កម្ពុជា ​ជាប់​ចំណាត់​ថ្នាក់​ពុករលួយ​ធ្ងន់ធ្ងរ​នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន

កម្ពុជា ​ជាប់​ចំណាត់​ថ្នាក់​ពុករលួយ​ធ្ងន់ធ្ងរ​នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន

ភ្នំពេញៈ អង្គការ​តម្លាភាព​អន្តរជាតិ​ហៅ​កាត់​ថា (TI) បាន​ចាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ខ្លាំង​ជាង​គេ​ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ និង​មាន​កម្រិត​​អំពើ​ពុករលួយ​​ខ្ពស់​នៅ​ឡើយ​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៥ ខណៈ​ដែល​​កម្ពុជា​​ទទួល​បាន​លេខ​រៀង​ ១៥០ ក្នុង​ចំណោម​ប្រទេស​ ១៦៨ ទូទាំង​ពិភពលោក​ដែល​បាន​​ធ្វើការ​វាយតម្លៃ​​។

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ (CPI) របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​អង្គការ​ តម្លាភាព​នៅ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​​កម្ពុជា​បាន​រក្សា​ពិន្ទុ ២១ លើ​ពិន្ទុ ១០០ និង​ចំណាត់​ថ្នាក់​លេខ​រៀង ១៥០ ក្នុង​ចំណោម​​ប្រទេស​ ១៦៨ ​ទូទាំង​ពិភពលោក​ដែល​ត្រូវ​បាន​ធ្វើការ​វាយតម្លៃ​ពី​កម្រិត​នៃ​អំពើ​ពុករលួយ ​។

នៅ​ឆ្នាំ ២០១៤ កន្លង​ទៅ​កម្ពុជា​ទទួល​​បាន​​ពិន្ទុ ២១ និង​មាន​ចំណាត់​ថ្នាក់ ១៥៦ ក្នុង​ចំណោម​ ១៧៥ ប្រទេស។

យ៉ាង​ណា​ក៏ដោយ​​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​វាយតម្លៃ​ប្រទេស​កម្ពុជា​ មាន​អំពើ​ពុករលួយ​ខ្លាំង​ជាង​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ខណៈ​ដែល​ សិង្ហបុរី​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​គឺ​ ៨៥ ពិន្ទុ​ម៉ាឡេស៊ី​ ៥០ ​ពិន្ទុ ថៃ ៣៨ ពិន្ទុ ឥណ្ឌូនេស៊ី ៣៦ ពិន្ទុ ហ្វីលីពីន​ ៣៥ ពិន្ទុ វៀតណាម​ ៣១ ឡាវ​ ២៥ មីយ៉ាន់ម៉ា ២២ និង​កម្ពុជា​ទទួល​បាន​ពិន្ទុ​ទាប​ជាង​គេ​គឺ ២១ ពិន្ទុ។ ចំណែក​ប្រទេស​ដែល​ទទួល​បាន​ភាព​ស្អាតស្អំ​ខ្លាំង​ និង​ពិន្ទុ​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក​មាន​ប្រទេស​ដាណឺម៉ាក​ ៩១​ ពិន្ទុ ហ្វាំងឡង់​ ៩០ ​ពិន្ទុ និង​ប្រទេស​ ស៊ុយអែត ​៨៩ ​ពិន្ទុ។

ប្រទស​ដែល​មាន​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ខ្លាំង​ជា​គេ​ គឺ​ប្រទេស​សូម៉ាលី ៨ ពិន្ទុ កូរ៉េ​ខាង​ជើង​ ៨ ពិន្ទុ និង​ប្រទេស អាហ្វហ្គានីស្ថាន​ ១១ ពិន្ទុ។

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា​លោក ឱក សេរីសោភក្តិ៍ ថ្លែង​ថា​លទ្ធផល​សម្រាប់​កម្ពុជា​ក្នុង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ ពុករលួយ​ក្នុង​ឆ្នាំ​ ២០១៥ បាន​ឆ្លុះ​បញ្ចាំង​ថា​ការ​ខិតខំ​​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ ធ្វើ​កំណែទម្រង់​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ និង​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

លោក​ថា៖ «ខណៈ​ដែល​​ការ​ធ្វើ​កំណែង​ទម្រង់​វិស័យ​មួយ​ចំនួន​ត្រូវ​បាន​កត់សម្គាល់​ និង​ទទួល​បាន​ការ​ស្វាគមន៍​វា​គឺជា​ការ​ចាំបាច់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​ បន្ត​ធ្វើ​កំណែ​ទម្រង់​ទៅ​លើ​ស្ថាប័ន​សាធារណៈ​នានា​ផ្តោត​សំខាន់​ទៅ​លើ​ ស្ថាប័ន​សំខាន់ៗ​ប្រព័ន្ធ​តុលាការ ស្ថាប័ន​អនុវត្ត​ច្បាប់ និង​ស្ថាប័ន​ដែល​ផ្តល់​សេវាសាធារណៈ​ជាដើម»។

យ៉ាង​ណា​ក៏ដោយ​លោក​កត់សម្គាល់​ថា​ ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់​អំពើ​ ពុករលួយ​ក្រោយ​ឆ្នាំ​ ២០១៣ កន្លង​មក​មាន​ភាព​ល្អ​ខ្លះ​ជាពិសេស​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ និង​ការ​បង់​ថ្លៃ​ទឹក ភ្លើង​តាមរយៈ​ប្រព័ន្ធ​អនឡាញ។

ទោះ​ជា​បែប​នេះ​ក្តី​ លោក​ថា​ ដោយសារ​តែ​ប្រព័ន្ធ​យុត្តិធម៌​មាន​អំពើ​ពុករលួយ​ខ្លាំង​ទើប​ទាញ​ពិន្ទុ​ កម្ពុជា​ឲ្យ​ធ្លាក់​ចុះ​ដដែល​ទោះ​មាន​កំណែ​ទម្រង់​ខ្លះ​ក្តី។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល ទទួល​ស្គាល់​ថា​ដើម្បី​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ និង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​គឺ​ ត្រូវការ​ពេលវេលា​តែ​លោក​ថា​វា​ជា​ការ​សំខាន់​ដែល​ត្រូវ​អនុវត្ត​ឲ្យ​បាន​ ត្រឹមត្រូវ​ផ្តោត​លើ​បញ្ហា​ចម្បងៗ​ជា​មុន​សិន។​ លោក​បញ្ជាក់​ថា « តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា​ប្រជាជន​កម្ពុជា​ភាគច្រើន​ លើស​លប់​មាន​ជំហរ​ប្រឆាំង​អំពើ​ពុករលួយ​ និង​ត្រៀម​ខ្លួន​ជាច្រើន​ក្នុង​ការ​ចូលរួម​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ដូច្នេះ​ហើយ​យើង​ចង់​ឃើញ​រដ្ឋាភិបាល​បង្កើន​លទ្ធភាព​ចូលរួម​ពី​សាធារណជន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ»។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ឱម យ៉ិនទៀង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ទិន្នន័យ និង​វិធីសាស្ត្រ​ប្រមូល​ព័ត៌មាន​របស់ TI គឺ​មិន​ល្អ​ពោល​គឺ​ពឹង​ផ្អែក​លើ​ទស្សនៈ​មនុស្ស និង​ក្រុម​មនុស្ស​ដែល​នាំ​ឱ្យ​លទ្ធផល​លម្អៀង និង​មិន​ត្រឹមត្រូវ​តាម​បរិបទ និង​ការ​វិវឌ្ឍ​ជាក់​ស្តែង។

លោក​បន្ត​ថា ​ការ​ដាក់​ពិន្ទុ CPI របស់ TI មិន​ត្រឹម​តែ​កម្ពុជា​មិន​ទទួល​យក​បាន​​ប៉ុណ្ណោះ​​ទេ​ប៉ុន្តែ​ត្រូវ​បាន​ រិះគន់​ដោយ​​អ្នក​ជំនាញ​ និង​អ្នក​សិក្សាធិការ​ខាង​ប្រឆាំង​អំពើ​ពុករលួយ​ជាច្រើន​នៅលើ​ពិភពលោក​។

លោក​បញ្ជាក់​ថា៖ «មិន​មាន​ការ​ឆ្លុះ​បញ្ចាំង​ស្ថានភាព​ជាក់ស្តែង​ក្នុង​ប្រទេស​នីមួយៗ​ និង​​គ្មាន​ការ​លើ​ទឹកចិត្ត​ហើយ​ប្រទេស​ដែល​ប្រឹង​ប្រយុទ្ធ​កាន់តែ​ច្រើន​ ពិន្ទុ​កាន់​​តែ​យ៉ាប់​ជាង​ប្រទេស​មិន​ប្រឹង​ឧទាហរណ៍ ចិន​ឆ្នាំ ២០១៣ ជាប់​លេខ ៨០ ជាង​ឆ្នាំ ២០១៤ ជាប់​លេខ​ ១០០ បន្ទាប់​ពី​ការ​រិះគន់​ខ្លាំងក្លា​ឆ្នាំ​ ២០១៥ ​ដាក់​ចិន​ជាប់​លេខ​ ៨០ ជាង​វិញ​ទាំង​នេះ​បញ្ជាក់​ពី​ភាព​មិន​ប្រាកដប្រជា​របស់​ការ​ដាក់​ពិន្ទុ​ នេះ»។

ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន​ចោទ​ជា​ចំណោទ​ថា​ហេតុអ្វី​ប្រទេស​ដែល​ ទទួល​បាន​ផល​នៃ​បទ​ល្មើស​កើត​ចេញ​ពី​អំពើ​ពុករលួយ​ដែល​ត្រូវ​បាន​គេ​យក​លុយ​ ទៅ​លាក់​ទុក​សុទ្ធតែ​ជាប់​ចំណាត់​ថ្នាក់​ល្អ​ខ្ពស់​ជាង​គេ​ (Top 10)។

អនុប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ធនាគារ និង​ជា​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​លោក សុន ឆ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​លទ្ធផល​នេះ​​បញ្ជាក់​ឲ្យ​ឃើញ​ថា​អំពើ​ពុករលួយ​ នៅ​កម្ពុជា​ពុំ​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ហើយ​អាច​បង្ក​គ្រោះថ្នាក់​ សម្រាប់​កម្ពុជា​នៅ​ថ្ងៃ​មុខ។

លោក​សង្កត់​ធ្ងន់​ថា៖ «ជា​លទ្ធផល​មួយ​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​រងគ្រោះ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម ​ទៀត​ព្រោះ​យើង​ចូល​ជា​សមាជិក​អាស៊ាន​យើង​ត្រូវ​ការ​វិនយោគទុន​ដើម្បី​ ផលិតផល​ទៅ​ចូលរួម​ក្នុង​ទីផ្សារ​អាស៊ាន​តែ​ការ​ដែល​មិន​មាន​ប្រសើរ​​អំពើ​ ពុករលួយ​នៅ​កម្ពុជា​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ខ្លាចរអា​មិន​ហ៊ាន​មក»។ លោក​បន្ត​ថា​មូលហេតុ​ដែល​កម្ពុជា​នៅ​មាន​អំពើ​ពុកលួយ​ខ្លាំង​ដោយសារ​អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ​មិន​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ប្រយុទ្ធ​ ប្រឆាំង​បញ្ហា​នេះ។

សន្ទស្សន៍​នៃ​​​ពី​អំពើ​ពុករលួយ​ពឹង​ផ្អែក​លើ​​ការ​ស្ទង់​មតិ​ចំនួន​ ១២ ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​ឯកទេស និង​ពាណិជ្ជករ​ទូទាំង​ពិភពលោក។ ប្រភព​ទិន្នន័យ​ចំនួន​ ៧ ត្រូវ​បាន​ប្រើប្រាស់​គណនា​ពិន្ទុ​សន្ទស្សន៍​ពី​អំពើ​ពុករលួយ​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ​ ២០១៥ ដែល​ប្រភព​ទិន្នន័យ​ទាំង​នោះ​រួមមាន​ភ្នាក់ងារ​សេដ្ឋកិច្ច ភ្នាក់ងារ​ទីប្រឹក្សា​ហានិភ័យ​នយោបាយ​​សេដ្ឋកិច្ច​ទ្វីប​អាស៊ី និង​ការ​វាយតម្លៃ​ស្ថាប័ន​គោលនយោបាយ​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​ ជាដើម។

សន្ទស្សន៍​នៃ​​ការ​​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នេះ​គេ​បាន​ដាក់​​កម្ពុជា​​ ក្នុង​​ពណ៌​ក្រហម​ចាស់​​ដែល​ជា​ប្រទេស​មាន​ស្ថានភាព​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ​ចំណែក​ពណ៌​​ឈាម​ជ្រូក​ដែល​ក្នុង​នោះ​មាន​​ប្រទេស​សូម៉ាលី និង​កូរ៉េ​ខាង​ជើង​ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ខ្លាំង៕

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment