អតិថិជន​របស់​ Netflix កើន​ឡើង​នៅ​ទូទាំង​ពិភពលោក

អាមេរិកៈ កាល​ពី​ថ្ងៃ​អង្គារ​ក្រុមហ៊ុន​ Netflix បាន​រាយ​ការណ៍​ថា ខ្លួន​នៅ​តែ​ចំណេញ និង​បាន​បង្កើន​ចំនួន​អ្នក​ប្រើ​ប្រាស់​ថ្មី​ច្រើន​បំផុត​នៅ​ត្រី​មាស​ចុង​ ក្រោយ​ កាល​ពី​ឆ្នាំ​មុន ​ខណៈ​ក្រុម​ហ៊ុន​នេះ​បាន​ជំរុញ​ការ​ពង្រីក​អាជីវកម្ម​នៅ​ទូទាំង​ពិភព​លោក​។

ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ Netflix ​បាន​កើន​ឡើង​ជាង​ ៦ ​ភាគ​រយ​ដល់ ១១៥,២០ ​ដុល្លារ ​បន្ទាប់​ពី​ការ​ប្រកាស​ថា ចំនួន​សមាជិក​របស់​ខ្លួន​បាន​កើន​ឡើង​ដល់​​កម្រិត​ខ្ពស់​បំផុត ​៧៥ ​លាន​នាក់ ​និង​ថា​ក្រុម​ហ៊ុន​នេះ​ ទទួល​បាន​ប្រាក់​ចំណេញ​ចំនួន ​៤៣​លាន​ដុល្លារ​នៅ​ត្រី​មាស​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន​។

ក្រុម​ហ៊ុន ​Netflix ​ដែល​មាន​មូល​ដ្ឋាន​នៅ​ភាគ​ខាង​ជើង​រដ្ឋ​កាលី​ហ្វ័រនី​ញ៉ា​មួយ​នេះ ​បាន​កត់​ត្រា​ពី​ចំនួន​សមាជិក​ ៥,៥៩ ​លាន​នាក់​នៅ​ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​មុន​ ពោល​គឺ​មាន​ចំនួន​ច្រើន​ជាង​ការ​ព្យាករ​របស់​ទីផ្សារ​។​

ក្រុម​ហ៊ុន​ Netflix បាន​ឲ្យ​ដឹង​ថា​ សមាជិក​ភាព​សរុប​របស់​ខ្លួន​បាន​កើន​ឡើង​ច្រើន​​ជាង​ ៧៥​ លាន​នាក់​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​ការ​បញ្ចប់​បិទ​បញ្ជីជា​ផ្លូវ​ការ​នៅ​ត្រី​មាស​ទីបួន​ឆ្នាំ ​២០១៥ ​និង​ថា​ ក្រុម​ហ៊ុន​របស់​ខ្លួន​រំពឹង​ថា​ នឹង​បង្កើន​ចំនួន​សមាជិក​សរុប ​៦,១​ លាន​នាក់​នៅ​ត្រីមា​ស​ដំបូង​ក្នុង​ឆ្នាំ​នេះ​។

ក្រុម​ហ៊ុន​ Netflix ​បាន​រាយការណ៍​ពី​ប្រាក់​ចំណេញ​សុទ្ធ ៤៣​លាន​ដុល្លារ​នៅ​ត្រី​មាស​ទីបួន ​ឆ្នាំ​មុន​ បើ​ទោះ​ជា​មាន​​វិបត្តិ​​អត្រា​ប្តូរ​ប្រាក់​បរទេស​ បាន​កើត​ឡើង​ដោយ​សារ​ប្រាក់​ដុល្លារ​​អាមេរិក​មាន​តម្លៃ​ខ្ពស់ ​និង​​ការ​ចាក់​បញ្ចូល​សាច់​ប្រាក់​​ក្នុង​​ការ​ពង្រីក​អាជីវកម្ម​រហូត​ ស្ទើរ​​គ្រប់​ប្រទេស​ លើក​លែង​តែ​ប្រទេស​​ចិន​ក៏​ដោយ។

ក្រុម​ហ៊ុន​ទូរទស្សន៍​ដ៏​ធំ​មួយ​នេះ​បាន​ប្រកាស​កាល​ពី​ដើម​ខែ​នេះ​ថា ​ក្រុម​ហ៊ុន​របស់​ខ្លួន​បាន​ពង្រីក​អាជីវ​កម្ម​នៅ​ទូ​ទាំង​ពិភព​លោក​ដល់​១៩០ ​ប្រទេស ​ដោយ​ធ្វើ​ឲ្យ​សេវា​ទូរទស្សន៍​ដែល​អាច​ភ្ជាប់​ប្រព័ន្ធ​អីុនធឺណិត​បាន​របស់​ ខ្លួន​មាន​លក់​នៅ​ទីផ្សារ​ថ្មី​ចំនួន ​១៣០ ​រួម​ទាំង​នៅ​​ប្រទេស​ឥណ្ឌា​ផង​ដែរ ​លើក​លែង​តែ​នៅ​ប្រទេស​ចិន។

ក្រុម​ហ៊ុន​ Netflix ​បច្ចុប្បន្ន​កំពុង​ផលិត​ខ្សែ​ភាព​យន្ត​ដែល​ឈ្នះ​ពាន​រង្វាន់​ ជា​មួយ​នឹង​ការ​បញ្ចាំង​ និង​ខ្សែ​ភាព​យន្ត​ចាស់​ៗ​នេះ ​បាន​ដាក់​ដំណើរ​ការ​កាល​ពី​ឆ្នាំ​ ២០០៧។

លោក ​Reed ​Hastings ​សហស្ថាបនិក​ និង​ជា​នាយក​ប្រតិ​​បត្តិ​ក្រុម​ហ៊ុន​ Netflix បាន​ចាត់​ទុក​ថា ​ជា​ការ​ចាប់​កំណើត​នៃ​បណ្តាញ​ទូរទស្សន៍​ដែល​អាច​ភ្ជាប់​អីុនធឺណិត​បាន​នៅ​ ទូទាំង​ពិភព​លោក​ថ្មី​មួយ​»។​

ការ​ចូល​ទៅ​ទីផ្សារ​ចិន​យឺត​លោក ​Hastings ​មាន​សុទិដ្ឋិ​និយម​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន ​ទាក់​ទង​នឹង​ការ​ចូល​ទីផ្សារ​ប្រទេស​ចិន ​ដោយ​លោក​បាន​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​នេះ​អាច​នឹង​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​។

ក្នុង​អំឡុង​ពេល​ផ្សព្វ​ផ្សាយ​ពី​ប្រាក់​ចំណេញ​ស្រប​ពេល​នឹង​ការ​ ពិភាក្សា​ពីកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ហ៊ុន​ Netflix ក្នុង​​​ការ​ផ្តល់​កម្មវិធី​ទូរទស្សន៍​អនឡាញ​នៅ​ប្រទេស​ចិន​ លោក​​បាន​បន្ត​ថា​៖ «​យើង​មាន​ចក្ខុ​វិស័យ​រយៈ​ពេល​វែង​មួយ ហើយ​​ចក្ខុ​វិស័យ​នេះ ​អាច​​ជា​ការ​​ពិភាក្សា​រយៈ​ពេលជា​ច្រើន​ឆ្នាំ​»​។ ​លោក​បាន​បន្ត​ថា​៖«​យើង​​នឹង​ចំណាយ​ពេល​វេលា​របស់​យើង​»។​

ក្រុម​ហ៊ុន​ Netflix ​មាន​បំណង​​ផ្តល់​សេវា​ទូរទស្សន៍​ដ៏​ធំ​នេះ​ដល់​ប្រជា​ជន​ចិន តែ​ត្រូវ​ការ​ការ​អនុញ្ញាត​ពិសេស​ពី​រដ្ឋាភិបាល​ចិន​សិន​។​ ក្រុម​ហ៊ុន ​Netflix​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖​«​ប្រទេស​ផ្សេង​ទៀត ឬ​ទីផ្សារ​នានា ​ដែល​គ្មាន​សេវា​កម្ម​នេះ ​មាន​តំបន់​​គ្រីមា ​ប្រទេស​កូរ៉េ​ខាង​ជើង ​និង​ប្រទេស​ស៊ីរី ​ដោយ​សារ​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​អាមេរិក​លើ​ក្រុម​ហ៊ុន​អាមេរិក​ មួយ​ចំនួន​»។

Netflix ទើប​តែ​ប្រកាស​បើក​ដំណើរ​ការ​សេវា​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ដើម​ខែ​មករា៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment