ការ​នាំ​ចេញ​ ​ថៃ​ប្រចាំ​ឆ្នាំ​ ២០១៥ ធ្លាក់​ចុះ​ជិត ៦ ​ភាគ​រយ

​ការ​នាំ​ចេញ​ ​ថៃ​ប្រចាំ​ឆ្នាំ​ ២០១៥ ធ្លាក់​ចុះ​ជិត ៦ ​ភាគ​រយ

ក្រុង​បាងកកៈ ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​ នៅ​ឆ្នាំ​ ២០១៥ បានធ្លាក់​ ៥,៧ ​ភាគ​រយ ​ដែល​ខ្លាំង​ជាង​ការ​រំពឹង​ទុក​ និងជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ ៦ ​ឆ្នាំ។

ការ​នាំ​ចេញ​ទាប​នេះ​គឺ​ដោយ​សារ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​មាន​កម្រិត​ទាប​ និង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​។

ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​ពុធ ថា​ ការ​នាំ​ចេញ​​បាន​ធ្លាក់​​ចុះ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ជាប់គ្នា ដោយ​ទំហំ​នាំ​ចេញ​សរុប​មាន​ចំនួន ២១៤​ ពាន់​លាន​​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ពោលគឺ​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​គិត​ចាប់​តាំង​ពី​វិបត្តិ​បំណុល​នៅ​ អាមេរិក បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​ថៃ​ធ្លាក់​ចុះ ​១៤,៣​ ភាគរយ​ នៅ​ឆ្នាំ ២០០៩។

ការ​នាំ​ចេញ​របស់​ថៃ​បាន​ធ្លាក់​ចុះ​ ០,៣​ ភាគ​រយ​នៅ​ឆ្នាំ​ ២០១៣ និង​ ០,៤​ ភាគ​រយ​នៅ​ឆ្នាំ ២០១៤ ធៀប​នឹង​កំណើន ២,៩៣ ​ភាគ​រយ​នៅ​ឆ្នាំ​ ២០១២ និង​ ១៥,២​ ភាគ​រយ ​នៅ​ឆ្នាំ​ ២០១១ និង ​២៦,៨​ ភាគ​រយ​នៅ​ឆ្នាំ​ ២០១០។

ការ​នាំ​ចូល​មាន​ទំហំ​ ២០៣ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៥ ពោល​គឺ​ធ្លាក់​ចុះ ​១១ ​ភាគ​រយ និង​ធ្វើ​ឲ្យ​ប្រទេស​ថៃ​មាន​អតិរេក​ពាណិជ្ជកម្ម​ចំនួន ១១,៧​ ពាន់​លាន​ដុល្លារ។

លោក​ Somkiat Triratpan ប្រធាន​ការិយាល័យ​គោល​នយោបាយ ​និង​យុទ្ធសាស្រ្ត​ពាណិជ្ជកម្ម ថ្លែង​ថា​ តម្លៃ​ប្រេង​ទាប និង​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ទាប នៅ​តែ​ជា​កត្តា​សំខាន់​ដែល​ប៉ះ​ពាល់​ដល់​លទ្ធ​ផល​នាំ​ចេញ​របស់​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​មុន។

កាល​ពី​ចុង​ខែ​មុន ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ប្រចាំ​ឆ្នាំ​អាច​នឹង​ធ្លាក់​ចុះ ​៥,៥​ ភាគ​រយ​នៅ​ឆ្នាំ​ ២០​១៥ ដែល​ខ្ពស់​ជាង​ការ​ព្យាករ​នាពេល​កន្លង​មក​ថា​ធ្លាក់​ចុះ ​៣​ ភាគ​រយ​ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល ១១​ខែ​ជាប់គ្នា​គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។

ក្នុង​រយៈ​ពេល ​១១​ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៥ ទំហំ​នាំ​ចេញ​បាន​ធ្លាក់​ចុះ ​៥,៥១ ​ភាគរយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ ​២០១៥ មក​នៅ​ត្រឹម ១៩៧​ ពាន់​លាន​ដុល្លារ។​

ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ចេញ​កាល​ពី​ខែ​ធ្នូ​បាន​ធ្លាក់​ចុះ ​៨,៧៣​ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ ​២០១៤ មក​នៅ​ត្រឹម ​១៧,១​ ពាន់​លាន​ដុល្លារ។

ការ​នាំ​ចូល​មាន​ទំហំ​សរុប ១៥,៦ពាន់​លាន​ដុល្លារ ​ធ្លាក់​ ៩,២៣​ភាគ​រយ ដោយ​ធ្វើ​ឲ្យ​មាន​អតិរេក​ពាណិជ្ជកម្ម​១,៤៨​ពាន់​លាន​ដុល្លារ​នៅ​ខែ​ធ្នូ។

ការ​នាំ​ចេញ​កសិផល និង​ទំនិញ​កសិ​ពាណិជ្ជកម្ម​នៅ​ខែ​ធ្នូ​បាន​ធ្លាក់​ចុះ​៩,៨​ភាគ​រយ​ធៀប​នឹង​ រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ ២០១៤ មក​នៅ​ត្រឹម ២,៨៤​ពាន់​លាន​ដុល្លារ៕

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment