ចូល​ឆ្នាំ​ចិន​ថ្ងៃ​ទីពីរ​ឆ្នាំ​នេះ ឆេះ​ផ្ទះ​ម្តុំ​ច្បារ​អំពៅ ៩​ខ្នង

ចូល​ឆ្នាំ​ចិន​ថ្ងៃ​ទីពីរ​ឆ្នាំ​នេះ ឆេះ​ផ្ទះ​ម្តុំ​ច្បារ​អំពៅ ៩​ខ្នង

ភ្នំពេញៈ អគ្គីភ័យ​ទ្រង់ទ្រាយ​ធំ​​ជាលើក​ទីពីរ​នៅ​ក្នុង​រដូវកាល​ចូលឆ្នាំ​ប្រពៃណី ចិន-វៀតណាម ​ឆ្នាំនេះ​ បាន​កើត​ឡើង​កាល​ពីថ្ងៃ​ម្សិល​មិញ​មួយ​ទៀត នៅ​សហគមន៍​ក្រីក្រ​មួយ​ ក្នុង​ខណ្ឌច្បារ​អំពៅ​នៃ​រាជធានី​​ភ្នំពេញ ​ដោយ​បាន​លេប​ត្របាក់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​​អស់​ទាំង​ស្រុង​ចំនួន​ ៩ ខ្នង។

លោក អ៊ាង ស៊ីផាន អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​នេះ​បាន​កើត​ឡើង​នៅ​វេលាម៉ោង ១១ កន្លះ​ព្រឹក នៅ​សហគមន៍​និរោធ ដែល​មាន​ទីតាំង​នៅជិត​វត្ត​និរោធ។ ក្រុម​សមត្ថ​កិច្ច​ត្រូវ​ប្រើ​ប្រាស់​ម៉ាស៊ីន​ពន្លត់​អគ្គីភ័យ​រហូត​ដល់​ទៅ ៩ គ្រឿង​ទើប​អាច​ពន្លត់​អគ្គីភ័យ​នេះ​បាន។ ដោយសារ​ច្រកចូល​ទៅ​កាន់​ផ្ទះ​ដែល​កំពុង​ឆាប់ឆេះ​នោះ​មាន​សភាព​តូច​ចង្អៀត ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ត្រូវ​បាច់​ទឹក​ពន្លត់ភ្លើង​ពី​ទីតាំង​ វត្តនិរោធ។

លោក ស៊ីផាន ​បន្តថា​៖ «យើង​នៅ​តែ​ពុំ​ទាន់​ច្បាស់​ថានរណាដែលជាអ្នក​បង្ក​អគ្គីភ័យ​នេះ​ឡើង​ឲ្យ​ ប្រាកដ​ឡើយ​ ព្រោះ​ជនរងគ្រោះ​ចេះ​តែ​ចង្អុលដាក់គ្នា​ទៅវិញ​ទៅ​មក។ ក្រុម​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​កំណត់​ពី​មូល​ហេតុ​នៃ​ការ​ឆាប​ឆេះ​នេះ»។

លោក​ក៏​បាន​បន្ថែម​ដែរថា គ្រួសារ​ចំនួន ១១ គ្រួសារ​ដែល​មាន​សមាជិក​ចន្លោះពី ៣ ទៅ ១១ នាក់ បាន​រងគ្រោះ​ដោយ​សារ​តែអគ្គីភ័យ​នេះ ដែល​ពួកគាត់​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ។

លោកថា៖​«កង្វះ​សេចក្តី​ប្រុង​ប្រយ័ត្ន​ដូចជា ការ​ធ្វេង​ប្រហែស​ក្នង​ប្រើ​ភ្លើង​ចង្រ្កាន ឬ​ភ្លើង​ទៀន​ធូប​ជាដើម បាន​បង្ក​ជា​អគ្គីភ័យ​ជា​រឿយៗ​នៅ​ក្នុង​ខណ្ឌច្បាអំពៅ»។

នៅថ្ងៃ​ម្សិលមិញ​នេះ​ដែរ តៀម​លក់​ទឹក​ត្នោតជូរ និង​កង្កែប​បោកចំនួន​ពីរ ដែល​មាន​ប្រក​ស្បូវ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង​ក៏​ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេច​ខ្ទី​ផង​ ដែរ ដែល​ការ​ឆាប់ឆេះត្រូវ​បាន​បង្ក​ឡើង​ដោយ​ភ្លើងចង្ក្រាន។ ​ឡាន​ពន្លត់​អគ្គីភ័យ​ចំនួន​ពីរ​បាន​ចេញ​ពីស្ថានីយ៍​ដើម្បី​ពន្លត់​ភ្លើងនេះ ​ ក៏ប៉ុន្តែ​នៅពេល​ដែល​ឡាន​ទៅដល់ វាបាន​យឺត​ពេល​ទៅ​ហើយ។

កាលពី​យប់ថ្ងៃសៅរ៍សប្តាហ៍​មុន អគ្គីភ័យ​ដ៏​ធំ​មួយ ក៏​​បាន​កើត​មាន​ឡើង​នៅ​រាជធានី​ភ្នំពេញ ​នៅ​ភូមិ​ទួលរការ ដោយ​បាន​បំផ្លាញ​ផ្ទះ​ជាង ​១០០ ខ្នង របស់​ប្រជាជន​ប្រមាណ​មួយ​ពាន់​នាក់​ផងដែរ៕

ថ្ងៃទី១០ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment