អ្នក​ដំណើរ ២ លាន​នាក់​

អ្នក​ដំណើរ ២ លាន​នាក់​ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​កម្ពុជា​នៅ​ត្រីមាស​ទី ១

ភ្នំពេញៈ អ្នក​ដំណើរ​ឆ្លងកាត់​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​នៅ​ ត្រីមាស​ទី ១ ឆ្នាំ ២០១៦ មាន​ជាង​ ២ លាន​នាក់​កើនឡើង​ជិត ៥ ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​កម្ពុជា​អ៊ែរផត​កាលពី​សប្តាហ៍​មុន។

កម្ពុជា​អ៊ែរផត​ដែល​គ្រប់គ្រង​ព្រលាន​យន្តហោះ​ទាំង​បី​នៅ​ក្នុង​ប្រទេស​ កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ព្រលាន​យន្តហោះ​កម្ពុជា​ទទួល​បាន​អ្នក​ដំណើរ​ជាង ២ លាន​នាក់​កើនឡើង ៤,៥ ​ភាគរយ និង​ជើង​ហោះហើរ​មាន ២០ ០០០ កើនឡើង ៦,៦ ភាគរយ​ខណៈ​ការ​ដឹក​ទំនិញ​គិត​ជា​តោន​កើនឡើង ១៨,៤ ភាគរយ​រហូត​ដល់ ១០ ៤៧៧ តោន​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ។

ផ្អែក​លើ​កំណើន​អ្នក​ដំណើរ​ចំនួន​ជើង​ហោះហើរ និង​ចរាចរណ៍​ទំនិញ​នៅ​ត្រីមាស​ទី ១ ​នេះ​ក្រុមហ៊ុន​កម្ពុជា​អ៊ែរផត​រំពឹង​ថា​នឹង​ទទួល​បាន​អ្នក​ដំណើរ ៦ លាន​នាក់​ត្រឹម​ចុង​ឆ្នាំ​នេះ​ហើយ​នឹង​បន្ត​ផែនការ​ពង្រីក​ចំណត​អ្នក​ដំណើរ​ របស់​ខ្លួន​ទាំង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប និង​ភ្នំពេញ។

លោក ពេជ្រ សុផុនតារា អ្នក​គ្រប់គ្រង​ការ​អភិវឌ្ឍ​ផ្លូវ​ហោះហើរ​របស់​ក្រុមហ៊ុន​កម្ពុជា​អ៊ែរផត​ បាន​ថ្លែង​ថា​កំណើន​ខ្លាំង​ទាំង​អ្នក​ដំណើរ ជើង​ហោះហើរ និង​យន្តហោះ​ដឹក​ទំនិញ​នៅ​ត្រីមាស​ទី ១ ដោយ​សារ​មាន​ការ​បន្ថែម​ជើង​ហោះហើរ​ថ្មីៗ​ក្នុង​ឆ្នាំ ២០១៦ ខណៈ​តម្រូវការ​ដឹក​ទំនិញ​តាម​អាកាស​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។

លោក​ថ្លែង​ថា៖ «ពី​មុន​យើង​មាន​ក្រុមហ៊ុន​ហោះហើរ​ចំនួន ២៨ ហោះ​មក​កម្ពុជា​ប៉ុន្តែ​នៅ​ពេល​នេះ​យើង​មាន​ក្រុមហ៊ុន​ចំនួន ៣០ និង​មាន​កាន់តែ​ច្រើន​នៅ​ពេល​ខាង​មុខ។ យើង​តែងតែ​រំពឹង​ថា​កំណើន​នឹង​នៅ​តែ​បន្ត។ ផ្អែក​លើ​ទិន្នន័យ​ត្រីមាស​ទី ១ យើង​រំពឹង​ថា​នឹង​ទទួល​បាន​អ្នក​ដំណើរ ៦ លាន​នាក់​នៅ​ចុង​ឆ្នាំ ២០១៦»។

របាយការណ៍​បង្ហាញ​ថា​នៅ​ត្រីមាស​ទី ១ ​នេះ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​បាន​អ្នក​ដំណើរ​ជាង ៨៦៣ ០០០ នាក់​កើនឡើង ១០,១ ភាគរយ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ទទួល​បាន​អ្នក​ដំណើរ​លើស​ពី ១ លាន​នាក់​កើនឡើង ១,៣ ភាគរយ​ខណៈ​ចរាចរណ៍​អ្នក​ដំណើរ​នៅ​ព្រលាន​យន្តហោះ​ខេត្ត​ព្រះសីហនុ​បាន​ ធ្លាក់​ចុះ ១,៦ ភាគរយ​ដោយសារ​តែ​ជើង​ហោះហើរ​អន្តរជាតិ​កាន់តែ​តិច។

លោក សុផុនតារា លើក​ឡើង​ថា៖ «យើង​មាន​ការ​ភ្ញាក់ផ្អើល​ដែល​ចរាចរណ៍​ទំនិញ [តាម​ផ្លូវ​អាកាស] បាន​កើនឡើង​ខ្លាំង​ធៀប​នឹង​ឆ្នាំ​មុន។ យើង​មើល​ឃើញ​ជើង​ហោះហើរ​ដឹក​ទំនិញ​កាន់តែ​ច្រើន​នៅ​ឆ្នាំ​នេះ​ដោយសារ​តែ​ តម្រូវការ​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប និង​អាមេរិក​បាន​កើន​ឡើង​ព្រម​ទាំង​តម្រូវការ​នាំ​ចូល​មក​កម្ពុជា​ផង​ដែរ»។

ថ្មីៗ​នេះ​ក្រុមហ៊ុន Emirates SkyCargo ដែល​ជា​ផ្នែក​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airline បាន​ចាប់​ផ្ដើម​សេវា​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវ​អាកាស​ប្រចាំ​សប្ដាហ៍​រវាង​ ទីក្រុង​ឌូបៃ​ និង​ទីក្រុង​ភ្នំពេញ​ហើយ​វា​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​តាម​ ផ្លូវ​អាកាស​ឈាន​មុខ​គេ​ទី ៣ នៅ​កម្ពុជា​បន្ទាប់ពី​ក្រុមហ៊ុន​ដឹក​ទំនិញ​តាម​ផ្លូវ​អាកាស​ជាតិ​របស់​ ប្រទេស​ម៉ាឡេស៊ី Raya Airways បាន​ដាក់​ទិសដៅ​ទីក្រុង​ភ្នំពេញ​ទៅ​ក្នុង​បញ្ជី​សេវាកម្ម​របស់​ខ្លួន​ដើម្បី ​ឆ្លើយតប​នឹង​តម្រូវការ​ដែល​កំពុង​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ផលិតផល​តាម​ ផ្លូវ​អាកាស​ដូចជា​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់។

លោក​បន្ត​ថា​កម្ពុជា​អ៊ែរផត​គ្រោង​វិនិយោគ​ទឹកប្រាក់ ២៣ លាន​ដុល្លារ​ដើម្បី​ពង្រីក​ចំណត​អ្នក​ដំណើរ​ក្នុង​ស្រុក​នៅ​ព្រលាន​ អន្តរជាតិ​ភ្នំពេញ​ខណៈ​ចំនួន​អ្នក​ដំណើរ​បន្ត​កើន​ឡើង។

លោក​បន្ត​ថា​ក្រុមហ៊ុន Airports គ្រោង​នឹង​ពង្រីក​ចំណត​អ្នក​ដំណើរ​មក​ដល់​នៅ​ខែ​កក្កដា​នេះ​ជាមួយ​នឹង​ សមត្ថភាព​ទទួល​អ្នក​ដំណើរ​បាន​ ៥ លាន​នាក់។

លោក​ថ្លែង​ថា៖ «យើង​បាន​បញ្ចប់​ដំណាក់កាល​ទី ១ នៃ​ការ​ពង្រីក​នេះ​ហើយ​ទាំង​ចំណត​អ្នក​ដំណើរ​នៅ​ភ្នំពេញ និង​សៀមរាប។ នៅ​ពេល​នេះ​យើង​កំពុង​ធ្វើ​ដំណាក់​កាល​ទី ២ ក្នុង​ការ​ពង្រីក​ចំណត​អ្នក​ដំណើរ​មក​ដល់ [arrival terminal] ចាប់ពី​ខែ​កក្កដា»។

ពី​មុន​ព្រលាន​យន្តហោះ​នេះ​អាច​ទទួល​អ្នក​ដំណើរ​បាន​តែ ២,៥ លាន​នាក់​ប៉ុណ្ណោះ​ប៉ុន្តែ​វា​បាន​កើនឡើង​ដល់​ ៣ ​លាន​នាក់​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​លោក សុផុនតារា។

លោក​បន្ត​ថា៖ «ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ពង្រីក​វា​ដើម្បី​ទទួល​អ្នក​ដំណើរ​យ៉ាង​ហោច​ ណាស់​អាច​ទទួល​បាន ៥ លាន​នាក់​ក្នុង​មួយ​ឆ្នាំ។ ប្រសិន​យើង​ទទួល​អ្នក​ដំណើរ​បាន​លើស​ពី​ចំនួន​នេះ​យើង​នឹង​បន្ត​ពង្រីក​ បន្ថែម​ទៀត​ប៉ុន្តែ​យើង​មិន​បាន​គម្រោង​ពង្រីក​ផ្លូវរថ​នោះ​ទេ​ព្រោះ​ថា​ ផ្លូវរថ​របស់​យើង​សព្វថ្ងៃ​អាច​ទទួល​បាន​យន្តហោះ​ប្រភេទ​ធំៗ​ដូចជា​យន្តហោះ ៧៤៧ ហើយ»។

លោក​បន្ថែម​ថា៖ «យើង​មិន​ចាំបាច់​ពង្រីក​ផ្លូវរថ​ទេ​ដោយសារ​តែ​យើង​មាន​សមត្ថភាព​ទទួល​ យន្តហោះ​ធំៗ​រួច​ហើយ​ឧទាហរណ៍ យន្តហោះ 747 ឬ787។ យើង​ពង្រីក​ចំណត​អ្នក​ដំណើរ​តែ​ប៉ុណ្ណោះ៕

ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment