ការ​ផ្ដល់​សំណង​បាន​ផ្

ភ្នំពេញៈ គណៈ​កម្មការ​ចម្រុះ​ដោះ​ស្រាយ​វិបត្តិ​លំនៅឋាន​ក្នុង​សហគមន៍​បុរីកីឡា ​កាល​ពី​ព្រឹក​ម្សិល​មិញ ​បាន​ប្រកាស​បិទ​កម្ម​វិធី​ផ្ដល់​សំណង​ជា​ថវិកា​ដល់​ប្រជា​សហគមន៍​បុរី​កីឡា ​ចំនួន​ ៥៦ ​គ្រួសារ​ភ្លាមៗ បន្ទាប់​ពី​ស្ត្រី​ ៥ ​នាក់​បាន​ស្រែក​តវ៉ា​អុកឡុក​ក្នុង​កម្ម​វិធី​នោះ។

ខណៈ​ស្ត្រី​បី​នាក់​ត្រូវ​បាន​ប្រកាស​ឲ្យ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​គណៈ​ កម្មការ​ ដើម្បី​ទទួល​យក​បង្កាន់​ដៃ​ទឹក​ប្រាក់​ ៥ ០០០ ​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​រុះរើ​តង់​ចាក​ចេញ​ដោយ​ស្ងាត់​ស្ងៀម​ពី​តំបន់​ បុរីកីឡា​នោះ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​គ្នា​ប្រាំ​នាក់ បាន​ស្ទុះ​ងើប​ឡើង​និង​ស្រែក​ខ្លាំង​នៅ​មុខ​ហ្វូង​មនុស្ស​ប្រមាណ ​១០០​ នាក់​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្ម​វិធី​នោះ បង្ក​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ឡើង​។

អ្នក​ស្រី ភោក សុភិន ដែល​មិន​ពេញ​ចិត្ត​ការ​វាយ​តម្លៃ​ឲ្យ​គាត់​បាន​ផ្ទះ​នៅ​សហគមន៍​ភូមិ​អណ្ដូង ​ឬ ​លុយ​ ៥០០០ ​ដុល្លារ​បាន​ស្រែក​ឡើង​ថា៖ «ខ្ញុំ​សុខ​ចិត្ត​ស្លាប់​នៅ​ទីនេះ​[បុរី​កីឡា]បើ​ខ្ញុំ​មិន​បាន​ផ្ទះ​នៅ​ ក្នុង​បុរី​កីឡា​ទេ​នោះ»។

បន្ទាប់​មក​ស្ត្រី​ឈ្មោះ សោម សុម៉ាលី ក៏​ដើរ​តាម​ក្រោយ​រួច​ស្រែក​ថា៖«អយុត្តិ​ធម៌​ណាស់ៗ! ខ្ញុំ​មាន​ឯក​សារ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​ផ្ទះ​ក្នុង​បុរី​កីឡា ប៉ុន្តែ​គណៈ​កម្មការ​បាន​វាយ​តម្លៃ​ឲ្យ​ខ្ញុំ​ត្រូវ​បាន​ផ្ទះ​ក្នុង​សហគមន៍​ អណ្ដូង​ខ្ញុំ​មិន​ទៅ​ទេ!»។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ស្ត្រី​បី​នាក់​ទៀត​បាន​លើក​បដា​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​វាយ​តម្លៃ​របស់​គណៈ​កម្មការ​នេះ។

ស្ត្រី​ទាំង​នោះ​បាន​ស្រែក​បន្ទរ​ថា៖ «​យើង​ខ្ញុំ​ចង់​បាន​ដំណោះ​ស្រាយ​ជា​ផ្ទះ​នៅ​ក្នុង​បុរី​កីឡា​មិន​មែន​នៅ​ភូមិ​អណ្ដូង​នោះ​ទេ» ។

ភ្លាមៗ​នោះ​ក្រុម​អ្នក​ដែល​បាន​ព្រម​ព្រៀង​ទទួល​យក​តាម​ការ​វាយ​តម្លៃ​ របស់​គណៈ​កម្មការ​ចម្រុះ​បាន​នាំ​គ្នា​ស្រែក​គំហក​និង​ច្រាន​ពួក​គាត់​ឲ្យ​ ត្រឡប់​ថយ​ទៅ​ក្រោយ​វិញ​ដើម្បី​ទុក​ឱកាស​ឲ្យ​ក្រុម​គណៈ​កម្មការ​ប្រកាស​ ផ្ដល់​កញ្ចប់​ថវិកា​ដល់​ពួក​គេ​ដែល​បាន​ផ្ដិត​មេ​ដៃ​ព្រម​ព្រៀង​ទទួល​យក​តាម ​ការ​វាយ​តម្លៃ​នោះ។

ប៉ុន្តែ​ក្រុម​ស្ត្រី​ទាំង​ ៥ ​នាក់ នៅ​តែ​ប្រកែក​តវ៉ា​និង​បាន​រុញ​ច្រាន​ត្រឡប់​មក​វិញ បង្ក​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ខ្លាំង​ឡើង។

ដោយ​បារម្ភ​ខ្លាច​កើត​ហិង្សា​ក្នុង​កម្មវិធី​នោះ លោក មាន ចាន់យ៉ាដា នាយក​រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈ​កម្មការ​ចម្រុះ​ដោះ​ស្រាយ​វិបត្តិ​លំនៅឋាន​ក្នុង​សហគមន៍​ បុរី​កីឡា​បាន​ប្រកាស​រំសាយ​កម្មវិធី​នោះ​ភ្លាម​និង​បាន​ប្រកាស​រៀបចំ​ជា​ ថ្មី​នៅ​ព្រឹក​នេះ​វិញ​ក្នុង​សាលា​ខណ្ឌ​ ៧ មករា។

លោក យ៉ាដា ថ្លែង​ថា៖ «យើង​មិន​អាច​ធ្វើ​កិច្ចការ​នេះ​បន្ត​បាន​ទេ បើ​មាន​ការ​អុក​ឡុក​បែប​នេះ ហើយ​វា​មិន​មែន​ជា​កំហុស​គណៈ​កម្មការ​ឡើយ។ ខ្ញុំ​សូម​លើក​ទៅ​ថ្ងៃ​ស្អែក ​[ថ្ងៃ​ពុធ​នេះ]​វិញ»។

នៅ​ក្នុង​ឱកាស​នោះ ក្រុម​អ្នក​យល់​ព្រម​មួយ​ចំនួន​ដែល​ខ្លះ​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​និង​ រោង​ចក្រ​អេឡិច​ត្រូនិក ជា​បុគ្គលិក​អនាម័យ​នៅ​ក្រុម​ហ៊ុន​ឯកជន​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្ដល់​ ដំណោះស្រាយ​ដល់​ពួក​គាត់​ឲ្យ​បាន​មុន​គេ​នៅ​ល្ងាច​ថ្ងៃ​អង្គារ ព្រោះ​ពួក​គាត់​បាន​សុំ​ច្បាប់​ក្រុម​ហ៊ុន​បាន​តែ​មួយ​ថ្ងៃ បើ​លើស​ពី​នេះ​ពួក​គាត់​នឹង​ត្រូវ​បាន​គេ​កាត់​លុយ​លើក​ទឹក​ចិត្ត​ប្រចាំ​ ឆ្នាំ និង​លុយ​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត។

អ្នក​ស្រី ប្រាក់ ស៊ីណាត អាយុ ៣៣​ឆ្នាំ​ដែល​បាន​ទៅ​បម្រើ​ការ​នៅ​រោង​ចក្រ​ Nissey Cambodia Co.Ltd ជា​រោង​ចក្រ​ផលិត​នាឡិកា​ដៃ​នៅ​ក្រុង​បាវិត​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ដាក់​ច្បាប់​តែ​មួយ​ថ្ងៃ​ដើម្បី​មក​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ ព្រោះ​ខ្ញុំ​បាន​យល់​ព្រម​ផ្ដិត​មេ​ដៃ​ទទួល​យក​តាម​ការ​វាយ​តម្លៃ​របស់​ គណៈកម្មការ​រួច​ហើយ​»។

អ្នក​ស្រី​បន្ត​ថា៖«យើង​ខ្ញុំ​ក៏​មាន​ការ​អាក់​អន់​ចិត្ត​ខ្លះ​ដែរ​ចំពោះ ​អ្នក​មិន​ទាន់​ព្រម​ព្រៀង​ហើយ​មក​អុកឡុក​បែប​នេះ ពួក​គាត់​ចង់​តវ៉ា​បន្ត​ទៀត​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​ពួក​ខ្ញុំ​មិន​ចង់​តវ៉ា​ទៀត​ទេ»។

ដូច​គ្នា​នេះ​ដែរ លោក សៀ ភារម្យ​ ប្រធាន​អង្គការ​សិទ្ធិ​លំនៅ​ឋាន​ដែល​ជា​សមាជិក​នៃ​គណៈ​កម្មការ​ចម្រុះ​ដោះ​ ស្រាយ​វិបត្តិ​លំនៅ​ឋាន​សហគមន៍​បុរី​កីឡា​បាន​សម្ដែង​ការ​ខក​ចិត្ត​ផង​ដែរ​ ចំពោះ​អ្នក​អុកឡុក​កម្មវិធី។

លោក​ថា៖ «យើង​យល់​ពី​អារម្មណ៍​ពួក​គាត់​ដែល​បារម្ភ​ថា​ការ​វាយ​តម្លៃ​គ្មាន​តម្លា​ ភាព​ប៉ុន្តែ​ពួក​គាត់​មិន​គួរ​មក​តវ៉ា​ប្រឆាំង​នឹង​អ្នក​ភូមិ​ដូច​គ្នា​ទេ»។

ទោះ​ជា​បែប​ណា​ក្ដី​ លោក យ៉ាដា បាន​ប្រកាស​ថា ក្នុង​ចំណោម​៥៦​គ្រួសារ​ដែល​បាន​ព្រម​ព្រៀង​ទទួល​យក​​ដំណោះ​ស្រាយ​តាម​ការ​ វាយ​តម្លៃ​ចំនួន​ ៤០ នាក់​នឹង​បាន​ថវិកា ​៣ ០០០ ​ដុល្លារ និង​ ១៦​ នាក់​ទទួល​បាន​ផ្ទះ​នៅ​សហគមន៍​អណ្ដូង​ឬ​លុយ​ ៥ ០០០ ​ដុល្លារ​​សម្រាប់​ចាកចេញ​ពី​បុរី​កីឡា។ ចំពោះ​គ្រួសារ​ដែល​នៅ​មិន​ទាន់​យល់​ព្រម​គណៈ​កម្មការ​នឹង​បន្ត​ដោះ​ស្រាយ​ ក្នុង​ជំហាន​បន្ត​បន្ទាប់​ទៀត​រហូត​បាន​គ្រប់​ៗ​គ្នា។

យោង​តាម​របាយ​ការណ៍​វាយ​តម្លៃ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​របស់​ គណៈកម្មការ​នេះ គ្រួសារ​ដែល​ត្រូវ​ទទួល​បាន​ផ្ទះ​ក្នុង​បុរី​កីឡា​មាន​ចំនួន​ ៣៥ ​គ្រួសារ​ហើយ ​៨៥ ​គ្រួសារ​ត្រូវ​បាន​ផ្ទះ​នៅ​សហគមន៍​ភូមិ​អណ្ដូង ឬ​ ថវិកា ​៥០០០ ​ដុល្លារ​និង​ ៣៤​ គ្រួសារ​ទៀត​ដែល​គ្មាន​ឯក​សារ​បញ្ជាក់​ច្បាស់​លាស់ ត្រូវ​បាន​លុយ ​៣ ០០០ ​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី​បុរី​កីឡា៕

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment