EU ផ្តល់​អនុសាសន៍​ដល់​កម្ពុជា​លើ​ការ​វិនិយោគ

EU ផ្តល់​អនុសាសន៍​ដល់​កម្ពុជា​លើ​ការ​វិនិយោគ

ភ្នំពេញៈ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចេញ​ផ្សាយ​ សៀវភៅ «​ស» ​ដែល​ជា​គោល​នយោបាយ​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​លើ​​ការ​ធ្វើ​ ពាណិជ្ជកម្ម​​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​​អឺរ៉ុប​​មក​កម្ពុជា​។

សៀវភៅ​ស​ដែល​រួមមាន​អនុសាសន៍​ ៥៨ គ្រប​ដណ្ដប់​ប្រធានបទ​ ៣១​ ទៅ​លើ​វិស័យ​​ ៨ អាច​ជួយ​​ទាក់ទាញ​ការ​វិនិយោគ​​ផ្ទាល់​បរទេស (FDI) របស់​អឺរ៉ុប​​​​នៅ​កម្ពុជា។

សៀវភៅ​ស​ដែល​​​សំដៅ​​​ដោះស្រាយ​​អ្វីៗ​គ្រប់​យ៉ាង​​រាប់​ចាប់​ពី​ធនធាន​ មនុស្ស ពន្ធ គយ ការ​ដឹកជញ្ជូន និង​ឡូជីស្ទីក រហូត​បញ្ហា​ដល់​សុខភាព​ និង​អចលនទ្រព្យ​ និង​ការ​សាងសង់​ត្រូវ​បាន​​ចងក្រង​ឡើង​ពី​ការ​រកឃើញ​ពី​ការ​អង្កេត​​​ទំនុក​ ចិត្ត​ពាណិជ្ជកម្ម​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​ក្រុម​ការងារ​វិស័យ​ឯកជន​ដែល​បាន​និង​កំពុង​ពិគ្រោះ​យោបល់​ជាមួយ​ អាជ្ញាធរ​ពាក់ព័ន្ធ​។

ខណៈ​ការ​អង្កេត​​បាន​រកឃើញ​ថា​កម្ពុជា​នៅ​តែ​ជា​ទិសដៅ​ដ៏​គួរ​ឲ្យ​​ ទាក់ទាញ​​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ដោយសារ​ការ​ចំណាយ​ទាប​លើ​ធនធាន​មនុស្ស​ វា​បាន​បង្ហាញ​​ថា ​៥៤ ​​ភាគរយ​​បាន​បញ្ជាក់​​ពី​តម្លាភាព​ពាណិជ្ជកម្ម​ជា​​មាន​​ការ​កែលម្អ​តិចតួច ​កាលពី​ឆ្នាំ​​ ២០១៥​។​ ការ​អង្កេត​នេះ​បន្ត​ថា​អ្នក​​ឆ្លើយ​​សំណួរ​ ៦៩ ​ភាគរយ​មិន​ទាន់​​​មើល​ឃើញ​ពី​ផលប៉ះពាល់​ដោយសារ​ការ​កែទម្រង់​របស់​ រដ្ឋាភិបាល​នៅ​ឡើយ​ទេ​ខណៈ​ ២២ ​ភាគរយ​និយាយ​ថា​លក្ខខណ្ឌ​កាន់តែ​អាក្រក់​ក្នុង​រយៈពេល​ ១២ ​ខែ​ចុង​ក្រោយ​នេះ​​។

ទោះបី​ការ​រកឃើញ​របស់​ការ​អង្កេត​នេះ​ក៏ដោយ ក៏​អ្នក​ឆ្លើយ​សំណួរ​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ឲ្យ​ដឹង​ថា​​ ៨១ ​ភាគរយ​គ្រោង​នឹង​វិនិយោគ​បន្ថែម​​ទៀត​នៅ​​កម្ពុជា​​ក្នុង​ឆ្នាំ​ ២០១៦ ​និង​ថា ​៧១ ​ភាគរយ​​បាន​​សម្រេច​បាន ឬ​លើស​ពី​ទិសដៅ​កំណត់​ប្រាក់​ចំណេញ​របស់​​ពួកគេ​។

លោក ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​​ប្រចាំ​នៅ​កម្ពុជា​​​ថ្លែង​ថា​ទោះបី​ជា EU ជា​ទិសដៅ​នាំ​​ចេញ​ដ៏សំខាន់​របស់​កម្ពុជា​ដែល​មាន​តម្លៃ​សរុប​ ៤ ពាន់​លាន​​អឺរ៉ូ​​កាលពី​ឆ្នាំ​ ២០១៥​ ក៏ដោយ ក៏​កម្ពុជា​បាន​ទទួល​តែ​​ ៥ ​ភាគរយ​ប៉ុណ្ណោះ​នៃ FDI ប្លុក​ពាណិជ្ជកម្ម​នៅ​តំបន់​អាស៊ាន​ប៉ុណ្ណោះ​​។

លោក​លើក​ឡើង​ថា​៖ «​ការ​វិនិយោគ​នេះ​តិចតួច​ណាស់​បើ​ធៀប​​នឹង​​ការ​វិនិយោគ​មកពី​ចិន​ កូរ៉េ ​និង​ជប៉ុន​។ ខណៈ​ EU ​ជា​វិនិយោគិន​ឈាន​មុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ចំណែក​​ការ​វិនិយោគ​នៅ​ កម្ពុជា​​បន្ត​បាត់បង់​ចំណែក​វិនិយោគ​»​។

លោក​បន្ត​ថា​ប្រជាជន​កម្ពុជា​នឹង​​ទទួល​បាន​អត្ថប្រយោជន៍​​មិន​គ្រាន់​តែ ​ពី​​ការ​កើន​ឡើង​ពាណិជ្ជកម្ម​​ និង​ការ​វិនិយោគ​មកពី​ក្រុមហ៊ុន EU ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ត្រូវ​​គោរព​តម្លៃ​អន្តរជាតិ​ លក្ខខណ្ឌ​ការងារ​សមរម្យ​ និង​សិទ្ធិ​មនុស្ស​ផង​ដែរ​​។

លោក Emmanuel Menanteau ​ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​​បាន​ឲ្យ​​ដឹង​ថា​ខណៈ​កម្ពុជា​​ បាន​អត្ថប្រយោជន៍​ស្ថិត​ក្រោម​​ការ​អនុគ្រោះ​ពន្ធ​ពី​ផែនការ «​​អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​ (EBA​)»​ រដ្ឋាភិបាល​គួរ​តែ​ទទួល​យក​ការ​ផ្ដល់​អនុសាសន៍​នេះ​ខណៈ​សមត្ថភាព​ប្រកួត​ ប្រជែង​របស់​កម្ពុជា​ទំនង​ជា​នឹង​កាត់​បន្ថយ​ដោយសារ​​ភាព​ជា​ដៃគូ​អន្តរ​ ប៉ាស៊ីហ្វិក​( TPP) និង​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​ជាមួយ​វៀតណាម​។

លោក​បញ្ជាក់​ថា​៖ «​កិច្ចព្រមព្រៀង​នេះ​បង្កើត​បញ្ហា​ប្រឈម​ដ៏ធំ​សម្រាប់​ក្រុម​វិនិយោគ​ EU និង​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ថា​តើ​នឹង​​មើល​ឃើញ​សក្ដានុពល​របស់​កម្ពុជា​ ដូចម្តេច​ និង​ថា​តើ​កម្ពុជា​​​មាន​ការ​យល់​ដឹង​នៅ​ក្នុង​បរិស្ថាន​វិនិយោគ​ និង​ [​បង្ហាញ​ពី​តម្រូវការ​] និង​ដោះស្រាយ​​បញ្ហា​ប្រឈម​ក្នុង​ការ​នាំ​យក​ក្រុមហ៊ុន​ត្រឹមត្រូវ​មក​ កម្ពុជា​ដូចម្តេច​​»​។

លោក សុខ ចិន្តាសុភា អគ្គលេខាធិការ​​ក្រុម​ប្រឹក្សា​ការ​អភិវឌ្ឍ​​កម្ពុជា​​​​ថ្លែង​ថា​ រដ្ឋាភិបាល​នឹង​​ពិនិត្យ​​មើល​អនុសាសន៍​នេះ​ពី​សៀវភៅ​ស​នេះ​ប៉ុន្តែ​​លោក​​ បាន​ចោទ​សួរ​​ហេតុ​អ្វី​ការ​វិនិយោគ​របស់ EU ​មក​កម្ពុជា​​មាន​​កម្រិត​ទាប​ហើយ​​អះអាង​ថា​បណ្តាល​មកពី​បញ្ហា​សិទ្ធិ​ មនុស្ស​​។

លោក​បន្ត​ថា៖ «យើង​បាន​​និយាយ​ទៅ​កាន់ EU ឲ្យ​មក​កម្ពុជា​ពេល​នោះ​អ្នក​នឹង​មើល​​រឿង​អវិជ្ជមាន​ទាំង​នោះ​ទេ»​។

លោក​ថ្លែង​ថា​៖ «​FDI​ទៅ​ដល់​កន្លែង​ណា​ដែល​មាន​ទីផ្សារ​។ ​ក្រុមហ៊ុន​ច្រើន​នឹង​ទៅ​ប្រទេស​​ចិន​ហើយ​ក្រុមហ៊ុន​​ទាំង​​នោះ​​មិន​ដែល​​ ត្អូញត្អែរ​ពី​បញ្ហា​​សិទ្ធិ​មនុស្ស​ទេ​ដោយសារ​ចិន​ជា​ទីផ្សារ​ធំ​ហើយ​ កម្ពុជា​ជា​ទីផ្សារ​តូច​។ ​ក្រុមហ៊ុន​ទាំង​​នោះ​​នឹង​មិន​ចូល​មក​កម្ពុជា​​​ទេ​»​​។

លោក​​បន្ថែម​ថា​យុទ្ធសាស្រ្ដ​ប្រទេស​ចិន​បូក​ ១​ ឬ​​ប្រទេស​ថៃ​បូក​ ១ ​​​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង​សម្រាប់​កម្ពុជា​ដោយសារ​តែ​វា​នាំ​យក​ FDI ដែល​បន្ថែម​តម្លៃ​​កាន់តែ​ច្រើន​តាមរយៈ​បច្ចេកវិទ្យា​ និង​​ការ​បណ្ដុះបណ្ដាល​ជំនាញ​។

លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​វិនិយោគិន​ EU នឹង​ត្រូវ​តែ​ប្រកួត​ប្រជែង​​ជាមួយ​ FDI មកពី​ប្រទេស​ជាច្រើន​ដូចជា​ចិន និង​ជប៉ុន​ដែល​វិធានការ​តឹងរ៉ឹង​តិចតួច។

លោក​ថ្លែង​ថា​៖ «​របៀប​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​មាន​​ទំនាក់​ទំនង​ជា​ការ​ស្រឡាញ់​ និង​ការ​ស្អប់​ [រវាង EU និង​ កម្ពុជា​]​។ ​ការ​​ធ្វើ​សេរី​និយម​សេដ្ឋកិច្ច​នាំ​យក​​​ការ​រិះគន់​ជាច្រើន​ផង​ដែរ​។ វា​គឺជា​ដាវ​មុខ​ពីរ​។ ​ម្ខាង​អ្នក​​​មាន​ចក្ខុវិស័យ​ល្អ​ថា​កម្ពុជា​ជា​ទីផ្សារ​បើក​ចំហ​ខណៈ​អ្នក​ ឯ​ទៀត​​មើល​ឃើញ​​​ផ្នែក​ងងឹត​របស់​ប្រទេស​​នេះ​តែ​ប៉ុណ្ណោះ​»​។​

លោក​​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​របស់​អឺរ៉ុប​ចាំបាច់​ត្រូវ​បន្ទាប​ស្ដង់ដារ​របស់​ពួកគេ​។ ​ប្រទេស​មួយ​ដែល​កំពុង​ទទួល​បាន​កំណើន​ ៧ ​ភាគរយ​យើង​បាន​និង​​កំពុង​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ​»​៕

ថ្ងៃទី២៩ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment