ចន ឃើរី ជំរុញ​ឲ្យ​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​សេរីភាព​នយោបាយ​កាន់តែ​ល្អ​ប្រសើរ

ចន ឃើរី ជំរុញ​ឲ្យ​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​សេរីភាព​នយោបាយ​កាន់តែ​ល្អ​ប្រសើរ

ភ្នំពេញៈ លោក ចន ឃើរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាលពី​ម្សិលមិញ​បាន​​ជំរុញ​លោក ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​រដ្ឋមន្រ្តី​ការបរទេស​ ហោ ណាំហុង ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​​សេរីភាព​នយោបាយ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ក្នុង​​ ប្រទេស​កម្ពុជា​ក្នុង​​អំឡុង​​​​កិច្ចប្រជុំ​​នៅ​​​ភ្នំពេញ​ប៉ុន្តែ​លោក​បាន ​​កោត​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ «​ដ៏​អស្ចារ្យ» របស់​​កម្ពុជា​ចាប់​តាំងពី​ដំណើរ​​ទស្សនកិច្ច​លើក​​ដំបូង​​របស់​​លោក​ក្នុង​ ​នាម​​ជា​​សមាជិក​ព្រឹទ្ធសភា​នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៩០។

លោក ឃើរី បាន​​មក​ដល់​ប្រទេស​កម្ពុជា​នៅ​​យប់​​ថ្ងៃ​​ចន្ទ​​ និង​​ក៏​បាន​​ជួប​ជាមួយ​នឹង​​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ និង​តំណាង​​សង្គម​ស៊ីវិល​ផង​ដែរ​​ក្នុង​​អំឡុង​​ទស្សនកិច្ច​រយៈពេល​ខ្លី​ របស់​​លោក​កាលពី​ម្សិលមិញ​មុន​ពេល​លោក​ទៅ​ជួប​ពិភាក្សា​ថ្នាក់​ខ្ពស់​ជាមួយ​ ចិន​នៅ​ចិន​ថ្ងៃ​នេះ​។

ដោយ​ផ្តល់​សេចក្តី​​ប្រកាស​ព័ត៌មាន​នៅ​សណ្ឋាគារ​រ៉ាហ្វល​ក្រោយពី​ កិច្ចប្រជុំ​លោក ឃើរី បាន​​រៀបរាប់​​ពី​កិច្ចប្រជុំ​របស់​លោក​ជាមួយ​លោក ហ៊ុន សែន និង​​លោក ហោ ណាំហុង ថា​ជា​កិច្ចប្រជុំ «​ស្មោះ​ត្រង់ និង​ស្ថាបនា​»​។

បន្ទាប់ពី​​បាន​​សង្កត់​ធ្ងន់​លើ​ការ​ប្តេជ្ញា​​របស់​សហរដ្ឋ​អាមេរិក​ ចំពោះ​ការ​​ពង្រីក​​ទំនាក់​​ទំនង​ពាណិជ្ជកម្ម​ និង​​សេដ្ឋកិច្ច​ព្រម​ទាំង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​​នឹង​អំពើ​​ ភេរវកម្ម និង​ការ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​​របស់​​កម្ពុជា​លោក ឃើរី បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​ត្រូវ​មាន​សេរីភាព​នយោបាយ​ដែល​ការ​លើក​ឡើង​នេះ​ គឺ​ផ្ទុយ​នឹង​សេចក្តី​​ថ្លែងការណ៍​​របស់​លោក អ៊ាង សុផល្លែត អ្នក​នាំ​ពាក្យ​​លោក​នាយក​រដ្ឋមន្រ្តី​ដែល​ថា​បញ្ហា​សិទ្ធិ​មនុស្ស​មិន​ ស្ថិត​ក្នុង​​របៀបវារៈ​កាលពី​ម្សិលមិញ​ទេ​​។

លោក ឃើរី និយាយ​​ថា​៖ «ចាំបាច់​ណាស់​» ដែល​មិត្តភក្តិ​ត្រូវ​​និយាយ​​​គ្នា​អំពី​​ថា​តើ​អ្វី​ខ្លះ​​ដែល​​​ត្រូវ​​ លើក​កម្ពស់​សូម្បី​តែ​ «​បញ្ហា​រសើប​ដូចជា​សិទ្ធិ​មនុស្ស​»។

លោក​ ឃើរី បាន​ថ្លែង​​ថា​៖ «​​ក្នុង​កិច្ចពិភាក្សា​​របស់​​យើង​នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​​គូសបញ្ជាក់​ពី​ តួនាទី​សំខាន់​ដែល​​ប្រព័ន្ធ​​ប្រជាធិបតេយ្យ​ដើរតួ​ក្នុង​​ការ​​អភិវឌ្ឍ​​​ ប្រទេស​មួយ និង​ពី​ភាព​ស្រប​ច្បាប់​នៃ​ប្រព័ន្ធ​​នយោបាយ​របស់​​ខ្លួន​»​។

លោក​ថា៖ «​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ធានា​ថា​តំណាងរាស្រ្ត​ ជាប់​ឆ្នោត​ទាំងអស់​រួច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ដោយ​គ្មាន​ការ ​ភ័យខ្លាច​ចំពោះ​ការ​​វាយប្រហារ​ ឬ​ការ​ចាប់​ខ្លួន​។ នោះ​ជា​ការ​ទទួល​ខុស​ត្រូវ​ជា​មូលដ្ឋានគ្រឹះ​នៃ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ ដូច្នេះ​ខណៈ​ដែល​ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ និង​នៅ​ឆ្នាំ ២០១៨ ជា​ការ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ជជែក​គ្នា​ ខ្លាំង​តែ​ធ្វើ​ឡើង​ដោយ​សន្តិវិធី»។

ថ្ងៃទី២៧ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment