អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ព្រមានដក​អាជ្ញាប័ណ្ណ​ពី​សេវាករ​ណាដែល​ល្មើស​នឹង​ច្បាប់ ឬ​កិបកេង

រាជធានី​ភ្នំពេញ ៖ លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ព្រមាន​ដល់​សេវាករ ឬ​អ្នក​វិនិយោគ​លើ​វិស័យ​អគ្គិសនី​នៅ​តាម​តំបន់​នានា​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​ថា​នឹង​ដក​អាជ្ញាប័ណ្ណ​ពី​សេវាករ​នោះ បើ​មិន​បម្រើ​ឱ្យ​ពលរដ្ឋ​ត្រឹមត្រូវ ឬ​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ខឹងសម្បា​។ លោក​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​អង្គសន្និបាត​បូក​សរុប​ការងារ​ បញ្ចប់​ឆ្នាំ​២០១៥ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « រដ្ឋាភិបាល​បាន​ផ្ដល់​សម្បទាន​អគ្គិសនី​ទៅ​ឱ្យ​ឯកជន​ជា​អ្នក​ផ្ដល់​សេវា​ បន្ត​ទៅ​ប្រជាពលរដ្ឋ តែ​បើសិនជា​គាត់​ផ្ដល់​សេវា​អគ្គិសនី​ឱ្យ​ប្រជា​ពលរដ្ឋ​មិន​ស្រប​តាម​ កិច្ចសន្យា​អាជ្ញាប័ណ្ណ​នីតិវិធី​មួយ​ចំនួន ដែល​យើង​បាន​កំណត់ ទី​១ យើង​នឹង​ព្រមាន​ដោយ​គ្រាន់តែ​ណែនាំ ទី​២ យើង​ព្រមាន​ម្ដងទៀត បូក​ជាមួយនឹង​ការ​ពិន័យ​តាម​ច្បាប់​អគ្គិសនី​ពី​៤០​ម៉ឺន​រៀល ទៅ​៤​លាន​រៀល ។ បន្ទាប់​ពី​ព្រមាន​ជា​លើក​ទី​២​ហើយ សេវាករ​នៅ​តែ​ព្រហើន មិន​ផ្ដល់​សេវា​ល្អ​តាម​អ្វី​ដែល​យើង​កំណត់ ពេល​នោះ​យើង​នឹង​ដក​អាជ្ញាប័ណ្ណ​របស់​គាត់ តែ​យើង​មិន​រំលោភ​គាត់​ទេ ដោយ​សង​ដើមទុន​ទៅ​ឱ្យ​គាត់​វិញ រួច​យក​មក​គ្រប់គ្រង​ដោយ​ខ្លួន​យើង​វិញ » ។

នៅ​ក្នុង​អង្គសន្និបាត​បូក​សរុប​នេះ​ដែរ លោក​មាន​ប្រសាសន៍​ទៀត​ថា ភាគី​ដែល​កំពុង​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ដំណើរការ​នៃ​វិស័យ​អគ្គិសនី​នៅ​ កម្ពុជា មាន​ទាំងអស់​៤​ភាគី គឺ ៖
១-​ក្រសួង​រ៉ែ និង​ថាមពល តំណាង​រាជរដ្ឋាភិបាល ។
២- ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​ជា​អ្នក​បញ្ញត្តិ អ្នកត្រួតពិនិត្យ និង​ជា​អាជ្ញាកណ្ដាល​លើ​ការ​ផ្ដល់ និង​ការ​ប្រើប្រាស់​សេវា​អគ្គិសនី ។
៣- ​អ្នក​ធ្វើ​អាជីវកម្ម​អគ្គិសនី ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ផលិត អ្នក​បញ្ជូន និង​អ្នក​ចែកចាយ អគ្គិសនី ដែល​ជា​អ្នក​ផ្ដល់​សេវា​អគ្គិសនី​ជា​បន្តបន្ទាប់ បង្កើត​ជា​ផលិតផល​អគ្គិសនី​ដែល​ឱ្យ​គេ​ទិញ​យក​ទៅ​ប្រើប្រាស់​បាន ។

៤-​អ្នក​ប្រើប្រាស់​អគ្គិសនី ដែល​ជា​អ្នកទិញ ផលិតផល​អគ្គិសនី​យក​ទៅ​ប្រើប្រាស់ ។

លោក​បន្ថែម​ថា ៖ « តាម​ការ​កំណត់​របស់​ច្បាប់​ស្តី​ពី​អគ្គិសនី ប្រតិបត្តិការ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ការ​ធ្វើ​អាជីវកម្ម​របស់​អ្នក​កាន់​អាជ្ញាប័ណ្ណ​អគ្គិសនី​ទូ​ទាំង​ប្រទេស និង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​អ្នក​ប្រើប្រាស់​នានា ពិតមែនតែ​មាន​ស្វ័យភាព​រៀង​ៗ​ខ្លួន តែ​ស្វ័យភាព​នេះ​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ​ យុទ្ធសាស្ត្រ និង​ផែនការ​វិស័យ​អគ្គិសនី​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ និង​គ្រប់គ្រង​ដោយ​ក្រសួង​រ៉ែ និង​ថាមពល » ។

ចំណែក​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « ក្នុង​អាណត្តិ​នេះ រាជរដ្ឋាភិបាល​បាន​កំណត់​ឱ្យ​ស្ថាប័ន​ទទួលខុសត្រូវ យក​ចិត្តទុកដាក់​ចំពោះ ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ជនបទ​បន្ថែម​ទៀត តាម​រយៈ​ការ​ជំរុញ​អនុវត្ត​កម្មវិធី​នានា​របស់​មូលនិធិ​អគ្គិសនី​ ភាវូបនីយកម្ម ជនបទ ដើម្បី​ជួយ​បង្កើត​ឱ្យ​មានការ​ផ្ដល់​សេវា​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ ជនបទ​ដែល​ពុំ​ទាន់​មានការ​ផ្គត់ផ្គង់ ជួយ​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​ក្រីក្រ​អាច​ភ្ជាប់​ចរន្តអគ្គិសនី​ពី​បណ្ដាញ​ បាន ជួយ​អនុគ្រោះ​ថ្លៃ​ឱ្យ​អ្នក​ក្រីក្រ​អាច​ប្រើប្រាស់​អគ្គិសនី​បាន និង​ជួយ​អនុគ្រោះ​ថ្លៃ​ចំពោះ​ការ​បូមទឹក​ធ្វើ​កសិកម្ម​របស់​ប្រជាពលរដ្ឋ នៅ​តាម​តំបន់​ជនបទ » ។

លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល មាន​ប្រសាសន៍​បន្ត​ថា ៖ « ស្រប​ជាមួយ​គ្នា​នឹង​ការ​ជំរុញ​បង្កើន​វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ រដ្ឋាភិបាល​កំណត់​ឱ្យ​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​នានា​ទូ​ទាំង​ប្រទេស​ទាំង​ សហគ្រាស​រដ្ឋ និង​ទាំង​សហគ្រាស​ឯកជន ធ្វើការ​កែ​លម្អ​ការ​ផ្ដល់​សេវា​ផ្គត់ផ្គង់​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ ស្តង់ដា និង​លិខិត​បទដ្ឋាន​កំណត់ ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​ការ​ផ្ដល់​សេវា​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​មានគុណ​ភាព មាន​ចីរភាព មាន​សុវត្ថិភាព និង​កាន់តែ​មាន​ភាព​ងាយស្រួល​ខ្លាំង​ឡើង​សម្រាប់​អ្នក​ត្រូវការ​ប្រើប្រាស់ ។ ក្នុង​គោលដៅ​នេះ ខ្ញុំ​សូម​សំណូមពរ​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ធ្វើការ​ពង្រឹង​វិស័យ​ចំពោះ​អ្នក​កាន់​អាជ្ញាប័ណ្ណ និង​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​ការ​ផ្ដល់​សេវា​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​ អ្នក​ប្រើប្រាស់​បន្ថែម​ទៀត » ។

គួរ​បញ្ជាក់​ថា ក្នុង​វិស័យ​អគ្គិសនី​សព្វថ្ងៃ ចំនួន​ភូមិ​ដែល​បាន​ផ្ដល់​ឱ្យ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ទាំង​រដ្ឋ និង​ឯកជន​ធ្វើការ​វិនិយោគ​មាន​ចំនួន ៩៥,៧០% តែ​អ្នក​កាន់​អាជ្ញាប័ណ្ណ​ទើបនឹង​សាងសង់​បណ្ដាញ​ចែកចាយ​លើ​ភូមិ​ចំនួន​ ៦៦,៥៦%​។ ដូចនេះ ទិស​ដៅ​ដែល​ត្រូវ​អនុវត្ត​បន្ត​នៅ​ឆ្នាំ​បន្ត​ទៀត គឺ​ធ្វើ​យ៉ាងណា ពង្រីក​ការ​ផ្គត់ផ្គង់​ទៅ​កាន់​ភូមិ​ដែល​នៅ​សេសសល់​ទាំងនេះ​ឱ្យ​បាន​ ឆាប់រហ័ស ៕

ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០១៦

ប្រភពៈ កោះសន្តិភាព


Leave a Comment