កម្មករ​តវ៉ា​ពេល​ថៅកែ​រត់​ចោល

កម្មករ​តវ៉ា​ពេល​ថៅកែ​រត់​ចោល

ភ្នំពេញៈ កម្មករ​ជាង​ ៤០០ នាក់​នៃ​រោងចក្រ​ដេហ្វាងហ្គាមែន​ដែល​មាន​ថៅកែ​ជា​ជនជាតិ​កូរ៉េ​ស្ថិត​នៅ​សួន ​កាណាឌីយ៉ា​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ម្សិលមិញ​បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​ទាមទារ​ ប្រាក់​ខែ​នៅ​ពេល​ដឹង​ថា​ថៅកែ​រោងចក្រ​រត់​ចោល។

លោក ជុំ បីត អនុប្រធាន​សហព័ន្ធ​សហជីព​សន្តិភាព​ដើម្បី​កម្មករ​បាន​ឲ្យ​ដឹង​ថា ​កម្មករ​សរុប​ ៤២០ នាក់​ដែល​មាន​ទីតាំង​នៅ​ក្នុង​សួន​កាណាឌីយ៉ា​អគារ​ ២៨ និង ២៩ ភូមិ​ត្រពាំងថ្លឹង​ សង្កាត់​ចោមចៅ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ទៅ​តាម​ការងារ​ ជាក់ស្តែង​ក្រោយពី​ថៅកែ​រត់​ចោល​ដោយ​នាំ​គ្នា​លើក​បដា​អំពាវនាវ​សូម​ឲ្យ​លោក ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ភរិយា​ជួយ​អន្តរាគមន៍។​

លោក​ថា​ មុន​ចូល​ឆ្នាំ​កម្មករ​តវ៉ា​ពីរ​ដង​មក​ហើយ​ ហើយ​ក្រោយ​ពី​ចូល​ឆ្នាំ​មួយ​ថ្ងៃ​ពួកគេ​នាំ​គ្នា​តវ៉ា​ទាមទារ​ប្រាក់​ខែ​​ ក្នុង​ខែ​មីនា​ដែល​មិន​ទាន់​បាន​បើក​នៅ​ឡើយ​រហូត​មក​ទល់​ពេល​នេះ​។​

លោក​បាន​បញ្ជាក់​៖ «ថៅកែ​រោងចក្រ​រត់​ចោល​មិន​ដឹង​រឿង​អី​ប្រហែល​គ្មាន​ការងារ​ឲ្យ​កម្មករ​ធ្វើ​ហើយ​មិន​ទូទាត់​លុយ​ឲ្យ​កម្មករ​»។

កម្មការិនី ចាន់ ថា ឲ្យ​ដឹង​ថា​កម្មករ​គ្មាន​ប្រាក់​ទៅ​ចូល​ឆ្នាំ​ទេ​ព្រោះ​ថៅកែ​មិន​បើក​ប្រាក់ ​ខែ​ខែ​មីនា​ឲ្យ​។ កម្មការិនី​រូប​នេះ​និយាយ​ថា​៖ «កម្មករ​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​ក្រោយ​ដឹង​ថា​ថៅកែ​រត់​ចោល​»។

តំណាង​ក្រុមហ៊ុន​ម្នាក់​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​​​ថ្លែង​​​​​ថា​៖ «​ថៅកែ​ជនជាតិ​កូរ៉េ​បាន​រត់​ចោល​ហើយ​យើង​មិន​អាច​ទំនាក់​ទំនង​ទៅ​គាត់​បាន​ យើង​គ្មាន​ប្រាក់​បើក​ឲ្យ​កម្មករ​ទេ​បច្ចុប្បន្ន​ករណី​នេះ​ត្រូវ​បាន​បញ្ជូន ​ទៅ​ក្រសួង​ការងារ​ដោះស្រាយ​»៕

ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment