ស្តង់ដារ​ប្រហុក​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី ធានា​គុណភាព​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស

ភ្នំពេញៈ​ ប្រហុក​ជា​អាហារ​ប្រពៃណី​ដ៏​ពេញ​និយម​របស់​ប្រជាជន​កម្ពុជា ​ដែល​គេ​ធ្វើ​ឡើង​ទៅ​តាម​រដូវ​កាល​មួយ​ឆ្នាំ​ម្តង​ចន្លោះ​ពី​ខែធ្នូ ​ដល់​ខែ​មីនា។

បច្ចុប្បន្ន​នេះ​វា​មិន​ត្រឹម​តែ​ពេញ​និយម​សម្រាប់​ប្រជាជន​កម្ពុជា​ ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ប្រហុក​ក៏​ត្រូវ​បាន​ផលិត​សម្រាប់​នាំ​ចេញ​ផង​ដែរ ​ដូច​ជា​ទៅ​ប្រទេស​ថៃ​ជា​ដើម​។

ខណៈ​នេះ​ស្ដង់​ដារ​គុណ​ភាព​ជាតិ​ថ្មី​សម្រាប់​ការ​ផលិត​ប្រហុក​ត្រូវ​បាន ​ធ្វើ​ឡើង​ដើម្បី​ជួយ​ស្វែង​រក​ទីផ្សារ​ថ្មី​នៅ​បរទេស​សម្រាប់​ផលិត​ផល​ត្រី ​ខ្មែរ​។

ដើម្បី​ការពារ​អតិថិជន​ និង​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​នាំ​ចេញ ​រដ្ឋាភិបាល​បាន​បង្កើត​ស្ដង់​ដារ​ឧស្សាហកម្ម​លើក​ដំបូង​មិន​ធ្លាប់​មាន​ សម្រាប់​អ្នក​ផលិត​ប្រហុក​របស់​កម្ពុជា​។

ស្ដង់ដារ​ថ្មី​នេះ​ ដែល​បាន​ដាក់​ឲ្យ​អនុវត្ត​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ​កំណត់​ពី​លក្ខណៈ​ប្រហុក​តាម​បែប​ប្រពៃណី​ ដែល​រួម​មាន​ពណ៌ ​ក្លិន​ និង​ដំណើរ​ការ​រៀប​ចំ ​ខណៈ​មាន​ការ​កម្រិត​លើ​ការ​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​។ ​គំរូ​នៃ​ការ​ផលិត​ត្រូវ​តែ​វិភាគ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ដែល​ទទួល​បាន​ អាជ្ញា​ប័ណ្ណ​មុន​ពេល​ទទួល​បាន​វិញ្ញា​បនបត្រ។

អ្នក​ស្រី​ កែវ សុជីវី ​មន្ដ្រី​រដ្ឋ​បាល​ជល​ផល​នៅ​ក្រសួង​កសិកម្ម ​បាន​ថ្លែង​ថា ប្រហុក​ជា​អាហារ​មូល​ដ្ឋាន​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា ដូច្នេះ​ការ​ផលិត​របស់​វា​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​។

អ្នក​ស្រី​លើក​ឡើង​ថា​៖«​ប្រហុក​គឺជា​ផលិតផល​តាម​បែប​ប្រពៃណី​ជា​ពិសេស​ ចាំបាច់​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​»​។ អ្នក​ស្រី​បន្ត​ថា ការ​ប្រើ​ប្រាស់​ប្រហុក​លក្ខណៈ​គ្រួសារ​ជា​មធ្យម​ជាង​១០​គីឡូ​ក្រាម​ក្នុង​ មួយ​ឆ្នាំ​។ អ្នក​ស្រី​បន្ថែម​ថា​៖ «​ដូច្នេះ​យើង​ចាំបាច់​ត្រូវ​បារម្ភ​អំពី​គុណ​ភាព​ អនាម័យ និង​ស្ដង់ដារ​ដើម្បី​ការ​ពារ​អតិថិជន»។

18 January 2016

From: Postkhmer


Leave a Comment