ក្រសួង​ពិនិត្យ​នីតិវិធី​បិទ​ក្រុមហ៊ុន​រ៉ែ​ចិន​ល្មើស​ច្បាប់

រសួង​ពិនិត្យ​នីតិវិធី​បិទ​ក្រុមហ៊ុន​រ៉ែ​ចិន​ល្មើស​ច្បាប់

សៀមរាបៈ ក្រសួង​រ៉ែ និង​ថាមពល​កំពុង​ពិនិត្យ​នីតិវិធី​ច្បាប់​ដើម្បី​ឈាន​ទៅ​លុប​កិច្ចសន្យា​ បញ្ឈប់​ក្រុមហ៊ុន​រ៉ែ​ចិន​មួយ​ក្នុង​ស្រុក​ជីក្រែង​ខណៈ​ដែល​តុលាការ​បាន​ចេញ ​ដីកា​កោះ​ហៅ​ភាគី​ក្រុមហ៊ុន​នេះ​ទៅ​សួរ​នាំ​នៅ​សប្តាហ៍​នេះ​ពាក់ព័ន្ធ​នឹង​ ការ​ដឹក​ជញ្ជូន​រ៉ែ​ខុស​ច្បាប់​ប្រមាណ ៤០ តោន​ចេញ​ក្រៅ​ប្រទេស។

បន្ទាប់ពី​ត្រូវ​តុលាការ​ខេត្ត​សៀមរាប​ចុះ​បិទ​សកម្មភាព​ជីក​យក​រ៉ែ​ ទង់ដែង​លើ​ផ្ទៃ​ដី​ ៣៦០០ ហិកតា​កាលពី ២ សប្តាហ៍​មុន​នោះ​មក​ក្រុមហ៊ុន​ចិន​ឈ្មោះ ម៉េង ស៊ិនហុងហ្វា (Meng Xin Hong Fa(Cambodia) Re-sources Investment Co.,Ltd) កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បញ្ចប់​កិច្ចសន្យា​ជាមួយ​នឹង​ក្រសួង​រ៉ែ និង​ថាមពល​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​លួច​ធ្វើ​សកម្មភាព​ខុស​ច្បាប់​នៅ​អំឡុង​ ពេល​ដែល​អាជ្ញាប័ណ្ណ​ខ្លួន​អស់​សុពលភាព។ នេះ​បើ​តាម​លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល។

លោក​ សក្តិធារ៉ា ​បាន​ថ្លែង​ថា​សុពលភាព​ធ្វើ​អាជីវកម្ម​ក្រុមហ៊ុន​នេះ​បាន​អស់​ចាប់ពី​ខែ​ តុលា​ឆ្នាំ ២០១៤ មក​ម្ល៉េះ​ហើយ​ក្រសួង​បាន​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​បន្ត​ទេ​មុន ​ពេល​បាន​អាជ្ញាប័ណ្ណ​ថ្មី។

ទោះ​យ៉ាង​ណា​ ​ក្រុមហ៊ុន​មិន​បាន​គោរព​ច្បាប់​ទេ​ហើយ​បាន​លួច​ធ្វើ​សកម្មភាព​ជីក​យក​រ៉ែ​ ទង់ដែង​ជាង ៣០០ តោន និង​បាន​ចម្រាញ់​ទៅ​ជា​ម្សៅ​ទង់ដែង​បាន​ប្រមាណ​ជា ៤០ តោន​ដើម្បី​ដឹក​ទៅ​ភ្នំពេញ និង​ក្រៅ​ប្រទេស​ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ធំ​ទប់​ស្កាត់​ ទាន់​ពេល​កាលពី​ខែ​កញ្ញា​ឆ្នាំ ២០១៥ កន្លង​មក។

លោក​បន្ត​ថា​បច្ចុប្បន្ន​នេះ​ក្រសួង​បាន​និង​កំពុង​ចាត់​វិធានការ​តាម​ ផ្លូវ​តុលាការ​ដោយ​មន្ត្រី​ជំនាញ​កំពុង​តែ​ធ្វើការ​ពិនិត្យ​នីតិវិធី​ច្បាប់ និង​រៀបចំ​ឯកសារ​ដើម្បី​ឈាន​ទៅ​រក​ការ​លុបចោល​កិច្ចសន្យា​ជាមួយ​នឹង​ ក្រុមហ៊ុន​មួយ​នេះ​តែ​ម្តង។

លោក ម៉េង សក្តិធារ៉ា បាន​បញ្ជាក់​ថា៖ «យើង​កំពុង​ពិនិត្យ​មើល​នីតិវិធី​ច្បាប់​តើ​វា​គ្រប់គ្រាន់​ដើម្បី​លុប​ កិច្ចព្រមព្រៀង​ហ្នឹង​បាន​អត់​តែ​ជា​គោលដៅ​គឺ​លុប​កិច្ចព្រមព្រៀង​បញ្ចប់​ ក្រុមហ៊ុន​ហ្នឹង​តែ​ម្តង​ព្រោះ​ក្រុមហ៊ុន​ខិលខូច​លួច​ទ្រព្យ​សម្បត្តិ​ជាតិ​ ដល់​ថ្នាក់​នេះ​ហើយ​មិន​ទុក​ធ្វើ​អី​ទៀត​ទេ។ ភាគ​ច្រើន​លុប​ហើយ»។

មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ក្រុមហ៊ុន​នេះ​បាន​ ដាក់​ឯកសារ​ដើម្បី​សុំ​បន្ត​សុពលភាព​អាជ្ញាប័ណ្ណ​ដែរ​ប៉ុន្តែ​បន្ទាប់ពី​ ធ្វើការ​ពិនិត្យ​រួច​មក​ក្រសួង​រក​ឃើញ​ថា​ក្រុមហ៊ុន​មិន​ទាន់​បាន​អនុវត្ត​ ផែនការ និង​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​ក្រសួង​តម្រូវ​ឲ្យ​កែតម្រូវ និង​បំពេញ​បន្ថែម​នូវ​បទដ្ឋាន​បច្ចេកទេស​ចាំបាច់​ផ្សេង​ជា​មុន​សិន។

លោក​ពន្យល់​ថា ​ក្រុមហ៊ុន​មាន​គម្រោង​អាជីវកម្ម​ក្នុង​ទ្រង់ទ្រាយ​ធំ​ហេតុ​នោះ​ក្រសួង​ តម្រូវ​សិក្សា​វាយ​តម្លៃ​ផលប៉ះពាល់​បរិស្ថាន​សង្គម​ពេញ​លេញ​មួយ​គម្រោង​ ប្លង់​បច្ចេកទេស​អណ្តូង​រ៉ែ និង​រោងចក្រ​ចម្រាញ់​រ៉ែ​តាម​ស្តង់ដារ​បច្ចេកទេស និង​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​បរិមាណ​រ៉ែ​ដើម្បី​គ្រប់គ្រង​ឲ្យ​មាន​ តម្លាភាព​ចៀសវាង​លួច​ ឬ​បាត់បង់​ជាដើម។ ប៉ុន្តែ​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ​មក​នេះ​ក្រុមហ៊ុន​មិន​ទាន់​បាន​ធ្វើតាម​ការ​ណែនាំ​របស់​ក្រសួង​នោះ​ ទេ។

លោក​ថ្លែង​ថា៖ «ក្រសួង​ទុក​ពេល​ឲ្យ​បំពេញ​ការ​កង្វះ​ខាត​ទាំង​អស់​ហ្នឹង​ហើយ​ហាម​មិន​ឲ្យ​ ធ្វើ​អាជីវកម្ម​ទេ។ មាន​តែ​ការ​សិក្សា​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​បឋម​តែ​វា​មិន​គ្រប់គ្រាន់​ ដោយសារ​តែ​គម្រោង​អាជីវកម្ម​វា​មាន​ទ្រង់ទ្រាយ​ធំ​ហើយ​ផលប៉ះពាល់​វា​ច្រើន។ ក្រុមហ៊ុន​សុំ​ជំពាក់​តែ​ក្រសួង​មិន​ព្រម»។

ក្រុមហ៊ុន​ចិន​មួយ​នេះ​ក៏​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ខេត្ត​កំពង់ធំ​ ដោយសារ​តែ​ដឹក​ជញ្ជូន​រ៉ែ​ទង់ដែង​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ និង​ការ​ធ្វើ​អាជីវកម្ម​ដោយ​អត់​អាជ្ញាប័ណ្ណ។

លោក ឃន សុកល ចៅក្រម និង​ជា​ប្រធាន​តុលាការ​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​ថា​រ៉ែ​ទង់ដែង​នោះ​ត្រូវ​ បាន​ដកហូត​ធ្វើ​ជា​វត្ថុតាង​ហើយ​លោក​បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​អ្នក​ ពាក់ព័ន្ធ​ចូល​បំភ្លឺ​នៅ​ក្នុង​សប្តាហ៍​នេះ​ហើយ។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទាក់ទង​ទៅ​ក្រុមហ៊ុន​ចិន ម៉េងស៊ីនហុងហ្វា ប៉ុន្តែ​បុគ្គលិក​ជា​ជនជាតិ​ចិន​ម្នាក់​បាន​បដិសេធ​អត្ថាធិប្បាយ​កាលពី​ ម្សិលមិញ។

កាលពី​ឆ្នាំ ២០១៥ កន្លង​មក​ក្រុមហ៊ុន​រ៉ែ​លោហៈ​ចំនួន ២៤ ត្រូវ​បាន​ក្រសួង​រ៉ែ និង​ថាមពល​លុប​បញ្ឈប់​សកម្មភាព​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ ចំនួន ១១០ កំពុង​មាន​អាជ្ញា​ប័ណ្ណ​មាន​សុពលភាព​ធ្វើ​អាជីវកម្ម​លើ​រ៉ែ​លោហៈ​នៅ​ កម្ពុជា៕

ថ្ងៃទី២៧ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment