WTO សម្រេច​ឲ្យ​ចិន​ឈ្នះ​

ហ្សឺណែវៈ ​កាល​ពី​ថ្ងៃ​ចន្ទ​ អង្គការ​ពាណិជ្ជ​កម្មពិ​ភព​លោក​បាន​សម្រេច​ប្រឆាំង​នឹង​សហ​ភាព​អឺរ៉ុប​ក្នុង ​ជម្លោះ​មួយ​ដែល​មាន​សភាព​កាន់​​តែ​ធ្ងន់​ធ្ងរ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៩​ មក​រវាង​សហ​ភាព​អឺរ៉ុប​ និង​ប្រទេស​ចិន​ចំពោះ​ពន្ធ​នាំ​ចូល​គ្រឿង​ខ្ចៅ ​និង​ប៊ូឡុង​​មួយ​ចំនួន​។

សាល​ក្រម​លើក​ទីបួន ​និង​ចុង​ក្រោយ​​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភព ​លោក​ប្រឆាំង​នឹង​សហ​ភាព​អឺរ៉ុប​ក្នុង​ជម្លោះ​នេះ ​នឹង​បើក​ផ្លូវ​ឲ្យ​ប្រទេស​ចិន​ទាម​ទារ​សំណង។​

ប្រទេស​ចិន​បាន​ដាក់​បណ្តឹង​នេះ​ជា​លើក​​ដំបូង​ទៅ​អង្គការ​ពាណិជ្ជ​កម្ម​ ពិភ​ព​​លោក​នៅ​ខែ​កក្កដា​ ឆ្នាំ​២០០៩​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​ហូត​ពន្ធ​ខ្ពស់​លើ​ការ​នាំ​ចូល​ដែក​ និង​គ្រឿង​តំណ​ដែក​មួយ​ចំនួន​របស់​ចិន។​

ដោយ​បាន​បដិសេ​ធ​ថា​ការ​លក់​បង្ខូច​​តម្លៃ​បាន​កើត​ឡើង​នោះ កាល​ពី​ខែ​​មករា ​ឆ្នាំ​ ២០០៩​ សហ​ភាព​អឺរ៉ុប ​បាន​​ហូត​ពន្ធ​ចន្លោះ​ពី​ ២៦,៥​ ភាគ​រយ ដល់ ​៨៥​ ភាគ​រយ​ លើ​គ្រឿង​វីស​ ខ្ចៅ ​ប៊ូឡុង​ និង​ខ្ចៅ​ទ្រនាប់​។

ក្រសួង​ពាណិជ្ជ​កម្ម​ចិន​ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ​ថា​ ចាប់​តាំង​ពី​ពេល​នោះ​មក​វិធាន​ការ​ទាំង​នេះ​ មាន​ផល​ប៉ះ​ពាល់​ជា​អវិជ្ជ​មាន​លើការ​នាំ​ចេញ​ពី​ប្រទេស​ចិន​ប្រមាណ១​ពាន់​ លាន​ដុល្លារ (៩៨១​លានអឺរ៉ូ) ​និង​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​​១០ម៉ឺន​នាក់​បាត់​បង់​ការ​ងារ​ក្នុង​រោង​ចក្រ​ ផលិត​គ្រឿ​ង​តំណ​ខ្ចៅខ្យង​រាប់​​ពាន់​កន្លែង​នៅ​ទូទាំង​ប្រទេស​ចិន​។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ បាន​បន្ត​ឲ្យ​ដឹង​ថា៖ «​វា​បានធ្វើ​ឲ្យ​ខាត​បង់​​ផ្នែក​សេដ្ឋ​កិច្ច​ដ៏​ធំ​ចំពោះ​ឧស្សា​ហ​កម្ម​ របស់​ចិន»។​

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​រក​ឃើញ​ថា ​វិធាន​ការ​របស់​សហ​ភាព​អឺរ៉ុប​ បាន​រំលោភ​ច្បាប់​ពាណិជ្ជ​កម្ម​ពិភពលោក។​

នៅ​ឆ្នាំ ២០១០​ ក្រុម​ប្រឹក្សា​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ បាន​សម្រេច​ថា ​រដ្ឋាភិ​បាល​ក្រុង​ប្រ៊ុច​សែល ​បាន​អនុ​វត្ត​​មិន​សម​ស្រប​ចំពោះ​ការ​ប៉ាន់​ស្មាន​ពី​ការ​ប្រឆាំង​នឹង​ការ​ លក់​បង្ខូច​តម្លៃ​ទីផ្សារ​ ហើយ​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​សាលា​ឧទ្ធរណ៍​ក្នុង​ឆ្នាំ​ ២០១១។​

ប៉ុន្តែ​ករណី​នេះ​ មិន​បញ្ចប់​ត្រឹម​សាលាឧ​ទ្ធរណ៍​ទេ​។ ​ប្រទេស​ចិន​មិន​យល់​ស្រប​ចំពោះការ​អះ​អាង​របស់​សហភាព​អឺរ៉ុប​កាល​ពី​ខែ​ តុលា ​ឆ្នាំ ​២០១២ ​ដែល​ថា ខ្លួន​បាន​កែ​តម្រូវ​ដើម្បី​គោរព​តាម​ការ​សម្រេច​របស់​អង្គការ​ពាណិជ្ជ​កម្ម ​ពិភព​លោក​។

ក្រុម​​ប្រឹក្សា​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភ​ព​លោក ​បាន​សម្រេច​កាល​ពី​ខែ​សីហា គាំ​​ទ្រ​ប្រទេស​ចិន​ ដោយ​បាន​រក​ឃើញ​ថា​ ការ​អះ​អាង​របស់​សហ​ភាព​អឺរ៉ុប​មិន​​ត្រឹម​ត្រូវ ​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ ​ក្រុម​ប្រឹក្សា​​សាលា​ឧទ្ធរណ៍​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ បាន​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​របស់​សហ​ភាព​អឺរ៉ុប​។​

សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រ​សួ​ង​ពាណិជ្ជ​កម្ម​ចិន បាន​សាទរ​ចំពោះ​ការ​សម្រេច​​នេះ​ ដោយ​បាន​បញ្ជាក់​ថា ការ​សម្រេច​​នេះ ​បាន​បង្ហាញ​ថា ការ​អនុ​វត្ត​​ដោយ​ភាព​រើស​អើង​ និង​វិធាន​ការ​ប្រឆាំង​​នឹង​ការ​លក់​បង្ខូច​តម្លៃ​ ដែល​ត្រូវ​​បាន​អនុវត្ត​ដោយ​ដៃ​គូពា​ណិជ្ជ​កម្ម​មួយ​ចំនួន​ប្រឆាំង​នឹង​ផលិត ​ផល​ និង​ក្រុម​ហ៊ុន​នាំ​ចូល​របស់​ចិន​ ខ្វះ​មូល​ដ្ឋាន​ច្បាប់​ពហុភាគី​ក្រោម​ច្បាប់​ពាណិ​ជ្ជ​កម្ម​អង្គការ​ពាណិជ្ជ ​កម្ម​ពិភព​លោក​។​

ប្រទេស​ចិន​ បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​គោរព​តាម​ការ​សម្រេច​ចុង​ក្រោ​យ​​របស់​អង្គការ​ ពាណិជ្ជ​កម្ម​ពិភពលោក​ឲ្យ​​បាន​ឆាប់​រហ័ស​ ហើយ​លុប​ចោល​វិធានការខុស​ច្បាប់​​ប្រឆាំង​នឹង​ការ​លក់​​បង្ខូ​ច​ថ្លៃ​នេះ​លើ ​គ្រឿង​តំណខ្ចៅ ​ដែល​នាំ​​ចេញពី​ប្រទេស​ចិន​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើបាន។​

សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​​បាន​រំឭក​ថា បើ​មិន​ដូច្នេះ​ទេ​ប្រទេស​ចិន​នឹង​ប្រើ​សិទ្ធិ​របស់​ខ្លួន​ចាត់​វិធានការ​ជា ​បន្ត​ ក្រោម​យន្តការ​ដោះ​ស្រាយ​ជម្លោះ​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក ​ដែល​ទំនង​ជា​សំដៅ​លើ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ទាម​ទារ​សំណង​។

​ចិន​​ឲ្យ​ដឹងថា ខ្លួន​សង្ឃឹម​​ថា​ជម្លោះ​រឿង​គ្រឿង​តំណ​ខ្ចៅ​ខ្យង​នេះ​នឹង​អាច​ដោះ​ស្រាយ​​​ ​ឲ្យ​បា​ន​ឆាប់​រហ័ស​​តាម​​​ដែល​អាច​ធ្វើ​បាន ​ដើម្បី​ស្តារ​​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឲ្យ​ប្រក្រ​តី​វិញ​សម្រាប់​ផលិត​ផល​ ក្នុង​​ជម្លោះ​នេះ។​

​ក្រុង​ប៉េកាំង​ និង​ក្រុង​ប្រ៊ុច​​សែល ​មាន​​ជម្លោះ​បញ្ហា​ពាណិជ្ជ​កម្ម​​ជា​ច្រើ​ន​នៅ​​អង្គការ​ពាណិជ្ជ​កម្ម​ពិភព ​​លោក​ ខ​ណៈ​ EU ព្យា​យាម​បង្កើត​​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិ​ធម៌​​​សម្រាប់​ពាណិជ្ជ​កម្ម ​​ក្នុង​​ចំណោម​​សមា​​ជិក​របស់​ខ្លួន៕

ថ្ងៃទី២០ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment