​ក្នុង​ការ​អង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌​មាន ​AFP។

មេ​ដឹក​នាំ​ចិន​កំពុង​ពិចារណា​ដើម្បី​ប្រែ​ក្លាយ​គំរូ​សេដ្ឋកិច្ច​របស់​ ប្រទេស​នេះ​ឲ្យ​ងាក​ចេញ​ពី​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ការ​វិនិយោគ ​និង​ការ​នាំ​ចេញ​តែ​មួយ​ពេល​កន្លង​មក​ ដោយ​ឆ្ពោះ​មក​រក​សេដ្ឋ​កិច្ច​ពឹង​ផ្អែក​លើ​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ អតិថិជន​កាន់​តែ​ខ្លាំង​វិញ។

ការិយាល័យ​ NBS ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ថា ​ការ​កែ​ប្រែ​រចនា​សម្ព័ន្ធ​នេះ​នៅ​តែ​កំពុង​អនុវត្ត​។ ការិយាល័យ​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា៖​«​វា​គឺ​ជា​ពេលវេលា​សំខាន់​មួយ ​ដែល​យើង​ត្រូវ​ជម្នះ​បញ្ហា​ប្រឈម​ និង​ដោះ​ស្រាយ​បញ្ហា​នានា​ ហើយ​កិច្ច​ការ​ជំរុញ​កំណែ​ទម្រង់​កាន់​តែ​ស៊ី​ជម្រៅ​នៅ​តែ​ជា​ការ​ងារ​ ចាំបាច់​»។

តួលេខ​ឆ្នាំ​២០១៥ ​មាន​កម្រិត​ទាប​ខ្លាំង​ធៀប​នឹង​កំណើន​ ៧,៣​ ភាគ​រយ ​ដែល​សម្រេច​បាន​ កាល​ពី​ឆ្នាំ​ ២០១៤​។

ទីភ្នាក់​ងារ​ព័ត៌​មាន ​Xinhua ​បាន​ដក​ស្រង់​ប្រភព​ពី​ការិយាល័យ ​NBS ​ដោយ​បង្ហាញ​ថា​ វិស័យ​សេវាកម្ម​នៅ​ប្រទេស​​ចិន ​មាន​​ទំហំ​ស្មើ​នឹង​ ៥០,៥ ​ភាគ​រយ​ នៃ​កំណើន​ ផ.ស.ស​ ឆ្នាំ ​២០១៥ ​ពោល​គឺ​ជា​លើក​ដំបូង​ហើយ ​ដែល​វិស័យ​សេវា​កម្ម​មាន​ទំហំ​ច្រើន​ជាង​ ៥០ ​ភាគរយ ​នៃ​ទំហំ​សេដ្ឋកិច្ច​នៅ​ចិន​។

ការិយាល័យ​ NBS ​បាន​បន្ត​ឲ្យ​​ដឹង​ថា ​ផលិត​កម្ម​ឧស្សាហកម្ម​នៅ​ប្រទេស​ចិន​ ដែល​វាស់​វែង​ពី​ទិន្នផល​តាម​រោង​ចក្រ ​សិប្ប​កម្ម ​និង​រ៉ែ​ក្នុង​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​កើន​ឡើង​ ៥,៩​ ភាគ​រយ ​នៅ​ខែ​ ធ្នូ ឆ្នាំ​ ២០១៥ ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​ ២០១៤ ​ប៉ុន្តែ​ធ្លាក់​ចុះ​ ៦,២​ ភាគ​រយ ​ធៀប​នឹង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥។

ការ​លក់​រាយ ​ដែល​ជា​សូចនាករ​សំខាន់​នៃ​ចំណាយ​អតិថិជន​បាន​កើន​ឡើង​ ១១,១​ ភាគ​រយ​នៅ​ខែ ​ធ្នូ ​ឆ្នាំ​ ២០១៥​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ ក្នុង​ឆ្នាំ ​២០១៤ ​ទន្ទឹម​នឹង​នោះ​ដែរ ​ការ​វិនិយោគ​ក្នុង​រយៈ​ពេល​វែង ​ដែល​ជា​ការ​វាស់​វែង​ពី​ការ​ចំណាយ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​បាន​កើន​ឡើង ​១០​ ភាគ​រយ​នៅ​ឆ្នាំ​ ២០១៥​។

លទ្ធ​ផល​ទាំង​នោះ​បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​រំពឹង​ទុក​របស់​ក្រុម​ សេដ្ឋ​វិទូ។​ នេះ​បើ​យោង​តាម​ការ​អង្កេត​របស់​ទីភ្នាក់​ងារ​ Bloomberg៕

ថ្ងៃទី២០ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment