លោក គង់ វិមាន ប្រាប់ឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយ​សមត្ថកិច្ច ទប់ស្កាត់​បទល្មើស និងខិត​ខំរកស៊ី កុំជឿការ​ឃោសនា​បោកប្រាស់​នានា

លោក គង់ វិមាន ប្រាប់ឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយ​សមត្ថកិច្ច ទប់ស្កាត់​បទល្មើស និងខិត​ខំរកស៊ី កុំជឿការ​ឃោសនា​បោកប្រាស់​នានា

(កំពង់ធំ)៖ អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានប្រាប់ទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនសកម្មភាព ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីទប់ស្កាត់ បញ្ហាបទល្មើស នានាដែលអាចកើតមានឡើង។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ លោក គង់ វិមាន បានដឹកនាំក្រុមការងារ ជួបប្រជុំដោះស្រាយបញ្ហាប្រឈមទាំងឡាយជូនប្រជាពលរដ្ឋនៅឃុំទ្រា ស្រុកស្ទោង។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ក្រុមការងារបាន លើកឡើងនូវបញ្ហាប្រឈមនានាដើម្បីឲ្យថ្នាក់ដឹកនាំយកទៅដោះស្រាយដោយមិនទុកឲ្យបញ្ហាទាំងនេះ ក្លាយជាជំងឺមហារីកនោះឡើយ។ លោក គង់ វិមាន បានប្រាប់ទៅបងប្អូនត្រូវពិនិត្យពិចារណា ថ្លឹងថ្លែងឲ្យបានច្បាស់លាស់ កុំចេះតែជឿពាក្យញុះញង់ មូលបង្កាច់របស់ជនអគតិមួយចំនួន ត្រូវគិតពីសន្តិសុខ សុវត្ថិភាព គិតតែពីមុខរបរប្រចាំ​អាយុជីវិត​ហើយ​ខិតរក្សាឲ្យ ភូមិ-ឃុំ មានសុវត្ថិភាពកុំឲ្យមានចោរលួច ឆក់ ប្លន់ គ្រឿងញៀន ពោលត្រូវយកចិត្តទុកដាក់ជួយទុក្ខធុរៈគ្នានៅតាម ឃុំភូមិ ហើយត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ លោកក៏បានដាក់ផែនការឲ្យក្រុមការងារ ត្រូវពិនិត្យលើរចនាសម្ព័ន្ធរបស់ឃុំ ពិនិត្យលើបច្ចុប្បន្នភាពភូមិ ពិនិត្យលើរបាយការណ៌ លើបញ្ហាប្រឈម និងកង្វះខាត ដើម្បីរកដំណោះស្រាយ ផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋឲ្យ ទៅធ្វើអត្តសញ្ញាប័ណ្ណចាប់ពីអាយុ១៥ឆ្នាំ ឡើងទៅព្រមទាំង ជំរុញឲ្យក្រុមការងារផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស ជំរុញពង្រីកបណ្តាញអគ្គិសនីតាមមូលដ្ឋាន ការដោះស្រាយមិនឲ្យធ្វើប័ណ្ណបើកបរ លើមធ្យោបាយកំលាំងម៉ូតូ១២៥ ចុះក្រាម និងបានបញ្ចុះតម្លៃអគ្គិសនីចាប់ពីខែមេសាឆ្នាំ២០១៦ នៅត្រឹម៦១០រៀល ចំពោះអ្នកប្រើប្រាស់ក្រោម៥០Kw និងតម្លៃ៨០០រៀល​ចំពោះអ្នកប្រើលើស​ពី៥០Kwឡើងទៅ។

ជាចុងបញ្ចប់លោកអភិបាលរងខេត្តបានផ្តាំផ្ញើដល់ក្រុមការងារ ឲ្យធ្វើអំពើល្អ ជាគំរូល្អ ដល់ប្រជាពលរដ្ឋដើម្បីឲ្យ ប្រជាពលរដ្ឋជឿទុកចិត្ត ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ​Fresh News


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment