​សម្បទាន​សេដ្ឋកិច្ច​ផ្តល់​ចំណូល​ឲ្យ​រដ្ឋាភិបាល​ ៥ លាន​ដុល្លារ​ឆ្នាំ​មុន

ដី​សម្បទាន​សេដ្ឋកិច្ច​ផ្តល់​ចំណូល​ឲ្យ​រដ្ឋាភិបាល​ ៥ លាន​ដុល្លារ​ឆ្នាំ​មុន

ភ្នំពេញៈ បណ្តា​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដែល​ជា​ស្នូល​នៃក្តី​ព្រួយ​បារម្ភ​ជុំវិញ​បញ្ហា​ជម្លោះ​ដីធ្លី​និង​សិទ្ធិ​ មនុស្ស​អស់​រយៈ​កាល​ជាង​ ២ ទសវត្សន៍​​មក​នេះ​ ផ្តល់​ចំណូល​ជិត ៥ លាន​ដុល្លារ​អាមេរិក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​មាន​មតិ​ជា​ច្រើន​​រិះ​គន់​ថា ផល​តប​ស្នង​ដ៏​តិច​តួច​នេះ គឺ​ជា​លទ្ធផល​នៃ​កង្វះ​សមត្ថភាព និង​អំពើ​ពុក​រលួយ។

តួលេខ​នេះ​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ ពិធី​ផ្ទេរ​មុខ​តំណែង​របស់​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន ដែល​បាន​ថ្លែង​ថា ដី​សម្បទាន​ជាង ១.៤ លាន​ហិកតា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង់​របស់់​ក្រសួង​​​បាន​រក​ចំណូល​ ជិត ៥ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៥ ពី​​ក្រុមហ៊ុន​ដី​សម្ប​ទាន​ចំនួន ១៧៣។ នេះ​បើ​យោង​​តាម​សារព័ត៌មានរដ្ឋ Akp។

ជាមួយ​នឹង​ដី​សម្បទា​នប្រមាណ​ជិត ២ លាន​ហិកតា ដែល​ត្រូវ​បាន​បែង​ចែក​ការ​គ្រប់​​គ្រង់​រវាង​ក្រសួង​កសិកម្ម និង ក្រសួង​បរិស្ថាន ក្រុមហ៊ុន​ដី​សម្ប​ទាន​ត្រូវ​​ចាប់​ផ្តើម​បង់​ប្រាក់​ថ្លៃ​ជួល​ដី​ប្រចាំ​ ឆ្នាំ​ទៅ​ដល់​រដ្ឋាភិបាល​​នៅ​ ៦ ឆ្នាំ​ បន្ទាប់​ពី​បាន​ទទួល​សិទ្ធិ​​សម្បទាន​ដី​ពី​រដ្ឋាភិបាល​ ដោយ​ថ្លៃ​ជួល​នោះ​ស្ថិត​នៅ​ចន្លោះ​ពី ៥ ទៅ ១០ ដុល្លារ​ក្នុង ១ ហិកតា អាស្រ័យ​ទៅ​លើ​ប្រភេទ​ដី​ដែល​ត្រូវ​បាន​ធ្វើ​សម្បទាន។

លោក ស៊ុន ឆៃ ​តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ប្រាក់​ដ៏ ​«ច្រអូស» ​ដូច​កាល​ពី​ឆ្នាំ​មុន​​ពុំ​អាច​​​ទទួល​យក​បាន​ទេ និង​​​បាន​លើក​ឡើង​នូវ​កង្វះ​ «ចេតនា​ពិតប្រាកដ»​ ក្នុង​ផ្នែក​នៃ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ដី​ដើម្បី​បង្កើន​ចំណូល​ចូល​ រដ្ឋ។

លោក​​ថា៖ «ពួក​គេ​កំពុង​តែ​ស្វែង​រក​ប្រាក់​ដាក់​ហោប៉ៅ​ខ្លួន​ឯង​ពី​ដី​សម្បទាន​ទាំង​នោះ»។

លោក ស៊ុន ឆៃ​ បន្ត​​ថា ការ​​គ្រប់​គ្រង់​​​ដី​សម្បទាន​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​ច្រើន​បែប​នេះ​ ចំណេញ​បាន​ត្រឹម​តែ​បង្កើត​ភាព​យល់​ច្រលំ​តែ​ប៉ុណ្ណោះ។

លោក​​ពន្យល់​ថា៖ «ដល់​ពេល​ប្រមូល ​[ថ្លៃ​ជួល​ដី] វា​នឹង​បង្កើត​ជា​ការ​យល់​ច្រលំ ព្រោះ​យើង​មិន​ដឹង​ថា ​ក្រសួង​ណា​មួយ​ដែល​ត្រូវ​ធ្វើ​វា​នោះ​ទេ បើ​ទោះ​បី​ជា ​[ការ​ប្រមូល​ថ្លៃ​ជួល] នេះ​គួរ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​ក្រសួង​ហិរញ្ញវត្ថុ​ក៏​ដោយ ​ »។

លោក សន ជ័យ ​នាយក​អង្គការ​បណ្តាញ​រួបរួម ដើម្បី​គណនេយ្យ​ភាព​សង្គម បាន​ទទួល​ស្គាល់​ថា កង្វះ​សមត្ថភាព​នៃ​ការប្រមូល​ថ្លៃ​ជួល​ដី ​គឺ​ជា​កត្តារួម​ចំណែក​ដែល​បណ្តាល​ឲ្យ ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​មាន​កម្រិត​ទាប ។ លោក​​បន្ត​​ថា ​ប្រាក់​ជួល​ដី «៥-៦ ដុល្លារ​ក្នុង​១ ហិកតា» ពិត​ជា ​«គួរ​ឲ្យ​អស់​សំណើច​ណាស់»។

លោក​​និយាយ​ថា៖​ «​ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​ទាក់​ទាញ​ការ​វិនិយោគ​ទាំង​ក្នុង​ ស្រុក​និង​បរទេស អត្រា​ពន្ធ​មាន​កម្រិត​ទាប​ពេក។ រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​យន្តការ​នេះ ​ដើម្បី​បង្កើន​ពន្ធ​ដែល​ទទួល​បាន​ពី​កម្មវិធី​សម្បទាន​ដី​ធ្លី»។

លោក សន ជ័យ​ បាន​អះអាង​ថា អ្នក​បង់​ពន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពុំ​បាន​មើល​ឃើញ​ពី​គុណ​ប្រយោជន៍​ជា ​ច្រើន​ដែល​កើត​ចេញ​ពី​គោល​នយោបាយ​សម្បទាន ហើយ​រដ្ឋាភិបាល​គួរ​តែ​ដាក់​សេចក្តី​ព្រម​ព្រៀង [ទៅ​លើ​សម្បទាន​ដី​ធ្លី] ជា​សាធារណៈ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ថា តើ​ពន្ធ​ត្រូវ​បាន​ប្រមូល​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ។

លោក ឡាត់ គី​ ​ប្រធាន​ផ្នែក​បញ្ហា​ដី​ធ្លី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ អាដហុក ​ក៏​បាន​គាំទ្រ​ដែរ​ចំពោះ​គំនិត​នេះ ដោយ​លោក​​​លើក​ឡើង​​ថា​ វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ប្រាក់​ចំណូល​ ទទួល​បាន​ពី​សម្បទាន​ដី​ធ្លី​ ដោយ​សារ​តែ​ការ​ពុំ​មាន​តម្លាភាព​ស្រប​ពេល​ដែល ​«រាល់​កិច្ច​សន្យា​ទាំង​អស់​ពុំ​ត្រូវ​បាន​ដាក់​សម្រាប់​សាធារណជន»​ បាន​ឃើញ​​ និង​ស្វែង​រក។

មន្រ្តី​នាំ​ពាក្យ​របស់​ក្រសួង​កសិកម្ម លោក អ៊ាង សុផល្លែត និង​មន្រ្តី​នាំពាក្យ​របស់​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​បដិសេធ​ពុំ​និយាយ​អ្វី​ទាំង​អស់​ពី​ប្រធានបទ​នេះ​ ដោយ​សារ​តែ​ពុំ​ទាន់​បាន​ឃើញ​របាយការណ៍​នោះ។

ភ្នំពេញ ប៉ុស្តិ៍ ក៏​ពុំ​អាច​ទាក់​ទង​លោក ឡ រស្មី ​អ្នក​នាំ​ពាក្យ​ម្នាក់​ទៀត​របស់​ក្រសួង​កសិកម្ម​ រុក្ខ​ប្រមាញ់​ និង​នេសាទ​​ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​បាន​ឡើយ៕

ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment