លោក ចន ឃើរី នឹង​មក​កាន់​កម្ពុជា​នៅ​ចុង​ខែ​នេះ

ភ្នំពេញៈ ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​សុក្រ​ថា​លោក​ ចន ឃើរី រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ថ្ងៃ​ទី ២៥‑២៦ ខែ​មករា​ដើម្បី «ពង្រឹង​» ទំនាក់ទំនង​ទ្វេភាគី​​ផ្នែក​​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង​។

លោក ឃើរី នឹង​ជួប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​និង​លោក ហោ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី​ដើម្បី​​ពិភាក្សា​​ពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​​កិច្ចប្រជុំ​​កំពូល​នា​ពេល​ខាង​មុខ​ក្នុង​រដ្ឋ California នៅ​​ខែ​​កុម្ភៈ​ដែល​​ប្រមុខរដ្ឋ​អាស៊ាន​​ទាំង​ដប់​នឹង​​ចូលរួម​។

លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​​​ក្រសួង​​ការបរទេស​​ថា​កម្ពុជា​សង្ឃឹម​នឹង​​ប្រើ​ឱកាស​នេះ​ ដើម្បី​ «បើក​» ទីផ្សារ​អាមេរិក​បន្ថែម​​សម្រាប់​ទំនិញ​នាំ​ចេញ​កម្ពុជា​។

ទោះ​យ៉ាងណា​លោក Carlyle Thayer អ្នក​ជំនាញ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ឱ្យ​ដឹង​ថា​មន្ត្រី​កម្ពុជា​នឹង​ជួប​ ការ​លំបាក​ក្នុង​ការ​បញ្ចុះ​បញ្ចូល​អាមេរិក​ឲ្យ​​បន្ធូរ​បន្ថយ​ខណៈ​ដែល​ វប្បធម៌​សន្ទនា​បាន​ផុត​រលត់ និង​​មេដឹកនាំ​គណបក្ស​ប្រឆាំង​​កំពុង​និរទេស​ខ្លួនឯង។

លោក​បន្ត​ថា​៖ «​​ការ​សុំ​សម្បទាន​ឥឡូវ​នេះ​ដោយ​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​គឺជា​ស្ពាន​ឆ្ងាយ​មួយ​»។

លោកស្រី ចន្ធី អ្នក​វិភាគ​សេដ្ឋកិច្ច​ក្នុង​បទសម្ភាស​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​អាមេរិក​​ ទំនង​​មិន​ផ្តល់​កិច្ចព្រមព្រៀង​ល្អ​ដល់​កម្ពុជា​ទេ​បើ​អាមេរិក​ចាត់​ទុក​ថា ​ស្ថានការណ៍​នយោបាយ​ពុំ​ត្រូវ​បាន​ដោះស្រាយ​។

លោក មុត ចន្ថា នាយ​ខុទ្ទកាល័យ​របស់​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​គាត់​ ពុំ​ទទួល​​បាន​ការ​ជូន​ដំណឹង​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​អំពី​ថា​តើ​លោក​ ឃើរី ​ចង់​​ជួប​ជាមួយ​គណបក្ស​ប្រឆាំង​​ឬ​យ៉ាង​ណា​ទេ​។ គាត់​បាន​លើក​ឡើង​ថា៖ «​ឱកាស​ជួប​ប្រជុំ​នឹង​មាន​តម្លៃ​»៕

18 January 2016

From: Postkhmer


Leave a Comment