ចិន​ តម្រូវ​ឲ្យ​ធនាគារ​បរទេស​រក្សា​ទុក​ប្រាក់​ យន់

ក្រុង​ស៊ាង​ហៃៈ ប្រទេស​ចិន​នឹង​តម្រូវ​ឲ្យ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​បរទេស​នៅ​ក្នុង​ប្រទេស​ របស់​ខ្លួន​រក្សា​ទុក​ប្រាក់​យន់​ធ្វើ​ជា​ប្រាក់​បម្រុង ខណៈ​ធនាគារ​កណ្តាល​ចិន​ព្យាយាម​រក្សា​ស្ថិរភាព​ប្រាក់​យន់ ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​លំហូរ​ចេញ​មូលធន។​ នេះ​បើ​យោង​តាម​ធនាគារ​កណ្តាល​មួយ​នេះ។

រហូត​មក​ដល់​ពេល​នេះ ធនាគារ​បរទេស​នៅ​ប្រទេស​ចិន​ត្រូវ​បាន​កំណត់​អនុបាត​ប្រាក់​បម្រុង​ កាតព្វកិច្ច​ក្នុង​​អត្រា​សូន្យ។ អនុបាត​ប្រាក់​បម្រុង​គឺ​ជា​ទំហំ​មូលនិធិ​ប្រាក់​បញ្ញើ ដែល​ធនាគារ​ទាំង​នោះ​ត្រូវ​រក្សា​ទុក​ដោយ​ឡែក។

ដោយ​ពុំ​បាន​បញ្ជាក់​ពី​អត្រា​អនុបាត​ប្រាក់​បម្រុង​ដែល​ត្រូវ​រក្សា​ទុក ធនាគារ​កណ្តាល​ចិន​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ចាប់​ពី​សប្តាហ៍​ក្រោយ​នេះ​ទៅ ធនាគារ​បរទេស​នឹង​ត្រូវ​គោរព​ច្បាប់​ដែល​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ច្បាប់ ​ដែល​គោរព​ដោយ​ធនាគារ​ក្នុង​ស្រុក​ដែរ។ ធនាគារ​ចិន​ធំៗ​បច្ចុប្បន្ន​មាន​អត្រា​អនុបាត​ប្រាក់​បម្រុង​កាតព្វកិច្ច​ ១៧,៥ ​ភាគ​រយ។

ធនាគារ​កណ្តាល​ចិន​បាន​ឲ្យ​ដឹង​ថា ការ​កំណត់​អត្រា​អនុបាត​ប្រាក់​បម្រុង​នេះ​មាន​គោល​បំណង​ការ​ពារ​ហានិភ័យ​ ហិរញ្ញវត្ថុ និង​ការ​ពារ​ស្ថិរភាព​ហិរញ្ញវត្ថុ​។ ធនាគារ​កណ្តាល​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ច្បាប់​នេះ​នឹង​ពង្រឹង​ដល់​ការ​គ្រប់គ្រង​សាច់​ប្រាក់​ងាយ​ស្រួល។

ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ខណៈ​ប្រាក់​យន់​ធ្លាក់​ថ្លៃ​ ដោយ​សារ​ក្តី​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទីពីរ​របស់​ ពិភពលោក​ ដែល​បាន​ជំរុញ​ឲ្យ​មាន​លំហូរ​ចេញ​មូលធន និង​គម្លាត​កាន់តែ​ខ្លាំង​ក្នុង​ទីផ្សារ​បរទេស ដែល​ក្រុម​វិនិយោគិន​កំពុង​ភ្នាល់​គ្នា​លើ​ការ​ធ្លាក់​ចុះ​ជា​បន្ត។

ការ​ជួញ​ដូរ​ប្រាក់​យន់​នៅ​បរទេស រួច​ផុត​ពី​ការ​គ្រប់គ្រង​មូលធន​រឹត​ត្បិត ដែល​ប្រទេស​​ចិន​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស ។

លោក​ស្រី Wendy Chen សេដ្ឋ​វិទូ​ប្រចាំ​ក្រុមហ៊ុន Nomura International China ​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន AFP ​ថា៖ «​ធនាគារ​កណ្តាល​ចិន​មាន​បំណង​រក្សា​ស្ថិរភាព​តម្លៃ​ប្រាក់​យន់ ដោយ​សារ​ការ​រំពឹង​ទុក​ពី​ការ​ធ្លាក់​ថ្លៃ​ដែល​កំពុង​កើន​ឡើង​»។

ដោយ​សំដៅ​លើ​ការ​រំពឹង​ថា ប្រាក់​យន់​នឹង​ធ្លាក់​ថ្លៃ​នោះ លោក​ស្រី​បាន​បន្ត​ឲ្យ​ដឹង​ថា៖ «វិធានការ​នេះ​នឹង​មាន​ឥទ្ធិពល​លើ​សាច់​ប្រាក់​ងាយ​ស្រួល​ជា​ប្រាក់​យន់​នៅ​ បរទេស ដូច្នេះ​វា​អាច​កាត់​បន្ថយ​គម្លាត​តម្លៃ​រវាង​តម្លៃ​ប្រាក់​យន់​នៅ​បរទេស និង​នៅ​ក្នុង​ស្រុក​»៕

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment