Thai Smile នឹង​ហោះ​ហើរ​ត្រង់

ភ្នំពេញៈ នៅ​ឆ្នាំ​ ២០១៦​ នេះ​ មាន​ក្រុមហ៊ុន​អាកាស​ចរណ៍ បរទេស​យ៉ាង​ហោច​ណាស់​បី​នឹង​បើក​ការ​ហោះ​ហើរ​ត្រង់​មក​កម្ពុជា​ដើម្បី​ចាប់​ យក​កំណើន​ទេសចរ​ដែល​កំពុង​តែ​កើន​ឡើង​របស់​កម្ពុជា។

ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​ប្រទេស​ថៃ Thai Smile Airway ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​តំបន់​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Thai Airways នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​សេវា​ហោះ​ហើរ​ត្រង់​ចេញ​ពី​ទីក្រុង​បាងកក​ទៅ​ សៀមរាប​នៅ​ខែ​ក្រោយ។ នេះ​បើ​តាម​មន្ត្រី​នៅ​ក្រុមហ៊ុន កម្ពុជា អ៊ែរផត។

លោក ពេជ្រ សុប៉ុនតារា ប្រធាន​ពង្រីក​ការ​ហោះហើរ​នៅ​ក្រុមហ៊ុន​កម្ពុជា អ៊ែរផត​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ក្រុមហ៊ុន​អាកាស​ចរណ៍​ថ្មី Thai smile នឹង​ដំណើរ​ការ​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​លើក​ដំបូង​ដែល​ចាប់​ផ្ដើម​ដំណើរ​ការ ​នៅ​ឆ្នាំ​ ២០១៦ ដែល​នឹង​មាន​ជើង​ហោះ​ហើរ​ ២០​ ជើង​ក្នុង​មួយ​សប្ដាហ៍​ពី​ព្រលាន​យន្ត​ហោះ​ទីក្រុង​ បាងកក មក​ខេត្ត​សៀមរាប។

បើ​តាម​លោក ពេជ្រ សុប៉ុនតារា ក្រុមហ៊ុន​អាកាស​ចរណ៍​ថ្មី​ទី ២ Hong Kong airline នឹង​ដំណើរ​ការ​ជើង​ហោះ​ហើរ​ដំបូង​នៅ​ថ្ងៃទី​ ២៧​ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដែល​មាន​ជើង​ហោះ​ហើរ​៦​ជើង​ក្នុង​មួយ​សប្ដាហ៍។

លោក​លើក​ឡើង​ថា៖ «យើង​រំពឹង​ថា​វា​នឹង​មាន​ក្រុមហ៊ុន​អាកាស​ចរណ៍​ថ្មី ២ ឬ​ ៣​ បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ»។

ក្រុមហ៊ុន​អាកាស​ចរណ៍ ANA របស់​ជប៉ុន ក៏​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ហោះហើរ​ត្រង់​មក​កម្ពុជា​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​ ២០១៦​ នេះ​ផង​ដែរ ដែល​ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង លោក សុក ចិន្តាសោភា អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក Shinya Katanozaka ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាស​ចរណ៍ ANA HOLDINGS INC នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ​១៨ ខែ​ មករា ឆ្នាំ​ ២០១៦។ នេះ​បើ​តាម​គេហទំព័រ Fresh news។

ក្រុមហ៊ុន​អាកាស​ចរណ៍ Thai Smile នឹង​ចាប់​ផ្ដើម​សេវា​ហោះ​ហើរ​រវាង​ទីក្រុង​បាងកក និង​ខេត្ត​សៀមរាប​ដោយ​ប្រើប្រាស់​យន្តហោះ Airbus A-320 ដែល​មាន ១៧៤ ​កៅអី។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នក​នាំ​ពាក្យ​រដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល (SSACC) បាន​ថ្លែង​ថា ក្រុមហ៊ុន Smile Air ទទួល​បាន​ការ​អនុញ្ញាត​ក្នុង​ការ​ប្រតិបត្តិការ​ផ្លូវ​ហោះ​ហើរ​នៅ​ខែ​នេះ។

លោក​ថ្លែង​ថា៖ «[ក្រុមហ៊ុន Thai Smile Air] ត្រូវ​តែ​បង្កើត​ទីផ្សារ​របស់​ខ្លួន​ស្ថិត​ក្រោម​ជើង​ហោះ​ហើរ​រួម​គ្នា​ ជាមួយ​ក្រុមហ៊ុន Thai Airways ប៉ុន្តែ​នៅ​ពេល​នេះ​ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ​អាច​មាន​ឯករាជ្យ និង​មាន​ចរាចរណ៍​ជើង​ហោះ​ហើរ​ផ្ទាល់​របស់​ខ្លួន»។

ផ្លូវ​ហោះ​ហើរ​បាងកក សៀមរាប​បច្ចុប្បន្ន​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ក្រុមហ៊ុន​អាកាស​ចរណ៍ Bangkok Airways ដែល​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​ក្នុង​តំបន់​ផ្ដល់​សេវា​ពេញ​លេញ និង AirAsia ដែល​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​មាន​តម្លៃ​ទាប (LCC) របស់​ប្រទេស​ម៉ាឡេស៊ី។ ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជា​អង្គរ​អ៊ែរ ដែល​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​ឈាន​មុខ​គេ​របស់​កម្ពុជា ក៏​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​មួយ​ប្រចាំ​ថ្ងៃ​ផង​ដែរ។

ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Smile មាន​បំណង​ឈរ​ជើង​នៅ​ក្នុង​ចន្លោះ​រវាង​ក្រុមហ៊ុន​អាកាស​ចរណ៍​សេវា​ពេញ​លេញ​ និង​ក្រុមហ៊ុន​អាកាស​ចរណ៍​មាន​តម្លៃ​ទាប ជា​មួយ​នឹង​ជើង​ហោះហើរ​ឯកទិស​ក្នុង​តម្លៃ​ ៧៧ ​ដុល្លារ (រួម​ទាំង​ពន្ធ) ដែល​អាច​ធៀប​នឹង​តម្លៃ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរអេស៊ី។

លោក​បាន​ចាន់​សិរីវុត្ថា លើក​ឡើង​ថា៖ «ក្រុមហ៊ុន​អាកាស​ចរណ៍ Thai Smile Airway ប្រតិបត្តិការ​ដូចជា LCC ផង​ដែរ​ដោយ​សារ​គំរូ​អាជីវកម្ម​របស់​ខ្លួន​មាន​បំណង​ប្រកួត​ប្រជែង [ជាមួយ LCC ផ្សេង​ទៀត] និង​ក្រុមហ៊ុន​អាកាស​ចរណ៍​ក្នុង​ស្រុក»។

លោក​អាង គឹម​អៀង ប្រធាន សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ហោះហើរ​ថ្មី​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Thai Smile នឹង​ជួយ​នាំ​យក​ទេសចរ​ទៅ​សៀមរាប។

លោក​បាន​បន្ត​ទៀត​ថា៖ «វា​គឺជា​សញ្ញា​ល្អ​មួយ​សម្រាប់​កម្ពុជា​នៅ​ពេល​មាន​ក្រុមហ៊ុន​អាកាស​ចរណ៍​ ថ្មី​កាន់​តែ​ច្រើន ហើយ​វា​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​របស់​ប្រាសាទ​អង្គរវត្ត​ក្នុង​ការ​បង្កើន ​កេរ្ដិ៍​ឈ្មោះ​របស់​កម្ពុជា និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន»៕

 

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment