John Kerry ៖ កម្ពុជា​មាន​សក្តានុពល និង​ឱកាស​យ៉ាងច្រើន​សម្រាប់​វិនិយោគិន​អា​មេ​រិ​ក

John Kerry ៖ កម្ពុជា​មាន​សក្តានុពល និង​ឱកាស​យ៉ាងច្រើន​សម្រាប់​វិនិយោគិន​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖  ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​នៅ​កម្ពុជា លោក John Kerry បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​អំពី​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​ កម្ពុជា ជា​ពិសេស រាជធានី​ភ្នំពេញ ដែល​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ។

ថ្លែង​នៅ​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក John Kerry បា​ន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ « កម្ពុជា​មាន​សក្តានុពល និង​ឱកាស​យ៉ាងច្រើន​សម្រាប់​វិនិយោគិន​អា​មេ​រិ​កមក​វិនិយោគ​នៅ​កម្ពុជា » ។

« ប្រទេស​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ ។ យើង​អាច​មើលឃើញ​ពី​ការ​ប្រែប្រួល និង​អភិវឌ្ឍន៍​របស់​កម្ពុជា​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ មិន​ថា​នៅ​ទីក្រុង​ភ្នំពេញ​ទេ​ដែល​មាន​ប្រជាជន​ត្រឹមតែ​៣៥០,០០០​នាក់​រស់នៅ ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម ហើយ​ពេល​នេះ​បាន​ក្លាយជា​ទីក្រុង​ទំនើប​ជាង​មុន » ។  នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កបាន​បញ្ជាក់ ។

ទន្ទឹម​នឹង​ការ​កោតសរសើរ​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​នេះ បើ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច បាន​សរសេរ​ថា ការ​អភិវឌ្ឍ​ទីក្រុង គឺ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដែល​ត្រូវ​កែ​លម្អ​ជា​បន្តបន្ទាប់ ទាំង​នៅ​ពេល​នេះ និង​ទៅ​អនាគត ។

សម្តេច​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ « ខ្ញុំ​ចង​ចាំ​បាន​ច្បាស់​ណាស់ កាលពី​យើង​រំដោះ​ទីក្រុង​ភ្នំពេញ​បាន​ពី​របប​ប៉ុ​ល​ពត នៅ​ឆ្នាំ​១៩៧៩ ដែល​ទី​នេះ គឺជា​ទីក្រុង​ខ្មោច​ស្ងាត់​ជ្រងំ​គួរ​ឱ្យ​ខ្លាច​។  ខ្ញុំ​ឃើញ​គំនរ​ខ្មោច​រថយន្ត និង​ម៉ូតូ សៀវភៅ​សិក្សា និង​សម្ភារ​របស់របរ​ប្រើប្រាស់​ត្រូវ​បាន​គេ​យក​មក​គរ​ចោល​នៅ​តាម​ទីធ្លា​ សាធារណៈ ។ ខ្ញុំ​ពិតជា​ស្លុត​ខ្លាំង​ណាស់ នៅ​ពេល​ឈាន​ជើង​ចូល​ដល់​រាជធានី​ភ្នំពេញ​ដំបូង​នៅ​ឆ្នាំ​១៩៧៩ ។ យើង​ក្រឡេក​មក​មើល​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ ដែល​មាន​កំណើន​ប្រជាពលរដ្ឋ​ឡើង​ជិត​ដល់​២​លាន​នាក់ និង​កំណើន​លំនៅ​ឋាន យានយន្ត​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ធុន គ្រឹះស្ថាន​សិក្សាអប់រំ​គ្រប់​កម្រិត និង​កំណើន​មុខរបរ និង​ប្រាក់​ចំណូល​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​ថ្នៃ ​ថ្នូរ​។ កត្តា​ទាំង​អស់នេះ គឺ​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​ឱ្យ​មាន​សន្ទុះ​រីក​ចម្រើន​ព្រម​គ្នា » ។

លោក John Kerry ក៏​បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ផង​ដែរ​ថា ៖ « ការ​មក​កាន់​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​រឹតចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អ និង​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាង​មុខ​នេះ នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក » ។
ថ្លែង​នៅ​ក្នុង​ជំនួប​ ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​នា​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋអាមេរិក ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ដល់​កម្ពុជា នា​រយៈពេល​កន្លង គឺជា​ការ​រួមចំណែក​ដល់​ដំណើរការ​រីក​ចម្រើន​របស់​កម្ពុជា ។ ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ បាន​ស្នើ​ដល់​ភាគី​អា​មេ​រិ​ក រួម​គ្នា​ជំរុញ​ពាណិជ្ជ​កម្ម​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីក​ ចម្រើន​ថែម​ទៀត និង​ស្នើ​សុំ​ឱ្យ​ភាគី​អា​មេ​រិ​ក​បន្ត​ជួយ​សម្រួល​ឱ្យ​កម្ពុជា ក្នុង​ការ​នាំ​ផលិតផល​ចេញ​ទៅ​អា​មេ​រិ​កដោយ​គ្មាន​កូតា និង​មិន​គិត​ពន្ធ ជាដើម ដែល​កម្ពុជា​ធ្លាប់​បាន​ទទួល​ពី​មុន​មក (MFN) ។

យោង​តាម​របាយការណ៍ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក​ក្នុង​ទំហំ​ទឹកប្រាក់​៣៥.២០​ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៥ ខណៈ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​អា​មេ​រិ​ក​មាន​ទំហំ​២៩១.៤០​លាន​ដុល្លារ ។

បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៤ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក មាន​ទឹកប្រាក់​ចំនួន​៣,១៧១.៩០​លាន​ដុល្លារ កើនឡើង​៥,៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៣,០១២.៨០​លាន​ដុល្លារ ៕

 

 

ថ្ងៃទី២៧ខែមករាឆ្នាំ២០១៦

ប្រភពៈ ​កោះសន្តិភាព


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment