ទូរទស្សន៍​ព្រះអាទិត្យ​នឹង​ចាប់ផ្តើម​សង់​អង់តែន​ឆាប់ៗ

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​សម្រាប់​បង្កើត​ ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​រួច​ហើយ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ហើយ​គ្រោង​នឹង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​អង់តែន​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ បើក​ដំណើរការ​ផ្សាយ​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក តុក វ៉ានចាន់ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បន្ទុក​កិច្ចការ​ទូរទស្សន៍​ ព្រះអាទិត្យ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​មន្ទីរ​សុរិយោ​ដី​ខេត្ត​កណ្តាល​ បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​សម្រាប់​សាងសង់​ស្ថានីយ​ទូរទស្សន៍​គណបក្ស​ សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​សុក្រ​រួច​ហើយ ហើយ​ឥឡូវ​នេះ​គណបក្ស​កំពុង​រៀបចំ​សាងសង់​អង់តែន​ទូរទស្សន៍។

ប៉ុន្តែ​លោក វ៉ាន់ចាន់ មិន​បាន​ប្រាប់​ពី​ពេលវេលា​ជាក់លាក់​នៃ​ការ​ចាប់​ផ្តើម​សាងសង់​អង់តែន​ទេ​ ដោយ​លោក​និយាយ​ថា​គ្មាន​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរការ​សាងសង់​អង់តែន​ ទូរទស្សន៍ ឬ​ស្ថានីយ​ទូរទស្សន៍​ទេ​បើ​គ្មាន​បញ្ហា​នយោបាយ។ ជំហាន​បន្ទាប់​របស់​គណបក្ស​នឹង​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដើម្បី​ ចាប់​ផ្តើម​ការ​សាងសង់។

លោក វ៉ាន់ចាន់ បញ្ជាក់​ថា៖ «យើង​មាន​បញ្ជី​ឧបករណ៍ [សម្រាប់​ទូរទស្សន៍] រួច​ហើយ។ នៅ​ពេល​ដែល​យើង​មាន​ការ​អនុញ្ញាត​ឱ្យ​សាងសង់​អង់តែន​យើង​នឹង​បញ្ជា​ទិញ​ សម្ភារ​ភ្លាមៗ​ព្រោះ​យើង​បាន​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​រួច​ហើយ»។

នៅ​ពេល​សួរ​អំពី​ដំណើរការ​នៃ​ការ​ចាប់ផ្តើម​ផ្សាយ​របស់​ទូរទស្សន៍​ ព្រះអាទិត្យ​លោក វ៉ាន់ចាន់ បាន​ឱ្យ​ដឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ព្យាយាម​ថែម​ទៀត​ដើម្បី​ដំណើរការ​ ទូរទស្សន៍​ក្នុង​ឆ្នាំ​នេះ។

លោក​ថា ​គណបក្ស​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​ស្ថានីយ​ទូរទស្សន៍​លើ​ផ្ទៃ​ ដី ១០២៩ ម៉ែត្រការ៉េ​ដែល​ទិញ​ក្នុង​តម្លៃ ១០៧០០០ ដុល្លារ៕

 

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment