ក្រសួង​អប់រំ​កំពុង​ពិភាក្សា​គម្រោង​ប្រាក់​កម្ចី​សម្រាប់​ជួយ​និស្សិត​ក្រីក្រ

ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​និង​កីឡា​ កំពុង​ពិភាក្សា​គម្រោង​ប្រាក់​កម្ចី​សម្រាប់​អ្នក​សិក្សា​នៅ​កម្រិត​ឧត្តម​ សិក្សា​ជា​ផ្នែក​មួយ​ជួយ​ដល់​និស្សិត​ក្រីក្រ​ ដើម្បី​មាន​លទ្ធ​ភាព​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ។ ​តែ​យ៉ាង​ណា​ក៏​ដោយ​ក្រសួង​ពុំ​ទាន់​មាន​សេច​ក្តី​សម្រេច​នៅ​ឡើយ​ទេ។

លោក​ ហង់​ ជួន​ណា​រ៉ុន​ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ បាន​ថ្លែង​ថា​ ក្រសួង​មាន​គម្រោង​ប្រាក់​កម្ចី​សម្រាប់​អ្នក​សិក្សា​នៅ​កម្រិត​ឧត្តម​ សិក្សា​ តែ​មិន​ទាន់​មាន​សេចក្តី​សម្រេច​ណា​មួយ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ថា​៖«នេះ​ជា​គម្រោង​របស់​ក្រសួង​នៅ​ឡើយ​យើង​មិន​ទាន់​អាច​ ជម្រាប​ព័ត៌​មាន​លម្អិត​បាន​នៅ​ឡើយ​ទេ​ដោយ​សារ​ក្រសួង​ពុំ​ទាន់​មាន​សេច​ ក្តី​សម្រេច​ កំពុង​សិ្ថត​នៅ ក្នុង​ការ​សិក្សា​នៅ​ឡើយ»។

រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ​ដែល​ក្រសួង​អប់​រំ បាន​និង​កំពុង​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ ពិសេស​ការ​ប្រឡង​បាក់​ឌុប​នាំ​ឲ្យ​មាន​ការ​សា​ទរ​ពី​មជ្ឈដ្ឋាន​ទូទៅ​។ ​ខណៈ​នេះ​ក្រសួង​គ្រោង​នឹង​បោះ​ជំហាន​មួយ​ទៀត​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ការ​ សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​ដើម្បី​ធានា​ដល់​គុណ​ភាព​អប់​រំ​នៅ​កម្ពុជា​ ។

បច្ចុ​ប្បន្ន​មាន​និស្សិត​ជា​ច្រើន​មាន​លទ្ធ​ភាព​បន្ត​ការ​សិក្សា​នៅ​ ថ្នាក់​ឧត្តម​សិក្សា ប៉ុន្តែ​ ក៏​នៅ​មាន​មួយ​ចំនួន​ពុំ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ដោយ​ពួក​គេ​ខ្លះ​បាន​ បោះ​បង់​ការ​សិក្សា​ត្រឹម​ចប់​វិទ្យាល័យ រីឯ​និស្សិត​ក្រីក្រ​មួយ​ចំនួន​អាច​មាន​លទ្ធ​ភាព​សិក្សា​តាម​រយៈ​ការ​ផ្តល់​ អាហា​រូបករណ៍​មាន​សាលា​រដ្ឋ​និងឯក​ជន​ជា​ដើម។

និស្សិត​ចាន់​ កក្កដា​ ដែល​កំពុង​សិក្សា​បច្ចេក​ទេស​ព័ត៌​មាន​នៅ​សាកល​វិទ្យាល័យ​មួយ​បាន​និយាយ​ថា នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​និស្សិត​ក្រីក្រ​ដែល​ពុំ​មាន​លទ្ធ​ភាព​បង់​ថ្លៃ ​សិក្សា​និង​ការ​ចំណាយ​សម្រាប់​ថ្នាក់​ឧត្តម​សិក្សា។​

និស្សិត​រូប​នោះ​ថា៖ «មាន​និស្សិត​ក្រី​ក្រ​មួយ​ចំនួន​បោះ​បង់​ការ​សិក្សា​ថ្នាក់​ឧត្តម​ ព្រោះ​គ្មាន​លទ្ធ​ភាព​បង់​ថ្លៃ​ តែ​បើ​ក្រសួង​មាន​កម្ម​វិធី​ប្រាក់​កម្ចី​នេះ ​ខ្ញុំ​គិត​ថា ​មាន​និស្សិត​ជា​ច្រើន​នឹង​ទទួល​បាន​ប្រយោជន៍​មួយ​នេះ​ដើម្បី​ជួយ​ពួក​គេ​ បន្ត​ការ​សិក្សា​ងាយ​ស្រួល​រក​ការ​ងារ​ធ្វើ»។​

សិស្ស​ឈ្មោះ​ សុខ ​ភក្តី​ រៀន​ថ្នាក់​ទី​ ១២​ បាន​និយាយ​ថា ​សិស្ស​ក្រីក្រ​មួយ​ចំនួន​ដែល​មាន​លទ្ធភាព​អាច​បន្ត​ការ​សិក្សា​ថ្នាក់​ ឧត្តម​តាម​រយៈ​ទទួល​អាហា​រូបករណ៍​ពី​សាលា​រដ្ឋ​និង​ឯក​ជន​ខ្លះ។

សិស្ស​រូប​នោះ​បាន​និយាយ​ថា​៖ «សម្រាប់​សិស្ស​ក្រី​ក្រ​ខំ​រៀន​រំពឹង​បាន​អាហា​រូបករណ៍​ចុះ​បើ​គ្នា​មិន​ សូវ​ពូកែ​ តែ​ចង់​បន្ត​ការ​សិក្សា​ដូច​គេ​ឯង​នោះ​នឹង​ពិបាក ​អ៊ីចឹង​កម្ម​វិធី​ប្រាក់​កម្ចី​របស់​ក្រសួង​នឹង​ជួយ​ដោះ​ស្រាយ​ដល់​ និស្សិត»។

សព្វ​ថ្ងៃ​នេះ​ កម្ពុជា​ មាន​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ចំនួន​ ៤៣​ និង​ឯក​ជន​ចំនួន​ ៦៧​។ ​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​រង ​មាន​ចំនួន​ ១៥ ៦៣៥​ នាក់ និស្សិត​ថ្នាក់​បរិញ្ញា​បត្រ​មាន​ចំនួន ២២០ ០០០ ​នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ចំនួន​ ១៨ ០១០​ នាក់​ និង​ថ្នាក់​បណ្ឌិត​មាន​ចំនួន ​១ ១៨១​ នាក់៕

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment