អតិផរណា​កម្ពុជា​ឆ្នាំ ២០១៥ ធ្លាក់​មក​នៅ​អត្រា ១,២%

អតិផរណា​កម្ពុជា​ឆ្នាំ ២០១៥ ធ្លាក់​មក​នៅ​អត្រា ១,២%

ភ្នំពេញៈ តម្លៃ​ប្រេង​ឥន្ទនៈ​ជា​កក្តា​ជំរុញ​ដ៏​សំខាន់​ដែល​ជំរុញ​ឲ្យ​អត្រា​អតិផរណា​ កម្ពុជា​ធ្លាក់​ចុះ​មក​នៅ ១,២ ភាគរយ​នៅ​ឆ្នាំ ២០១៥ បើ​ធៀប​នឹង​អត្រា ៣,៩ ភាគរយ​កាល​ពី​ឆ្នាំ​ ២០១៤។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៥ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។

អ្នក​សេដ្ឋកិច្ច​យល់​ថា នេះ​ជា​អត្រា​ល្អ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ខណៈ​រដ្ឋាភិបាល​រំពឹង​ថា អត្រា​នឹង​ស្ថិត​ក្នុង ៣ ភាគរយ។

លោក តេង ដឺលុច សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្លែង​ថា អត្រា​នេះ​វា​ជួយ​បង្កើន​អំណាច​ទិញ​របស់​អតិថិជន និង​ជំរុញ​ចង្វាក់​ផលិតកម្ម​បន្ថែម​ទៀត។

លោក​ថ្លែង​ថា៖«អតិផរណា ១,២ នេះ​គឺជា​រឿង​ល្អ កុំ​ឲ្យ​តែ​បញ្ហា​បរិត្តផរណា។ មាន​អតិផរណា វា​អាច​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ខ្លះ។ បរិត្តផរណា នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សេដ្ឋកិច្ច​ជាតិ ដូចជា​នៅ​ជប៉ុន​ជាដើម»។

លោក​បន្ត​ថា កត្តា​ដែល​ជំរុញ​ឲ្យ​អតិផរណា​នៅ​កម្ពុជា​ធ្លាក់​ចុះ ដោយសារ​តម្លៃ​ទំនិញ​សំខាន់ៗ​មួយ​ចំនួន ដូចជា​ប្រេង​ឆៅ រ៉ែដែក និង​វត្ថុ​ធាតុ​ដើម​ផ្សេង​ទៀត​បាន​ធ្លាក់​ចុះ​នៅ​ទីផ្សារ​ពិភព​លោក ដែល​ជំរុញ​ការ​ចំណាយ​លើ​ថ្លៃ​ដើម​សម្រាប់​ផលិតកម្ម​ថយ​ចុះ។

របាយការណ៍ NBC បង្ហាញ​ថា នៅ​ឆ្នាំ ២០១៥ តម្លៃ​ម្ហូប​អាហារ​កើន​ឡើង​ជា​មធ្យម​ប្រមាណ ៤ ភាគរយ ខណៈ​ដែល​តម្លៃ​នៃ​ការ​ដឹក​ធ្លាក់​ចុះ ៩ ភាគរយ។

របាយ​ការណ៍​ដដែល​បង្ហាញ​ថា អត្រា​អតិផរណា​ទាប​នៅ​ក្នុង​ប្រទេស​នាំ​ទំនិញ​ចូល​មក​ កម្ពុជា ក៏​បាន​ចូលរួម​ចំណែក​ដល់​ការ​ធ្លាក់​ចុះ​អតិផរណា​របស់​កម្ពុជា​នៅ​ឆ្នាំ ២០១៥ ផងដែរ​ក្នុង​នោះ អតិផរណា​នៅ​ប្រទេស​ថៃ​ធ្លាក់​ចុះ ០,៩ ភាគរយ តៃវ៉ាន់​ធ្លាក់​ចុះ ០,៣ ភាគរយ និង​វៀតណាម​កើន ០,៦៣ ភាគរយ ដោយសារ​ការ​ធ្លាក់​ថ្លៃ​ម្ហូប​អាហារ និង​តម្លៃ​ថាមពល។

ទោះយ៉ាងណាក្តី លោកស្រី ចន្ធី អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​លើក​ឡើង​ថា បើ​ទោះ​ជា​តម្លៃ​ទំនិញ​ធ្លាក់​ចុះ​ក្តី តែ​ជាក់​ស្តែង តម្លៃ​ទំនិញ និង​សេវាកម្ម​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​មិន​ធ្លាក់​ចុះ​ឡើយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​មួយ​ចំនួន និង​ដើរ​ទិញ​ទំនិញ តែ​ជាក់​ស្តែង តម្លៃ​មិន​ប្រែប្រួល​ទេ»។ លោក​បន្ថែម​ថា ប្រហែល​ជា​តម្លៃ​ទំនិញ​នៅ​ទីផ្សារ​ដែល​គេ​ប្រមូល​សម្រាប់​យក​មក​គណនា​ សន្ទស្សន៍​តម្លៃ​ទំនិញ​នោះ​មាន​តម្លៃ​ថោក។

ADB បាន​ព្យាករ​ថា កម្ពុជា​នឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច ៧ ភាគរយ​នៅ​ឆ្នាំ ២០១៥ និង ៧,១ ភាគរយ​នៅ​ឆ្នាំ ២០១៦ ខណៈ​អតិផរណា​ត្រូវ​បាន​ព្យាករ​ថា​ស្ថិត​ក្នុង​អត្រា ១,៣ ភាគរយ​នៅ​ឆ្នាំ ២០១៥ និង ២,៧​​ ភាគរយ​នៅ​ឆ្នាំ ២០១៦៕

 

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment