អ.ស.ប ដក​ធនាគារ​អុីរ៉ង់

ក្រុង​វ៉ាស៊ីនតោនៈ ក្រុម​ប្រឹក្សា​សន្តិសុខ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​លុប​ឈ្មោះ​ធនាគារ​របស់​អុីរ៉ង់ ​Bank Sepah និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​អន្តរ​ជាតិ​របស់​ធនាគារ​នេះ​ចេញ​ពី​បញ្ជី​ ខ្មៅ​ទណ្ឌកម្ម​សហ​ប្រជាជាតិ បន្ទាប់​ពី​ប្រទេស​អុីរ៉ង់​បាន​គោរព​តាម​កាតព្វកិច្ច​នៃ​កិច្ច​ព្រម​ព្រៀង​ នុយក្លេអ៊ែរ​របស់​ខ្លួន។

ធនាគារ Bank Sepah ដែល​ជា​ធនាគារ​មាន​វ័យ​ចាស់​ជាង​គេ​របស់​ប្រទេស​អុីរ៉ង់​នេះ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​ជា​កម្មសិទ្ធិ​ទាំង​ស្រុង​របស់​ធនាគារ​ នេះ​ Bank Sepah International ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ទណ្ឌកម្ម​កាល​ពី​ឆ្នាំ​២០០៧ ចំពោះ​ការ​គាំទ្រ​ក្រុមហ៊ុន ពាក់​ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដែល​ត្រូវ​បាន​ហាម​ឃាត់​នៅ​ ប្រទេស​អុីរ៉ង់។

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អង្គការ​សហប្រជា​ជាតិ​បាន​ឲ្យ​ដឹង​ថា ធនាគារ​ Sepah និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​នេះ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ទណ្ឌកម្ម​ស្រប​តាម​សេចក្តី​សម្រេច​ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​កក្កដា បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​សម្រេច​បាន។

ក្រុម​ប្រឹក្សា​សន្តិសុខ​សហ​ប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​បួន​ប្រភេទ​លើ​ ប្រទេស​អុីរ៉ង់ តែ​សេចក្តី​សម្រេច​ទាំង​នេះ​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​ការ​សម្រេច​កិច្ច​ ព្រម​ព្រៀង​នុយក្លេអ៊ែរ​នេះ។

ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជាតិ​បាន​អនុម័ត​កាល​ពី​ខែ​កក្កដា​នូវ​ សេចក្តី​សម្រេច​លុប​ទណ្ឌកម្ម​ភាគ​ច្រើន​ដែល​បាន​ដាក់​លើ​ប្រទេស​អុីរ៉ង់ តែ​ការ​រឹត​បន្តឹង​នៅ​តែ​អនុវត្ត​ចំពោះ​បច្ចេកវិទ្យា​មីស៊ីល​។

ទីភ្នាក់​ងារ​ថាមពល​អាតូមិក​អន្តរ​ជាតិ (IAEA) បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​អុីរ៉ង់​បាន​អនុវត្ត​រាល់​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្រោម​ កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្រ្ត​នេះ ដោយ​បាន​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​លុប​ចោលទណ្ឌ​កម្មអន្តរ​ជាតិ។

លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ បាន​សាទរ​ចំពោះ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អុីរ៉ង់​នេះ ហើយ​បាន​លើក​ឡើង​ពី​ក្តី​សង្ឃឹម​ថា ភាព​ជោគជ័យ​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​តំបន់​។

បញ្ជី​ខ្មៅ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ចំពោះ​ប្រទេស​អុីរ៉ង់​ សំដៅ​លើ​បុគ្គល​ចំនួន​៤៣​រូប ​អង្គភាព​ចំនួន​៧៧ ដោយ​ហាម​ឃាត់​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក​និង​បង្កក​ទ្រព្យ​សម្បត្តិ​។

ធនាគារ​ Bank Sepah ត្រូវ​បាន​កត់​ចូល​ក្នុង​បញ្ជី​ខ្មៅ​ដោយ​សារ​ការ​ផ្តល់​ជំនួយ​ដល់​ក្រុមហ៊ុន ​ Aerospace Industries Group (AIO) រួម​ទាំង​ក្រុមហ៊ុន​ Shahid Hemmat Industrial Group និង​ក្រុមហ៊ុន​ Shahid Bagheri Industrial Group ដែល​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ទណ្ឌកម្ម​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​ ២០០៦៕

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment