ក្រុម​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា ​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ពី ៥ ទៅ ៥០ ម៉ែត្រ

ក្រុម​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា ​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ពី ៥ ទៅ ៥០ ម៉ែត្រ

ភ្នំពេញៈ បន្ទាប់ពី​​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​បង្គោល​​ព្រំដែន​នៅ​តាម​​​បណ្តាយ​ព្រំដែន​កម្ពុជា​ វៀតណាម​ដែល​មាន​ភាព​ចម្រូង​ចម្រាស​ជិត ១ ឆ្នាំ​រួច​មក​ក្រុម​អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៅ​រាជបណ្ឌិត្យ​សភា​ កម្ពុជា​បាន​រកឃើញ​ថា​វៀតណាម​បាន​បោះ​បង្គោល​​ព្រំដែន​ចូល​​មក​ក្នុង​ទឹកដី​ កម្ពុជា​ចន្លោះ​ពី ៥ ទៅ ៥០ ម៉ែត្រ​នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ក្នុង​ឆ្នាំ ១៩៨៥-១៩៨៧ ​។

ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​លោក សុខ ទូច ដែល​បាន​ចុះ​ដោយ​ផ្ទាល់​ធ្វើ​កិច្ចការ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា​ក្រោយពី​បាន​​ចុះ​​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជិត ១ ឆ្នាំ​ក្រុម​របស់​លោក​បាន​រកឃើញ​បង្គោល​បី​ប្រភេទ​ក្នុង​នោះ​ប្រភេទ​ទី ១ ជា​បង្គោល​សម័យ​បារាំង​ទី ២ សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ឆ្នាំ ១៩៨៥-១៩៨៧ និង​ទី ៣ ជា​ប្រភេទ​បង្គោល​ដែល​បាន​បោះ​នា​ពេល​បច្ចុប្បន្ន។

តែ​លោក​ថា​ បង្គោល​ទាំង​បី​ប្រភេទ​នោះ​ភាគច្រើន​នៅ​សម័យ​សាធារណរដ្ឋ​គឺ​វៀតណាម​បោះ​ បង្គោល​ចូល​ក្នុង​ទឹកដី​កម្ពុជា​ច្រើន​ជាង​គេ​ចំណែក​បង្គោល​សម័យ​បារាំង​ វៀតណាម​បាន​បោះ​បង្គោល​ចូល​ដី​ខ្មែរ​ខ្លះៗ។

លោក​បញ្ជាក់​ថា៖ «ឆ្នាំ ៨៥-៨៧ អត់​សុក្រឹត​ទេ​ភាគ​ច្រើន​បង្គោល​ចូល​ដី​ខ្មែរ​ខ្លះ ៥ ម៉ែត្រ​ខ្លះ ១០ ម៉ែត្រ​ខ្លះ​ទៅ​ច្រើន​ដល់ ២០ ទៅ ៥០ ម៉ែត្រ អ៊ីចឹង​ទេ​កាលសម័យ​ហ្នឹង​យើង​មិន​ចោទ​ថា​ម៉េច​ទេ​ព្រោះ​យើង​សិក្សា​ទៅ​សម័យ​ ហ្នឹង​អត់​ទាន់​មាន​របស់​ទំនើប​អត់​មាន GPS អត់​មាន​ថត​ពី​លើ​អាកាស​គ្រប់គ្រាន់»។

តែ​លោក​បញ្ជាក់​ថា​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​បច្ចុប្បន្ន​ពុំ​មាន​ បង្គោល​ព្រំដែន​បោះ​ចូល​ក្នុង​​ទឹកដី​ខ្មែរ​ទៀត​ទេ​គឺ​មាន​តែ​ខ្មែរ​បោះ​ បង្គោល​ខិត​ជិត​ចូល​ទៅ​ដី​វៀតណាម​គ្រាន់តែ​លោក​ពុំ​ទាន់​ដឹង​ថា​កម្ពុជា​ជា​ អ្នក​ចំណេញ ឬ​វៀតណាម​ជា​អ្នក​ចំណេញ​ទេ។

បើ​តាម​លោក សុខ ទូច ជិត​មួយ​ឆ្នាំ​មក​នេះ​លោក​បាន​ចុះ​ស្រាវជ្រាវ​ចំនួន ៤ ខេត្ត​មាន​រយៈ​ចម្ងាយ​ ៥០០ គីឡូម៉ែត្រ​ហើយ​បាន​រកឃើញ​ជាង ១ ពាន់​បង្គោល។

លោក​ថា​ នៅ​ចុង​ឆ្នាំ ២០១៦ នឹង​បញ្ចប់​ការ​ប្រមូល​ទិន្នន័យ​តាម​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម​ហើយ​ឆ្នាំ ២០១៧ នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​ផែនដី។

លោក​ថា៖ «សម័យ​ឥឡូវ​នេះ​ផែនទី​បោន​ខ្នាត ១/១០០.០០០​ បើ​ផែនទី ១០ សង់ទីម៉ែត្រ​ស្មើ​នឹង ១០ គីឡូម៉ែត្រ​លើ​ដែនដី​ហើយ​យើង​វាស់​មើល​ថា​វា​ចំ​ឬ​អត់​បើ​ចំ​ហើយ​យើង​ចប់​ ហើយ​យើង​អត់​ត្រូវ​មាន​អី​មក​ជជែក​ទៀត​ទេ​ព្រោះ​យើង​យក​បោន​ខ្នាត ១/១០០.០០០ ជា​គោល​ហើយ»។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ធ្លាប់​បាន​អះអាង​ជា​ បន្តបន្ទាប់​នា​ពេល​កន្លង​មក​ថា​ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ​ ១៩៧៩ ​មក​កម្ពុជា​ពុំ​ដែល​បាន​បាត់បង់​ទឹកដី​សូម្បី​តែ​មួយ​ចំអាម​ ឬ​មួយ​មិល្លីម៉ែត្រ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ឡើយ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ រិះគន់​ជាច្រើន​ដែល​​អះអាង​ថា​ការ​បោះ​បង្គោល​ព្រំដែន​បាន​ធ្វើ​ឲ្យ​កម្ពុជា ​បាត់បង់​ទឹកដី​ជាច្រើន​ទៅ​ខាង​វៀតណាម។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​សកម្ម​រឿង​ព្រំដែន​លោក អ៊ុំ សំអាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ក្រៅ​ប្រទេស​កាលពី​ម្សិលមិញ​ថា​អ្វី​ដែល​ ក្រុម​ស្រាវជ្រាវ​រាជបណ្ឌិត្យ​សភា​កម្ពុជា​រកឃើញ​ថា​វៀតណាម​បោះ​បង្គោល​ចូល​ ទឹកដី​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំ ពិត​ជា​ត្រឹមត្រូវ​តែ​មិន​មែន​ចូល​ត្រឹម​ចន្លោះ​ពី ៣ ទៅ ៥០ ម៉ែត្រ​នោះ​ទេ​គឺ​ច្រើន​ជាង​នេះ​ទៅ​ទៀត។

លោក​បញ្ជាក់​ថា៖ «គឺ​ច្រើន​ជាង​ហ្នឹង​មិនមែន​ប្រវែង​ហ្នឹង​ទេ​ព្រោះ​ប្រជាពលរដ្ឋ​បាត់បង់​ដី​ ច្រើន​ហិកតា​នៅ​ពេល​បោះបង្គោល​ថ្មី​ហ្នឹង»។

លោក​បាន​បន្ថែម​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចង់​បាត់បង់​ដី​ខ្មែរ​តាម​ព្រំដែន​ទេ​គឺ​ត្រូវ​ តែ​បោះ​បង្គោល​ទៅ​តាម​អនុសញ្ញា​កម្ពុជា​កូសាំងស៊ីន ​ឆ្នាំ ១៨៧៣ និង​តាម​បង្គោល​បារាំង​ចាស់​ចំនួន ១២៤ បង្គោល​ហើយ​ឈប់​ទទួល​ស្គាល់​បង្គោល​ក្នុង​ទសវត្សរ៍​ ៨០ ដែល​វៀតណាម​ជា​អ្នក​បោះ​បង្គោល​ឱ្យ​ខ្មែរ។

អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​លោកស្រី កុយ ពិសី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​នូវ​អ្វី​ដែល​លោក សុខ ទូច បាន​រកឃើញ​នោះ​ទេ​ដោយ​អះអាង​ថា​ជា​សមត្ថកិច្ច​របស់​ក្រុម​ស្រាវជ្រាវ​របស់​ គេ។

តែ​លោកស្រី​បញ្ជាក់​ថា​ដោយសារ​តែ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ជាមួយ​ វៀតណាម​ឆ្នាំ ១៩៨៥ មាន​ភាព​ខ្វះ​ចន្លោះ​ទើប​មាន​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥។ តែ​លោកស្រី​ថា​សន្ធិ​សញ្ញា​ទាំង​ពីរ​នេះ​នៅ​តែ​មាន​សុពលភាព​​​រហូត​មក​ដល់​ សព្វ​ថ្ងៃ​នៅ​ឡើយ​។

លោកស្រី​បញ្ជាក់​ថា៖ «អ៊ីចឹង​មាន​ន័យ​ថា​ឆ្នាំ ១៩៨៥ យើង​ធ្វើ​ហើយ​តែ​មាន​ការ​ខ្វះខាត​ផ្នែក​បច្ចេកទេស​មួយ​ចំនួន​អ៊ីចឹង​បាន​យើង ​ធ្វើ​បំពេញ​បន្ថែម (២០០៥) កែ​សម្រួល​ឡើង​វិញ​ណា​ល្អ​ហើយ​យើង​យក​ប៉ុន្តែ​មាន​ចំណុច​ខ្វះខាត​យើង​កែ​វា​ ឡើង​វិញ»។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ដែល​​ក៏​តែងតែ​ចុះ​ទៅ​ស្រាវជ្រាវ​ ពី​បញ្ហា​ព្រំដែន​ដែល​មាន​វិវាទ​ផង​ដែរ​លោក កែម ឡី យល់​ឃើញ​ស្រដៀង​គ្នា​ទៅ​នឹង​លោក អ៊ុំ សំអាន ដែរ​ដោយ​ថា​វៀតណាម​បាន​បោះ​បង្គោល​ចូល​ទឹកដី​ខ្មែរ​ច្រើន​ជាង​នេះ។

តែ​លោក​ថា​ ការ​ស្រាវជ្រាវ​នេះ​គួរតែ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ឯករាជ្យ​មួយ​ដើម្បី​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ចំពោះ​លទ្ធផល​ស្រាវជ្រាវ​នេះ។

លោក​ថ្លែង​ថា៖ «ទី​មួយ​យើង​មើល​វិធីសាស្ត្រ​នៃ​ការ​ស្រាវជ្រាវ​ទី ២ ក្រុម​ការងារ​ជា​អ្នក​ណា​គេ​ទី ៣ យើង​មើល​ថា​គាត់​បាន​ពិគ្រោះ​យោបល់​ជាមួយ​ណា​គេ​ហើយ​ឱ្យ​គេ​ដឹង​របាយការណ៍​ លម្អិត​មក​ទើប​យើង​អាច​ជឿ​បាន​ជា​ធម្មតា​យើង​មិន​អាច​ជឿ​ទៅ​លើ​ពាក្យ​មួយ​ ម៉ាត់​ពីរ​ម៉ាត់​អ៊ីចឹង​ទេ»៕

ថ្ងៃទី០១ខែកម្ភះឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment