ពលរដ្ឋ​នៅ​ជនបទ​ ៥០% បាន​ទទួល​ការ​កែលម្អ​អនាម័យ

ពលរដ្ឋ​នៅ​ជនបទ​ ៥០% បាន​ទទួល​ការ​កែលម្អ​អនាម័យ

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​អង្គការ​ភ្លែន​អន្តរជាតិ​បាន​លើក​ឡើង​ថា​គិត​មក​ដល់​ឆ្នាំ​ ២០១៥​ មាន​ប្រជាពលរដ្ឋ​ជនបទ​ប្រមាណ ៥០% បាន​ទទួល​​ការ​កែលម្អ​អនាម័យ​ និង​​ប្រើប្រាស់​បង្គន់​បាន​​ត្រឹមត្រូវ​ដែល​អត្រា​នេះ​មាន​ភាព​​ល្អ​ប្រសើរ ​​ជាង​​បណ្តា​​ឆ្នាំ​កន្លង​មក​ប៉ុន្តែ​បើ​ធៀប​នឹង​ប្រទេស​​ជិត​ខាង​គឺ​នៅ​ មាន​កម្រិត​ទាប​នៅ​ឡើយ។

នៅក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​លទ្ធផល និង​យុទ្ធសាស្រ្ត​ដក​ចេញ​ពី​កម្មវិធី​លើក​កម្ពស់​អនាម័យ​ជនបទ​នៅ​ ភោជនីយដ្ឋាន​ទន្លេ​បាសាក់ ២ កាលពី​ថ្ងៃ​ម្សិលមិញ​លោក ទ្រី ម៉េង រដ្ឋលេខាធិការ​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ថ្លែង​ដោយ​យោង​តាម​ការ​ជំរឿន​ថា​ ការ​ប្រតិបត្តិ​អនាម័យ​ល្អ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ​មាន​ភាព​ប្រសើរ​ឡើង​ជា ​លំដាប់​ដែល​នៅ​ឆ្នាំ​ ២០១៣ ​មាន​អត្រា​ ២៣,២៤% ឆ្នាំ ២០១៤ កើន​ដល់​​៤៦,២% នៅ​ឆ្នាំ​​ ២០១៨ រំពឹង​ថា​នឹង​កើន​ដល់​ ៦០% ហើយ​គ្រោង​នឹង​សម្រេច​បាន ១០០% ​នៅ​ឆ្នាំ​ ២០២៥។

លោក​​បន្ត​ថា៖ «បើ​យើង​មើល​ពី​ការ​ប្រើប្រាស់​ទឹក​ស្អាត និង​អនាម័យ​យើង​ឃើញ​ថា​ទឹក​ហ្នឹង​ដើរ​លឿន​ជាង​អនាម័យ​ប៉ុន្តែ​ប៉ុន្មាន​ ឆ្នាំ​ចុងក្រោយ​នេះ​យើង​ឃើញ​អនាម័យ​ឡើង​ស្ទុះ​ខ្លាំង​មែនទែន»។

កាលពី​ឆ្នាំ​ ២០១១ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ទទួល​ជំនួយ​រយៈពេល ៥ ​ឆ្នាំ​ពី​មូលនិធិ​អនាម័យ​សកល​នូវ​ទឹកប្រាក់ ១២ លាន​ដុល្លារ​ដើម្បី​លើក​កម្ពស់​អនាម័យ​ជនបទ​ក្នុង​ខេត្ត​ចំនួន​ ៥ រួមមាន​ខេត្ត​តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ចាម និង​ស្វាយរៀង ហើយ​អង្គការ​ភ្លែន​អន្តរជាតិ​ជា​អ្នក​ដឹកនាំ​កម្មវិធី​នេះ​ជាមួយ​អង្គការ​ ដៃគូ​ផ្សេង​ទៀត។

កម្មវិធី​នេះ​គឺ​ជំរុញ​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​បង្គន់​ត្រឹមត្រូវ ​ការ​លាង​ដៃ​ជាមួយ​សាប៊ូ និង​បរិភោគ​ទឹក​​ស្អាត បង្កើត​និង​ពង្រឹង​សមត្ថភាព​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​លើក​កម្ពស់​ការ​ ប្រតិបត្តិ​អនាម័យ​ល្អ​ក្នុង​នោះ​បាន​ជួយ​ដល់​ប្រជាជន​ ២១៣,០២៧ ​​នាក់​ក្នុង​នោះ​កុមារ ១២៥,៤០៣ ​នាក់​ក្នុង ២៥៩ ភូមិ​បាន​ប្រកាស​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ទាំង​ស្រុង។

លោក យេន យេប ក្លែនរេនស៊ីងក៌ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​បាន​ថ្លែង​ថា​តាម​ការ​ ប្រកាស​របស់​ក្រសួង​ប្រជាពលរដ្ឋ​​ជនបទ​ប្រមាណ​ពាក់​កណ្តាល ឬ ៥០% បាន​ទទួល​​​ការ​កែលម្អ​អនាម័យ​ដែល​ជា​លទ្ធផល​ល្អ​​យ​ល្អ​ប្រសើរ​បើ​ធៀប​នឹង​ ឆ្នាំ​ ១៩៩០ ​ដែល​មាន​តែ ១១% ប៉ុន្តែ​តួលេខ​នេះ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​គឺ​កម្ពុជា​​ស្ថិត​នៅ​ក្រោម​ បន្ទាត់​នៃ​ការ​ប្រតិបត្តិ​អនាម័យ​ល្អ​បន្តិច។

​​លោក​បន្ត​ថា៖ ​«ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​គាត់​នៅ​បន្ទោបង់​ពាសវាល​ពាសកាល​នៅក្នុង​ព្រៃ ឬ​ទី​វាល​ផ្សេង​អ៊ីចឹង​ហើយ​នេះ​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​ព្យាយាម​ធ្វើ​ យ៉ាង​ណា​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ពួកគាត់​ឲ្យ​គាត់​ឃើញ​ពី​សារៈសំខាន់​នៃ​ ការ​បន្ទោបង់​ក្នុង​បន្ទប់​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​អ៊ីចឹង​កិច្ចការងារ​ អនាម័យ​គឺ​ជា​រឿង​សំខាន់​សម្រាប់​សុខភាព​របស់​​​ពលរដ្ឋ​ទូទៅ​ជាពិសេស​​កុមារ ​តូច (​អាយុ​ក្រោម ៥ ឆ្នាំ)»។

លោក​បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​លើក​កម្ពស់​សុខភាព​ អនាម័យ​ធ្វើ​យ៉ាង​ណា​​បំពេញ​ឲ្យ​បាន​នូវ​​គោលការណ៍​ ៦០% ​នៅ​ឆ្នាំ​​ ២០១៨ និង ១០០% ​នៅ​ឆ្នាំ​ ២០១៥ ​។

មន្ត្រី​សម្រប​សម្រួល​​ផ្នែក​សុខភាព​នៃ​អង្គការ​ CFED នៅ​ខេត្ត​ស្វាយរៀង​លោក ព្រាប សុទ្ធ បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​​មាន​ការ​យល់​ដឹង​ច្រើន​ ពី​សុខភាព​អនាម័យ​ក្រោយពី​មាន​កម្មវិធី​ផ្សព្វផ្សាយ​លើក​កម្ពស់​អនាម័យ​ជនបទ ​នេះ។

លោក​ថា៖ «កន្លង​មក​សហគមន៍​គាត់​អត់​ដឹង​ថា​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ហ្នឹង​វា​មាន ​បញ្ហា​លំបាក​ ឬ​ឆ្លង​មេរោគ​អី​យ៉ាង​ម៉េច​ទេ​ហើយ​ការ​លាង​ដៃ​ក៏​គាត់​មិន​​សូវ​បាន​ចាប់​ អារម្មណ៍​ដែរ​។ ពី​មុន​ពលរដ្ឋ​គាត់​គិត​តែ​រឿង​ផ្ទះ​សម្បែង​ផ្លូវ​ថ្នល់ និង​​លំនៅឋាន​ល្អៗ​អ៊ីចឹង​ទៅ​តែ​ឥឡូវ​​គាត់​គិត​ពី​សុខភាព​ច្រើន​អ៊ីចឹង​ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ធ្វើការ​សាងសង់​បង្គន់​នៅ​គ្រប់​ក្រុម​គ្រួសារ​ ទាំងអស់»៕

ថ្ងៃទី២៧ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment