សេដ្ឋកិច្ច​ហុងកុង​នឹង​កើន​យឺត​នៅ​ឆ្នាំ​នេះ

សេដ្ឋកិច្ច​ហុងកុង​នឹង​កើន​យឺត​នៅ​ឆ្នាំ​នេះ

ក្រុង​ហុងកុងៈ ទីក្រុង​ហុងកុង​សង្ឃឹម​ថា​នឹង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​ ទាប​ជាង​ឆ្នាំ​២០១៥ ដោយ​សារ​សេដ្ឋកិច្ច​របស់​ដែន​កោះ​មួយ​នេះ អាច​នឹង​រង​ផល​ប៉ះពាល់​ដោយ​សារ​បញ្ហា​មួយ​ចំនួន​ក្នុង​វិស័យ​នាំ​ចេញ​របស់​ ខ្លួន និង​ការ​ចំណាយ​ទាប​របស់​ក្រុម​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ទីក្រុង​នេះ​ នេះ​បើ​យោង​តាម​មន្ត្រី​សេវា​ហិរញ្ញវត្ថុ​កំពូល​មួយ​រូប​របស់​ទីក្រុង​ ហុងកុង។

លោក K.C. Chan លេខា​ធិការ​ផ្នែក​សេវា​ហិរញ្ញវត្ថុ​ និង​រតនា​គារ​ក្រុង​ហុងកុង បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​នឹង​វិទ្យុ​ពាណិជ្ជកម្ម​ហុងកុង​កាល​ ពី​ថ្ងៃ​សៅរ៍​ថា៖ «​អត្រា​កំណើន​សេដ្ឋកិច្ច​អាច​មាន​កម្រិត​ទាប​ជាង​កាល​ពី​ឆ្នាំ​មុន​»។ លោក​បាន​បន្ត​ថា៖ «​រូបិយប័ណ្ណ​របស់​យើង​មាន​តម្លៃ​ខ្ពស់ ហើយ​សេដ្ឋកិច្ច​នានា​នៅ​ជុំវិញ​ទីផ្សារ​ហុងកុង​កំពុង​ចាប់​ផ្តើម​ធ្លាក់​ចុះ ដូច្នេះ​វា​បង្ហាញ​ច្បាស់​ថា សម្ពាធ​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​មាន​កម្រិត​ខ្ពស់​»។

កំណើន ផ.ស.ស របស់​ហុង​កុង ដែល​ត្រូវ​បាន​ព្យាករ​ដោយ​ក្រុម​សេដ្ឋ​វិទូ​សម្រេច​បាន​កំណើន ២,៣​ភាគ​រយ​នៅ​ឆ្នាំ​២០១៥ ពោល​គឺជា​កំណើន​ទាប​បំផុត​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក នៅ​ពេល​មាន​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន និង​អស្ថិរភាព​ទីផ្សារ​ពិភពលោក។

រូបិយប័ណ្ណ​របស់​ក្រុង ​ហុងកុង បាន​ឡើង​ថ្លៃ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដោយ​សារ​ចក្ខុ​វិស័យ​នៃ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​បន្ថែម​ទៀត​របស់​ប្រទេស​ ជប៉ុន និង​តំបន់​អឺរ៉ុប បាន​ជំរុញ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ផ្សារ​ហ៊ុន​ពិភពលោក និង​បាន​កាត់​បន្ថយ​ការ​រំពឹង​ថា ​ការ​ភ្ជាប់​ប្រាក់​ដុល្លារ​ហុង​កុង​ទៅ​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នឹង​ បញ្ចប់​។

ទីក្រុង​ហុងកុង នឹង​ចេញ​ផ្សាយ​តួលេខ​កំណើន​ ផ.ស.ស ប្រចាំ​ឆ្នាំ ២០១៥ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ។ រដ្ឋាភិបាល​ក្រុង​ហុងកុង នឹង​ប្រកាស​ពី​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០១៦ នៅ​ថ្ងៃ​នោះ​ដែរ នេះ​បើ​យោង​តាម​លោក John Tsang រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ហុងកុង​កាល​ពី​ថ្ងៃ​សុក្រ។

យោង​តាម​ការ​អង្កេត​របស់​នាយកដ្ឋាន​ជំរឿន និង​ស្ថិតិ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ចំនួន​ក្រុមហ៊ុន​នៅ​ទីក្រុង​ហុង​កុង​ដែល​រំពឹង​ថា​ត្រី​មាស​ទីមួយ​នេះ​អាច​ មាន​ស្ថានភាព​លំបាក​ខ្លាំង​ជាង​ត្រី​មាស​ទីបួន​ក្នុង​ឆ្នាំ​ ២០១៥ បាន​កើន​ឡើង ដោយ​ក្រុមហ៊ុន​ក្នុង​វិស័យ​លក់​រាយ ពាណិជ្ជកម្ម​នាំ​ចូល និង​នាំ​ចេញ​ និង​ការ​លក់​ដុំ អាច​ជា​វិស័យ​មាន​ភាព​ទុទិ្ទដ្ឋិ​និយម​ខ្លាំង​បំផុត។

មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ (IMF) បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា​ថា ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ហុងកុង​នៅ​មាន​កម្រិត ដោយ​សារ​វិធាន​ការ​ជំរុញ​សារពើពន្ធ និង​ហិរញ្ញវត្ថុ ដែល​កំពុង​អនុវត្ត​ ហើយ​មូលនិធិ​នេះ​បាន​ព្យាករ​ពីកំណើន​ផ.ស.ស របស់​ទីក្រុង​ហុងកុង​នៅ​អត្រា ២,៥​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៦៕

ថ្ងៃទី២១៥ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment