OECD ឯកភាព​ចែករំលែក​ព័ត៌

OECD ឯកភាព​ចែករំលែក​ព័ត៌មាន​ពន្ធ​

ក្រុងប៉ារីសៈ ប្រទេស​ជាង ៣០ ដែលជា​សមាជិក​របស់​អង្គការ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) កាលពី​ថ្ងៃ​ពុធ​បាន​ព្រមព្រៀង​ចែករំលែក​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ខ្នាត​ អន្តរជាតិ​នៅក្នុង​ការជំរុញ​មួយ ដើម្បី​បង្កើន​តម្លាភាព បន្ទាប់ពី​មាន​ការ​ខឹងសម្បា​ពី​សាធារណជន​ចំពោះ​ក្រុមហ៊ុន​ធំៗ​ដែល​ ប្រើប្រាស់​ប្រព័ន្ធ ដើម្បី​បន្ទាប​ការ​ចំណាយ​លើ​ការបង់ពន្ធ​របស់​ពួកគេ​។​

​ស្ថិតក្រោម​ច្បាប់​ថ្មី​នេះ ក្រុម​ហ៊ុន​ខ្នាត​អន្តរជាតិ​នានា​នឹងត្រូវ​រាយការណ៍​ទៅ​កាន់​ប្រទេស​នីមួយៗ​ ដែល​ខ្លួន​កំពុង​ប្រតិបត្តិការ​អំពី​ប្រាក់​ដែល​ពួកគេ​រកបាន និង​អ្វីដែល​ត្រូវ​បង់ពន្ធ​។​

​វិធានការ​នេះ​មានបំណង​បញ្ឈប់​ក្រុមហ៊ុន​ទាំងនោះ​មិន​ឲ្យ​ប្រើប្រាស់​ភាព ​ចន្លោះប្រហោង​ដែលមាន​ភាព​ស្មុគស្មាញ ឬ​ធ្វើ​ចរាចរណ៍​ប្រាក់​ឆ្លងកាត់​ព្រំដែន​ដើម្បី​កាត់បន្ថយ​ការបង់ពន្ធ​ឲ្យ​ ដល់​កម្រិត​អប្បបរមា ឬ​គេច​ពី​ការបង់ពន្ធ​របស់​ក្រុមហ៊ុន​។​

​លោក Angel Gurria ប្រធាន​អង្គការ OECD បាន​ថ្លែងថា កិច្ច​ព្រមព្រៀង​នេះ​ជា​វិធានការ​មួយ​ឆ្ពោះទៅរក «​ទិសដៅ​នៃ​ការធានា​ឲ្យ​ប្រាកដ​ថា ក្រុមហ៊ុន​បង់​ចំណែក​ពន្ធ​របស់​ពួកគេ​ដោយ​យុ​តិ្ត​ធម៌​»​។​

​លោក​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា​៖ «​របាយការណ៍​ស្តីពី​ការរាយការណ៍​ទៅកាន់​ប្រទេស​នីមួយៗ​នេះ (Country-by-country) នឹងមាន​ឥទ្ធិពល​ភ្លាមៗ​ក្នុងការ​បង្កើន​ការសហការ​អន្តរជាតិ​លើ​បញ្ហា​ពន្ធ តាមរយៈ​ការ​លើក​កម្ពស់​តម្លាភាព​របស់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ខ្នាត​ អន្តរជាតិ​»​។​

​លោក​បន្ថែមថា​៖ «​ការផ្លាស់ប្តូរ​ព័ត៌មាន​នេះ​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៧ និង​ផ្ដល់​ឲ្យ​រដ្ឋបាល​ពន្ធ នូវ​រូបភាព​សកលលោក​រួម​គ្នា ស្ដីពី​សកម្មភាព​របស់​ក្រុមហ៊ុន​ធំៗ​។

​ប្រទេស​អូស្ដ្រាលី អង់គ្លេស ស៊ី​លី បារាំង ជប៉ុន លុច​សំបួ ម៉ិ​ក​ស៊ិ​ក និង​ស្វ៊ី​ស​ស្ថិត​ក្នុងចំណោម​ប្រទេស​ជា​ហត្ថលេខី​ទាំង​៣១​នេះ​។​

​អង្គការ OECD បន្ថែមថា សហរដ្ឋ​អាមេរិក​មិនទាន់បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​នៅឡើយ​ទេ ប៉ុន្តែ​នឹង​ចុះហត្ថលេខា​នៅពេល​អនាគត​ដ៏​ខ្លី​។​

​វិធានការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​វិធានការ​របស់​អង្គការ OECD ដែលមាន ១៥​ចំណុច​ដែល​ត្រូវបាន​ឯកភាព​ដោយ​ក្រុម​មេដឹកនាំ​នៅក្នុង​កិច្ចប្រជុំ​កំពូល ​របស់​ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង ២០ (G20) នៅ​ទីក្រុង Antalya ប្រទេស​តួ​ក​គី​កាលពី​ខែវិច្ឆិកា​។​

​អង្គការ OECD គណនា​ថា រដ្ឋាភិបាល​នានា​ខាតបង់​ពី ១០០ ដល់ ២៤០ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ពី ៤ ដល់ ១០​ភាគរយ​នៃ​ចំណូល​ពន្ធ​ពិភពលោក​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ផែនការ​បង់ពន្ធ​ក្នុង​កម្រិត​អប្បបរមា​របស់​ក្រុមហ៊ុន​ខ្នាត​ អន្តរជាតិ ដូចជា​ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Amazon ជាដើម​។​

​ក្រុមហ៊ុន Google បាន​យល់ព្រម​កាលពី​ថ្ងៃ​សុក្រ​ថា​នឹង​បង់ប្រាក់ ១៣០​ លាន​ផោន (១៨៥​ លាន​ដុល្លារ​អាមេរិក ឬ ១៧២​លាន​អឺរ៉ូ​) ជា​ប្រាក់​ពន្ធ​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ បន្ទាប់ពី​មានការ​ស៊ើបអង្កេត​យ៉ាងខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ទៅលើ​គម្រោង​ រៀបចំ​គេចពន្ធ​របស់​ក្រុមហ៊ុន​ម៉ាស៊ីន​រុករក​ដ៏​ធំ​មួយ​នេះ​៕

ថ្ងៃទី២៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment